ពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចនៃប្រទេស ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។ ខេត្តនេះ មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗចំនួនបួន គឺវិស័យកសិកម្ម នេសាទ ការទាញយកអនុផលព្រៃឈើ និងធនធានថ្មកែវផងដែរ។
បើក្រឡេកមកមើលសម្រស់របស់ខេត្តនេះវិញគឺមិនចាញ់ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរីប៉ុន្មាននោះទេ។ ខេត្តពោធិ៍សាត់គឺជាខេត្តដែលប្រមូលផ្ដុំទៅដោយទឹកជ្រោះ សត្វព្រៃ ដើមឈើធំៗ និងភ្នំតូច-ធំផងដែរ ។ ក៏ព្រោះតែចំណុចទាំងនេះហើយទើបធ្វើឱ្យទាក់ទាញភ្ញៀវទេសចរទៅលេងច្រើនក្នុងមួយឆ្នាំៗ។
យ៉ាងណាមិញសម្រាប់បងប្អូនមួយចំនួនដែលមិនទាន់បានទៅ ឬកំពុងមានគម្រោងដើរកម្សាន្តនៅថ្ងៃឈប់សម្រាក់ មកដឹងពីទីតាំងរមណីយដ្ឋានស្អាតៗមួយចំនួនក្នុងខេត្តពោធិ៍សាត់ បើបានទៅហើយមិនគួររំលង៖
១. រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច
ទឹកធ្លាក់ ថ្មដាតូច ដែលភាគគេច្រើនហៅថា ទឹកធ្លាក់ ភ្នំ ១ ០០៥ មានទីតាំងស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រហែល ១៧០គីឡូម៉េត្រ ពីកោះសំពៅមាស។ ហើយជារមណីយដ្ឋានមួយនៅក្នុងខេត្តពោធិ៍សាត់បែបព្រៃភ្នំធម្មជាតិ មានទឹកជ្រោះ ទឹកធ្លាក់ អមទៅដោយរុក្ខជាតិពណ៌បៃតង ហើយអ្វីដែលសំខាន់នៅ ទឹកធ្លាក់ ថ្មដាតូច មាន ពិកនិច, ហែលទឹកឬលេងទឹក, ទស្សនាទេសភាពព្រៃភ្នំ ដែលអាចឲ្យទេសចរណ៍ទទួលបានអារម្មណ៍មួយដែលស្រស់ស្រាយថែមទាំងបានទស្សនាច្រើនកន្លែងក្នុងពេលតែមួយ។
២.រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានធម្មជាតិមួយ ដែលបង្កប់ខ្លួននៅក្នុងព្រៃនៃកម្រងជួរភ្នំឱរ៉ាល់ក្នុងខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ៤១គីឡូម៉ែត្រពីទីរួមស្រុកក្រគរ និងចម្ងាយ ១៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
នៅក្នុងរមណីដ្ឋានដ៏ស្រស់ត្រកាលនេះផងដែរ ក៏ជាជាជម្រកសត្វព្រៃបានច្រើនប្រភេទ អាកាសធាតុមានភាពទាក់ទាញ ម្លប់ឈើត្រជាក់ ខ្យល់បរិសុទ្ធ ហើយថែមទាំងមានទីតាំងសមរម្យសម្រាប់បោះតង់ និងសុវត្ថិភាពគ្រប់ពេលវេលា។ អ្វីដែលកាន់តែពិសេសនៅទីនោះអាជីវករលក់នៅមុខម្ហូបបៀបប្រជាជនក្នុងតំបន់និងកសិផលជាច្រើនមុខជូនភ្ញៀវ។
៣. ទឹកធ្លាក់ល្បាក់កំរោញ
ទឹកធ្លាក់ ល្បាក់កំរោញ មានទីតាំងស្ថិតនៅ ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤គ.ម ពីកោះសំពៅមាស។ ទឹកធ្លាក់ ល្បាក់កំរោញ ស្ថិតនៅក្នុងប្រភេទមួយ ជាទេសចរណ៍ធម្មជាតិ ឬទឹកជ្រោះឬទឹកធ្លាក់ជាដើម។ ទន្ទឹមនោះចំណុចដែលទាក់ទាញទេសចរណ៍ ទឹកធ្លាក់ ល្បាក់កំរោញរួមមាន ដើរទស្សនាកសិដ្ឋាន ពិកនិច ញុំអាហារ ហែលទឹកឬលេងទឹក ដើរលេងថ្មើរជើង។
៤.រមណីយដ្ឋានទេសចរណ៍ធម្មជាតិអូសោម
ទេសចរណ៏ធម្មជាតិ អូរសោម មានទីតាំងស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ១៦២គ.ម ពីកោះសំពៅមាស។ តំបន់ទេសចរណ៍មួយនេះ ស្ថិតនៅក្នុងប្រភេទ នៃទេសចរណ៍ធម្មជាតិ, ទឹកជ្រោះឬទឹកធ្លាក់, កសិដ្ឋានឬចំការ, ព្រៃភ្នំ, និងអេកូទេសចរណ៍។
ទន្ទឹមនិងនោះ ទេសចរណ៏ធម្មជាតិ អូរសោម មានកន្លែងទេសចរណ៍ដូចជា ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, មើលសត្វចម្រុះ, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំ ឬបោះតង់, ដើរលេងថ្មើរជើង, កន្លែងគេង ហើយក៏នៅមានកន្លែងមួយចំនួនទៀតផងដែរ។
៥.ភ្នំ ១៥០០ ផ្លូវអន្ទង់អាំង
កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” (វាមានរាងដូចសត្វអន្ទង់អាំង) បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែង រហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត


