កាលពីថ្ងៃទី៥ខែកុម្ភៈនេះ តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃមកត្រឹម១,៨៦៥ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិបន្ទាប់មកក៏ចាប់ផ្ដើមងើបឡើងវិញ។ យ៉ាងណាមិញគិតត្រឹមព្រឹកថ្ងៃសុក្រនេះតម្លៃមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះមកត្រឹម១,៨៥៨ដុល្លារក្នុងមួយអោន។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថា ហាងឆេងមាសបន្តដាំក្បាលចុះខណៈធនាគារកណ្ដាលរបស់ហសរដ្ឋអាមេរិក( Federal Reserve) គ្រោងនឹងដំឡើងអត្រាការប្រាក់ដុល្លាររបស់ខ្លួនបន្ថែមទៀត។
ជាក់ស្ដែងលោក Jerome Powell ទេសាភិបាលនៃធនាគារកណ្ដាលអាមេរិកបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថាធនាគារកណ្ដាលនឹងបន្តដំឡើងការប្រាក់ដុល្លារដើម្បីទម្លាក់អត្រាអតិផរណាតាមគោលដៅដែលខ្លួនបានកំណត់។
នៅក្នុងបទសម្ភាសន៍មួយជាមួយលោក David Rubinsten នៅ Washington លោក Jerome Powell បានឲ្យដឹងថា” ខ្ញុំគិតថាយើងនឹងបន្ដដំឡើងការប្រាក់បន្ថែមទៀតខណៈទីផ្សារការងារនៅសហរដ្ឋអាមេរិកមានការកើនឡើងគួរឲ្យកត់សម្គាល់”។ ជាក់ស្ដែងរបាយការណ៍កាលពីខែមករាឆ្នាំ២០២៣នេះម្ចាស់អាជីវកម្មបានបន្ថែមអ្នកធ្វើការថ្មីជាង៥១ម៉ឺននាក់ទៅក្នុងទីផ្សារការងារនៅអាមេរិក។
លោក Jerome Powell បានពន្យល់ថានៅពេលទីផ្សារការងារកាន់តែខ្លាំងអំឡុងពេលអតិផរណានៅតែខ្ពស់ ធនាគារកណ្ដាលអាមេរិកត្រូវតែដំឡើងការប្រាក់ដុល្លារព្រោះថាពេលទីផ្សារការងារខ្លាំងមានន័យថាម្ចាស់អាជីវកម្មត្រូវការបុគ្គលិកកាន់តែច្រើនហើយប្រាក់ឈ្នួលក៏កាន់តែឡើងថ្លៃដែលរុញតម្លៃទំនិញនិងសេវាកម្មលើទីផ្សារកាន់តែថ្លៃ អ៊ីចឹងអតិផរណានឹងកាន់តែខ្ពស់។ ដូច្នេះកណ្ដាលនៅតែមានវិធានការដំឡើងការប្រាក់កម្ចីនិងសន្សំដើម្បីទប់អតិផរណាកុំឲ្យឡើងខ្ពស់។
ព័ត៌មាននៃការគ្រោងដំឡើងការប្រាក់ដុល្លាររបស់ធនាគារណ្ដាលអាមេរិកជាកត្តាមួយរុញតម្លៃមាសឲ្យដាំក្បាលចុះមកត្រឹម១,៨៥៨ដុល្លារក្នុងមួយអោន( ស្មើនឹង២,២៣៨ដុល្លារក្នុងមួយតម្លឹង) ពោលគឺធ្លាក់ថ្លៃចំនួន១៧ដុល្លារបើធៀបនឹងតម្លៃម្សិលមិញ។
ចំពោះហាងឆេងទីផ្សារស្រុកយើងវិញយើងឃើញថាតម្លៃហាងឆេងមាសក៏ចាប់ផ្ដើមធ្លាក់ថ្លៃផងដែរ។ ជាក់ស្ដែងនៅព្រឹកនេះហាងឆេងមាសនៅហាង ចែពៅ លក់គ្រឿងអលង្ការ មានធ្លាក់មកត្រឹម២២២ដុល្លារក្នុងមួយជី។
ចង់ចេះប្រើលុយឲ្យមានប្រសិទ្ធភាព ប្រើលុយឲ្យចំណេញនិងវិនិយោគលុយដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong