មាស ហក់ឡើងខ្លាំង វ៉ាដាច់ប្រាក់ដុល្លារអាមេរិក ជាទ្រព្យសកម្មបម្រុងធំបំផុតរបស់ពិភពលោក ព្រោះហេតុផលសំខាន់ៗទាំងនេះ
Pov SaruFEBRUARY 24 2026417 views

កន្លងមក មាស ត្រូវបានគេចាត់ទុកថាគឺជាទ្រព្យសុវត្ថិភាពមួយ ប៉ុន្តែពេលនេះយោងតាមរបាយការណ៍របស់ Phemex មាស កាន់តែមានតម្លៃខ្លាំងដោយបានវ៉ាដាច់ប្រាក់ដុល្លារអាមេរិក លែងគ្រាន់តែជាទ្រព្យសុវត្ថិភាពទៀតហើយ តែវាត្រូវបានគេចាត់ទុកជាទ្រព្យសកម្មបម្រុងធំជាងគេបំផុតរបស់ពិភពលោក។ ហើយកត្តាចម្បងដែលធ្វើឱ្យ មាស វ៉ាដាច់ប្រាក់ដុល្លារបែបនេះក៏ដោយសារតែ៖ 

 


១. មានសុវត្ថិភាពខ្ពស់៖ ក្នុងពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ មាសដើរតួជាកន្លែងរក្សាតម្លៃដែលគួរឱ្យទុកចិត្តបំផុត។ 
២. លែងមានហានិភ័យផ្នែកបំណុល៖ វាខុសពីលុយ ឬមូលបត្រដោយ មាស ជាទ្រព្យសកម្មរូបវន្តដែលគ្មានអ្នកធានា និងមិនអាចខ្ចី ឬជំពាក់បានឡើយ។ ម្យ៉ាងតម្លៃមាសហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដោយសារតម្រូវការបម្រុងរបស់ធនាគារកណ្តាលក្នុងប្រទេសនានា។
៣. ជារបាំងទប់ទល់អតិផរណា៖ មាស ត្រូវបានគេប្រើសម្រាប់ការពារតម្លៃទ្រព្យសកម្មមិនឱ្យធ្លាក់ចុះនៅពេលលុយបាត់បង់តម្លៃ។ ទោះបីជា តម្លៃមាសមានការប្រែប្រួលខ្លាំង នៅពេលខ្លះក៏ដោយ ក៏វានៅតែជាទ្រព្យសកម្មចម្បងដែលពិភពលោកជឿជាក់បំផុត។

 

ដោយឡែកផ្នែកតាម Economic times ដោយសារតែ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងផ្នែកនយោបាយ ដែលធ្វើឱ្យអ្នកវិនិយោគស្វែងរកទ្រព្យដែលមានស្ថេរភាព។ ហើយ មាស មានលក្ខណៈឯករាជ្យ ដូច្នេះវាត្រូវបានគេមើលថាជារបាំងការពារហានិភ័យនៅពេលទីផ្សារមានការរអាក់រអួល។ បន្ថែមពីនេះ ធនាគារកណ្តាលជាច្រើននៅទូទាំងពិភពលោកកំពុងបង្កើនទុនបម្រុងមាស ដើម្បីបន្ថែមសុវត្ថិភាពដល់សេដ្ឋកិច្ចរបស់ខ្លួន។ ការកើនឡើងនៃការទិញមាសពីប្រទេសធំៗ បានជួយជំរុញតម្លៃមាសឱ្យឡើងខ្ពស់ជាបន្តបន្ទាប់។ 

 

គួរបញ្ជាក់ថា តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងអំឡុងឆ្នាំ ២០២៥ និងបន្តរក្សាកម្រិតខ្ពស់ចូលមកដល់ឆ្នាំ ២០២៦ នេះ។ អ្នកវិភាគអន្តរជាតិបានលើកឡើងថា មានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជាខាងផ្នែកនយោបាយពិភពលោក គោលនយោបាយរូបិយវត្ថុ និងការផ្លាស់ប្តូរទិសដៅវិនិយោគរបស់ធនាគារកណ្ដាលប្រទេសនានា។ ហើយប្រសិនបើភាពតានតឹងខាងនយោបាយ និងហានិភ័យសេដ្ឋកិច្ចនៅតែបន្ត អ្នកវិភាគព្យាករណ៍ថា តម្លៃមាសអាចនៅតែរក្សាកម្រិតខ្ពស់ខ្លាំងក្នុងឆ្នាំ ២០២៦ និងបន្តជាទ្រព្យសុវត្ថិភាពសំខាន់សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia