តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាថ្មីមួយទៀត ដោយឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ ៤,៤៦៧ ក្នុងមួយអោន។ យោងតាម The Times of India កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ការហក់ឡើងយ៉ាងគំហុកនេះត្រូវបានគេមើលឃើញថា កើតឡើងដោយសារកត្តាធំៗចំនួន ២ ដែលកំពុងអង្រួនទីផ្សារសកល៖
១/. ភាពតានតឹងរវាងអាមេរិក និងវេណេស៊ុយអេឡា លើបញ្ហាប្រេង៖ មូលហេតុចម្បងដែលរុញច្រានតម្លៃមាសឱ្យឡើងខ្លាំងភ្លាមៗ គឺភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាង សហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងទណ្ឌកម្មលើវិស័យប្រេង។ នៅពេលដែលមានជម្លោះ ឬការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលពិភពលោក វាតែងតែបង្កើតឱ្យមានក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ច។ អ្នកវិនិយោគបានសម្រុកដកទុនពីទ្រព្យសម្បត្តិដែលមានហានិភ័យ ហើយងាកមកទិញមាសទុក ដែលធ្វើឱ្យតម្លៃមាសហក់ឡើងយ៉ាងលឿនបំផុត។
២/. ក្តីបារម្ភលើអតិផរណា និងស្ថិរភាពរូបិយប័ណ្ណ៖ រឿងធំទីពីរដែលជំរុញឱ្យមាសបន្តបំបែកកំណត់ត្រា គឺការបន្តកើនឡើងនៃអតិផរណា និងភាពមិនច្បាស់លាស់នៃតម្លៃប្រាក់ដុល្លារ។ នៅពេលដែលតម្លៃប្រេងឡើងថ្លៃ (ដោយសារជម្លោះខាងលើ) វានឹងរុញច្រានឱ្យតម្លៃទំនិញផ្សេងៗឡើងថ្លៃតាម (អតិផរណា)។
មាសត្រូវបានគេចាត់ទុកថាជា "ខែលការពារអតិផរណា" ដ៏មានប្រសិទ្ធភាពបំផុត។ នៅពេលដែលលុយក្រដាសធ្លាក់ចុះតម្លៃ មាសកាន់តែមានតម្លៃខ្លាំងឡើង ដែលជាហេតុធ្វើឱ្យធនាគារកណ្តាល និងវិនិយោគិនធំៗសម្រុកទិញមាសទុកដើម្បីរក្សាតម្លៃទ្រព្យសម្បត្តិរបស់ពួកគេ។
គួរជម្រាបផងដែរថា អ្នកជំនាញជាច្រើនបានព្យាករណ៍ថាតម្លៃមាសនឹងបន្តកើនឡើងនៅឆ្នាំ ២០២៦។ជាក់ស្តែង លោក Joseph Cavatoni អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោក បានមានប្រសាសន៍ថា៖ «សម្រាប់ពេលនេះ ការព្យាករទីផ្សារកំណត់តម្លៃមាសអាចស្ថិតនៅចន្លោះពី ៤,០០០ដុល្លារ ទៅ ៥,៣០០ដុល្លារ ក្នុងមួយអោននៅឆ្នាំក្រោយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


