កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងយ៉ាងគំហុកពោលគឺឡើងថ្លៃដល់២,១០០ដុល្លារក្នុងមួយអោនដែលជាតម្លៃកំណត់ត្រាថ្មី បន្ទាប់មកគិតត្រឹមថ្ងៃនេះមាសធ្លាក់ចុះមកវិញបន្តិចមកត្រឹម២,០៣៦ដុល្លារក្នុងមួយអោន( ស្មើនឹង២៤៥៣ដុល្លារក្នុងមួយតម្លឹង)។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាតម្លៃហាងឆេងមាសនឹងហក់ឡើងដល់តម្លៃថ្មីនៅឆ្នាំ២០២៤ខាងមុខពោលគឺនៅតែបន្តរក្សាតម្លៃលើស២ពាន់ដុល្លារក្នុងមួយអោនខណៈអ្នកជំនាញថាមាសអាចហក់ឡើងនៅឆ្នាំក្រោយដោយសារភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយនិងការចុះខ្សោយនៃប្រាក់ដុល្លារដោយសារតែការទម្លាក់ការប្រាក់ជាដើម។
លោក Heng Koon How ប្រធានយុទ្ធសាស្រ្តទីផ្សារនិងជាអ្នកស្រាវជ្រាវទីផ្សារនៅ UOB បានឲ្យដឹងថាកត្តាដែលអាចធ្វើឲ្យមាសហក់ឡើងនៅឆ្នាំ២០២៤គឺកត្តាប្រាក់ដុល្លារថយចុះនិងការទម្លាក់ការប្រាក់ដុល្លារពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។ លោកបានប៉ានប្រមាណថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់២២០០ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៤។
ចំណែកលោក Bart Melek ប្រធានយុទ្ធសាស្រ្តផលិតផលនៃ TD Securities បានព្យាករថាតម្លៃហាងឆេងមាសនឹងស្ថិតជាមធ្យម២១០០ដុល្លារក្នុងមួយអោននៅត្រឹមត្រីមាសទី២នៃឆ្នាំ២០២៤ខាងមុខ ហើយលោកក៏បានបញ្ជាក់ផងដែរថាកត្តាដែលធ្វើឲ្យមាសនៅតែរក្សាតម្លៃខ្ពស់បែបនេះគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសមួយចំនួនបានបង្កើនការទិញមាសស្តុកទុក។
បើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា២៤%នៃធនាគារកណ្ដាលទាំងអស់នឹងបង្កើនការទិញមាសស្តុកទុកក្នុងរយៈពេល១២ខែទៀតខណៈពួកគេមើលឃើញថាការមានទុនបម្រុងជាប្រាក់ដុល្លារមានសញ្ញាមិនសូវល្អ។ កត្តានេះគឺជាកត្តាធំមួយដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសនៅតែខ្ពស់។
បើយើងងាក់មកមើលទីផ្សារហាងឆេងមាសក្នុងស្រុកយើងវិញឃើញថាហាងឆេងមាសក្នុងស្រុកបានហក់ឡើងដល់២៤១ដុល្លារក្នុងមួយជីដែលខ្ពស់បំផុតប៉ុន្ដែគិតត្រឹមថ្ងៃនេះហាងឆេងមាសក្នុងស្រុកបានធ្លាក់មកវិញបន្តិចមក២៣៩ដុល្លារក្នុងមួយជី៕