ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ចុងឆ្នាំនេះ តម្លៃរបស់មាសបានឡើងចុះៗ ឥតឈប់ឈរប្រណាំងជាមួយនឹងស្ថានភាពសេដ្ឋកិច្ច។ លុះមកដល់ថ្ងៃទី១ ខែធ្នូ ដែលជាថ្ងៃដំបូងនៃខែចុងក្រោយរបស់ឆ្នាំ២០២២ នេះតម្លៃរបស់មាសកាន់តែរង្គើខ្លាំងឡើងថែមទៀត។
បើតាមទិន្នន័យពីគេហទំព័រ Gold Price បានបង្ហាញឱ្យឃើញថា ថ្ងៃនេះមាសមានតម្លៃ ១,៧៧៧ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,១៤០ដុល្លារ)។ តួលេខនេះបានបញ្ជាក់តម្លៃរបស់មាស មានសន្ទុះកើនឡើងគួរសម។
ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែតុលា មាសមានតម្លៃត្រឹមតែ ១,៦៤៣ដុល្លារក្នុងមួយអោន (មួយតម្លឹង ១,៩៧៩ដុល្លារ) តែប៉ុណ្ណោះ។ នេះបញ្ជាក់ឱ្យឃើញថា រយៈពេលត្រឹម២ ខែមាសឡើងថ្លៃបាន ១៦១ដុល្លារ។ ប្រសិនបើកាលពីថ្ងៃទី៣១ ខែតុលា អ្នកបានទិញមាស១០តម្លឹងទុក មកដល់ថ្ងៃនេះ បើអ្នកលក់ នឹងចំណេញបានប្រមាណ ១,៦០០ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ក៏ Business Cambodia សូមរំលឹកទៅកាន់មិត្តអ្នកអានជានិច្ចថា ពេលចង់ចំណាយលុយ វិនិយោគលើអ្វីមួយ សូមប្រាកដជាមុនសិនថា លោកអ្នកយល់ដឹងពីវាបានច្បាស់លាស់ កុំវិនិយោគតាមគេ គួរវិនិយោគលើអ្វីដែលជាជំនាញរបស់អ្នក ដើម្បីបង្ការការខាតបង់លុយកាក់៕
អត្ថបទដោយ៖ សូ សុខលី