ធនាគាកណ្តាលអាមេរិក (Fed) នៅថ្ងៃទី៣០ ខែតុលា បានសម្រេចចិត្តទម្លាក់អត្រាការប្រាក់ ០.២៥% មកនៅត្រឹម ៣,៧៥-៤% ស្របពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងស្ថិតក្រោមសម្ពាធពីទីផ្សារការងារ និងសញ្ញាចុះខ្សោយនៃសកម្មភាពផលិតកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចំពោះទិសដៅមាស តាមការវិភាគរបស់ Cyrus Moulton និងក្រុមអ្នកវិភាគផ្សេងៗ បានបង្ហាញថា មាសតែងឡើងតម្លៃ គ្រប់ពេលដែលធនាគាកណ្តាលអាមេរិក (Fed) កាត់អត្រាការប្រាក់ ព្រោះការកាត់នេះធ្វើឲ្យដុល្លារចុះខ្សោយ និងអត្រាផលចំណេញពីប័ណ្ណបំណុលធ្លាក់ចុះ។ ដូច្នេះវិនិយោគិនចាប់ផ្តើមបោះបង់ទ្រព្យសកម្មហានិភ័យដូចជា ហ៊ុន និងអចលនទ្រព្យ ហើយចូលទៅវិនិយោគក្នុងទ្រព្យសុវត្ថិភាពវិញដូចជា មាស និងប្រាក់ជាដើម។
ក្នុងនោះលោក Frank Holmes នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាមាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧២២៨ដុល្លារក្នុងមួយតម្លឹង) ឬស្មើ៧២២ក្នុងមួយជី នៅត្រឹមចុងអាណត្តិរបស់លោកត្រាំងនិងក្នុងអាណត្តិនេះ»។ ត្រង់នេះលោកក៏បានបង្ហើបផងដែរថា ប្រសិនបត្រាំដាក់ពន្ធ ២៥% នោះប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ចុះ ២៥% ដែលរុញតម្លៃមាសឲ្យហក់ឡើងខ្ពស់។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែតុលានេះ តម្លៃហាងឆេងមាសអន្តរជាតិ ១គីឡូ មានតម្លៃ ១២៩,៤៣៤ដុល្លារ, មួយតម្លឹងមានតម្លៃ ៤,៨៥៦ដុល្លារ, មួយអោនមានតម្លៃ ៤,០៣០ដុល្លារ និងមួយជីមានតម្លៃ ៤៨៥ដុល្លារ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



