មាសត្រូវបានគេចាត់ទុកថាជា “ទ្រព្យសុវត្ថិភាព” ជាពិសេសនៅពេលសេដ្ឋកិច្ចមិនមានស្ថិតស្ថេរ ឬមានវិបត្តិ។ ទោះយ៉ាងណា ការវិនិយោគលើមាស មិនមានន័យថាគ្មានហានិភ័យទេ។ ប្រសិនបើវិនិយោគដោយគ្មានការយល់ដឹង គ្មានយុទ្ធសាស្ត្រច្បាស់លាស់ វានឹងអាចនាំឱ្យអ្នកវិនាសនៅថ្ងៃណាមួយបានដូចគ្នា។ ខាងក្រោមនេះ គឺជាកំហុសធំៗ៥ ដែលវិនិយោគិនជាច្រើនតែងធ្វើ ហើយអ្នកគួរតែប្រយ័ត្នមុននឹងដាក់លុយវិនិយោគលើមាស៖
១. ទិញមាសច្រើនពេក និងលឿនពេក៖ នេះជាកំហុសដែលឃើញថាកើតឡើងជាញឹកញាប់ អ្នកខ្លះអាងតែមានលុយនៅក្នុងដៃគិតតែពីសម្រុកទិញមាសច្រើនក្នុងពេលតែមួយ ព្រោះខ្លាច “ខកឱកាស” ឬនៅពេលឃើញតម្លៃមាសកំពុងឡើង។ វិនិយោគិនខ្លះចង់ចូលទីផ្សារឱ្យបានលឿន ដោយយកលុយមួយដុំធំទៅទិញមាសភ្លាមៗ។ ជាក់ស្តែង ការវិនិយោគដែលល្អ មិនចាំបាច់ប្រញាប់ទេ។ តម្លៃមាសមានការឡើងចុះតាមស្ថានភាពសេដ្ឋកិច្ច និងការប្រែប្រួលរបស់ទីផ្សារ។ ការទិញបន្តិចម្តងៗ តាមពេលវេលា អាចជួយកាត់បន្ថយហានិភ័យនិងជៀសវាងការសម្រេចចិត្តដោយប្រើតែអារម្មណ៍តែត្រូវប្រើគំនិតផង។
២. មិនពិចារណាថា “មាស” សមនឹងផែនការវិនិយោគរួមឬអត់៖ មាសគួរតែជាផ្នែកមួយនៃផលប័ត្រវិនិយោគប៉ុណ្ណោះ មិនមែនជាទ្រព្យសម្បត្តិទាំងមូលនោះទេ។ ជាទូទៅ អ្នកជំនាញណែនាំឱ្យកាន់មាសប្រហែល ៥% ដល់ ១០% នៃទ្រព្យសកម្មសរុប។ បើអ្នកដាក់លុយច្រើនពេកទៅលើមាស អ្នកអាចបាត់បង់ឱកាសពីការវិនិយោគលើទ្រព្យសកម្មផ្សេងៗ ដូចជា ភាគហ៊ុន អចលនទ្រព្យ ឬអាជីវកម្ម ដែលអាចផ្តល់ប្រាក់ចំណេញល្អជាងក្នុងរយៈពេលវែង។
៣. ប្រញាប់លក់មាស ពេលទីផ្សារភាគហ៊ុនកំពុងឡើង៖ នៅពេលទីផ្សារភាគហ៊ុនឡើងខ្លាំង ដូចជា S&P 500 ឬទីផ្សារភាគហ៊ុនផ្សេងៗ វិនិយោគិនខ្លះមានអារម្មណ៍ថា មាស “គ្មានប្រយោជន៍” ហើយប្រញាប់លក់វាចេញ ដើម្បីយកលុយទៅដាក់ភាគហ៊ុន ការគិតបែបនេះ អាចជាកំហុសធំមួយ។ ព្រោះ មាស មិនត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រាក់ចំណេញជាមួយភាគហ៊ុន ទេ។ តួនាទីសំខាន់របស់មាស គឺការការពារទ្រព្យសម្បត្តិ នៅពេលមានវិបត្តិសេដ្ឋកិច្ច អតិផរណា ឬភាពមិនប្រាកដប្រជា។ ការដែលមាសដើរយឺតជាងភាគហ៊ុន ក្នុងវដ្តសេដ្ឋកិច្ចខ្លះ គឺជារឿងធម្មតា មិនមែនជាសញ្ញាថាវាអសមត្ថភាព។
៤. រក្សាទុកមាសច្រើននៅផ្ទះ ដោយគ្មានការការពារ៖ មនុស្សមួយចំនួនចូលចិត្តទុកមាសនៅផ្ទះ ព្រោះគិតថា “មើលឃើញផ្ទាល់ មានសុវត្ថិភាពជាង”។ តែជាក់ស្តែង ការរក្សាទុកមាសនៅផ្ទះ មានហានិភ័យខ្ពស់ណាស់អាចប្រឈមនឹងត្រូវចោរលួច បាត់បង់ជាយថាហេតុផ្សេងៗ។ ដូច្នេះបើអ្នកមានមាសច្រើន គួរពិចារណាប្រើប្រាស់ ប្រព័ន្ធសុវត្ថិភាព ឬសេវារក្សាទុកដែលមានស្តង់ដារ ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកឱ្យបានល្អប្រសើរ។
៥. វិនិយោគមាស ដោយគ្មានគោលបំណងច្បាស់៖ កំហុសធំមួយទៀត គឺវិនិយោគលើមាស ដោយមិនដឹងថា ខ្លួនឯងចង់បានអ្វីពីវា។ សូមសួរខ្លួនឯងឱ្យច្បាស់មុនសម្រេចចិត្តវិនិយោគ៖ ថាតើវិនិយោគសម្រាប់ការពារការប្រែប្រួលសេដ្ឋកិច្ច? សម្រាប់រក្សាតម្លៃទ្រព្យសម្បត្តិរយៈពេលវែង? ឬសម្រាប់លក់យកចំណេញក្នុងរយៈពេលខ្លី? បើគ្មានគោលបំណងច្បាស់ ការសម្រេចចិត្តនឹងផ្អែកលើអារម្មណ៍ជាចម្បង ហើយវាជាហេតុធំដែលនាំឱ្យវិនិយោគិនជាច្រើនខាតបង់។ មាសអាចជាឧបករណ៍វិនិយោគដ៏ល្អ បើអ្នកយល់ពីតួនាទី និងប្រើវាឱ្យត្រឹមត្រូវ។ កុំវិនិយោគតាមអារម្មណ៍ កុំប្រញាប់ និងកុំដាក់ក្ដីសង្ឃឹមទាំងអស់លើទ្រព្យសម្បត្តិតែមួយ៕


