តម្លៃហាងឆេងមាសសកលបានហក់ឡើងជាបន្តបន្ទាប់ ខណៈត្រឹម៧ថ្ងៃចុងក្រោយនេះវាបានប្រែប្រួលដល់ទៅជាង ៤០០ដុល្លារក្នុងមួយតម្លឹង។ នេះបើយោងតាមរបាយការណ៍ពី GOLDPRICE ដែលជាគេហទំព័រតាមដានតម្លៃទីផ្សារមាសធំបំផុតប្រចាំពិភពលោក។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មាសមានតម្លៃខ្ទង់៣,៩៩០ដុល្លារក្នុងមួយអោន (ប្រមាណ ៤,៨០៧ដុល្លារក្នុងមួយតម្លឹង ឬស្មើនឹងប្រមាណ ៤៨១ដុល្លារក្នុងមួយជី)។ ដោយឡែកបើគិតត្រឹម ម៉ោង ១០ព្រឹក នៃថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ហាងឆេងមាសគឺ ៤,៣៥៥ដុល្លារក្នុងមួយអោន(ស្មើនឹងប្រមាណ ៥,២៤៧ដុល្លារក្នុងមួយតម្លឹង ឬមួយជីតម្លៃប្រហែល ៥២៥ដុល្លារ)។
តាមរយៈតួលេខខាងលើនេះបានបង្ហាញឱ្យឃើញថាត្រឹមរយៈពេល៧ថ្ងៃ តម្លៃមាសបានកើនឡើងរហូតដល់ទៅប្រមាណ ៤៤០ដុល្លារ ក្នុងមួយតម្លឹង។ ខណៈកំណើនដ៏គួរឱ្យកត់សម្គាល់នេះវាដូចទៅនឹងការសន្និដ្ឋានរបស់ នាយកប្រតិបត្តិនៃធនាគារ JPMorganលោក Jamie Dimon។
លោក Jamie Dimon បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍ Fortune យ៉ាងដូច្នេះថា «តម្លៃមាសអាចនឹងឡើងដល់ ៥,០០០ដុល្លារ ឬ ១០,០០០ដុល្លារ ក្នុងមួយអោនយ៉ាងងាយស្រួលនៅក្នុងបរិយាកាសទីផ្សារប្រែប្រួលបែបនេះ។ហើយនេះគឺជាពេលវេលាដ៏សមហេតុផលមួយដែលអ្នកគួរតែមានកាន់កាប់មាសមួយចំនួននៅក្នុងផលប័ត្ររបស់អ្នក»។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ investing live៕
តម្លៃមាសគិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥

តម្លៃមាសថ្ងៃទី ១០

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook