បារាំងបានផ្តល់កញ្ចប់ជំនួយជាង ២០០លានដុល្លារ និងការចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC ទៅលើគម្រោងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់ថ្មីនៅខេត្តកោះកុង តម្លៃប៉ាន់ស្មានចន្លោះពី ៧០០-៩០០លានដុល្លារ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការ របស់ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ថ្មីបន្ថែមដ៏ធំ សម្រាប់វិស័យថាមពលនាថ្ងៃអនាគត ហើយក៏ជាសមិទ្ធផលដែលបានមកពីភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ គម្រោងនេះក៏ឆ្លើយតបយ៉ាងពេញទំហឹងទៅនឹងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូននាពេលអនាគតផងដែរ។
គួរជម្រាបថា កញ្ចប់ជាង ២០០លានដុល្លារ និងការបើកផ្លូវឱ្យមានការសិក្សាគម្រោងវិនិយោគដ៏មានសក្តានុពលនេះ គឺជាផ្លែផ្កាការទូតសេដ្ឋកិច្ចដ៏ត្រចះត្រចង់ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឱ្យទៅជាឱកាសមាសសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕


