ហាងឆេងមាសនៅថ្ងៃនេះចាប់ផ្ដើមមានការប្រែប្រួលខ្លាំងក្រោយពីកម្ដៅនៃបញ្ហាដាក់ពន្ធរបស់សហរដ្ឋអាមេរិកទៅលើដៃគូពាណិជ្ជកម្មរបស់ខ្លួនកាន់តែកើនឡើងហើយនៅថ្ងៃនេះអាមេរិកចាប់ផ្ដើមអនុវត្តដាក់ពន្ធនាំចូលជាធរមានផងដែរ។
សម្រាប់ហាងឆេងមាសនៅថ្ងៃនេះឃើញថាចំពោះទីផ្សារអន្តរជាតិមាសបានចាប់ផ្ដើមឡើងថ្លៃចំនួន៦២ដុល្លារដោយឡើងថ្លៃដល់៣,០៤៣ដុល្លារក្នុងមួយអោនដែលស្មើនឹង៣៦៦៦ដុល្លារក្នុងមួយតម្លឹង។
មាសបានចាប់ផ្ដើមហក់ឡើងវិញដោយសារតែឥទ្ធិពលប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្លាក់ចុះក្រោយលេចលឺព័ត៌មានថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក( Federal Reserve) អាចនឹងទម្លាក់ការប្រាក់ក្នុងមួយខាងមុខ។
ក្រៅប្រាក់ដុល្លារថយចុះធ្វើឲ្យមាសមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ ក៏នៅមានកត្តាផ្សេងទៀតដែលធ្វើឲ្យហាងឆេងមាសហក់ឡើងនោះគឺការព្រួយបារម្ភពីបញ្ហាសង្រ្គាមពាណិជ្ជកម្ម។ ជាក់ស្ដែងការដំឡើងដពន្ធនាំចូលដែលអាមេរិកអនុវត្តទៅលើប្រទេសជាច្រើនដែលជាដៃគូពាណិជ្ជរបស់ខ្លួនធ្វើឲ្យមនុស្សមានការព្រួយបារម្ភថាពិភពលោកអាចនឹងធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចដូច្នេះហើយមនុស្សចាប់ផ្ដើមងាកមកវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាពដើម្បីការពារទ្រព្យរបស់ពួកគាត់។
សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញក៏មានការប្រែប្រួលផងដែរ។ ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃនេះហាងឆេងមាសក្នុងស្រុកឡើងដល់៣៦៧ដុល្លារក្នុងមួយជី៕