មួយរយៈចុងក្រោយនេះ យើងបានដឹងហើយថាប្រទេសកម្ពុជាគឺទទួលបានបានគម្រោងវិនិយោគច្រើនណាស់ ដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង គ្រឿងសំណង់ ចំណីអាហារ និងរោងចក្រដំឡើងរថយន្តជាដើម។ នៅក្នុងចំណោមរោងចក្រទាំងនោះ ក៏មានក្រុមហ៊ុនធំៗចំនួន១០ ដែលបានមកបង្កើតទីតាំងដំឡើងរថយន្តនៅប្រទេសកម្ពុជាផងដែរ ដោយមានក្រុមហ៊ុនដូចជា៖
១.ក្រុមហ៊ុន RMA Cambodia៖ រោងចក្រដំណើររថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ បានមានវត្ដមាននៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២២ កន្លងទៅ។ ដោយរោងចក្រដំឡើងរថយន្ដនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនសរុបចំនួន ២១ លានដុល្លារ។ រោងកច្រមួយនេះមានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
២.ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.៖ កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារដើម្បីបង្កើតរោងចក្រដំឡើងរថយន្ដម៉ាក Toyota នៅកម្ពុជា។ គម្រោងរោងចក្រដំឡើងរថយន្ដដំបូងរបស់ក្រុមហ៊ុន Toyota នេះ មានទីតាំងស្ថិតនៅសេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រដំឡើងរថយន្ដដ៏ល្បីឈ្មោះនេះត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខណៈរោចក្រនេះបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់ជូនពលរដ្ឋផងដែរ។
៣.ក្រុមហ៊ុន BYD Auto Industry៖ ក្រុមហ៊ុន BYD Auto Industry ដែលជាក្រុមហ៊ុនមេរបស់ BYD Cambodia បានសម្រេចបោះទុនវិនិយោគចំនួន ៣២លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយក្រុមហ៊ុនបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
តាមការបញ្ជាក់ពីក្រុមហ៊ុន រោងថ្មីនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សាងសង់លើផ្ទៃដី ១២ ហិកតា។ ដោយក្នុងនោះក្រុមហ៊ុននឹងដំឡើង រថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
៤.ក្រុមហ៊ុន K (Cambodia) Co., Ltd៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះរោងចក្រដំឡើងរោងចក្ររថយន្ដ Isuzu ដែលជាយីហោល្បីមួយដែរនោះ បានបើកដំណើរការជាផ្លូវការខណៈរោងចក្រនេះមានតម្លៃ ៧.៥ លានដុល្លារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន K (Cambodia) Co., Ltd។ រោងចក្រដំឡើងរថយន្ដនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កើតការងារជូនពលរដ្ឋ ១៦៦ នាក់ផងដែរ។
៥.ក្រុមហ៊ុន GTV MOTOR CO., LTD៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមមួយនេះបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។ ខណៈរោងចក្រដំឡើងរថយន្ដមួយនេះ ក៏ត្រូវបានបើកដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៤។
៦.រថយន្ដ Chevrolet៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ បានចុះហត្ថលេខាផ្តល់សិទ្ធិផ្តាច់មុខដំឡើងរថយន្ត Chevrolet របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីក្រុមហ៊ុន រោងចក្រដំឡើងរថយន្ដថ្មីនេះមានតម្លៃ ១៩លានដុល្លារ និងគ្រោងបើកដំណើរការនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៦ ខាងមុខនេះ។ នៅពេលបើកដំណើរការរោងចក្រនេះនឹងមានសមត្ថភាពអាចផលិតរថយន្ដបានចន្លោះពី ១០ ០០០ ដល់១២ ០០០ គ្រឿងក្នុងរយៈពេល១ឆ្នាំ។
៧.ក្រុមហ៊ុន EM AUTOMOBILE CO., LTD៖ ក្រុមហ៊ុននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ហើយរោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។
៨.ក្រុមហ៊ុន Daehan៖ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ឧសភា ២០១៨។ ក្នុងមួយឆ្នាំរោងចក្រអាចដំឡើងរថយន្តខ្ទង់ ២០០០០ គ្រឿង ដែលមានរថយន្តតូចគ្រួសា រថយន្តដឹកភ្ញៀវ រថយន្តដឹកឥវ៉ាន់ និងរថយន្តដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
៩. ក្រុមហ៊ុន Hyundai៖ រោងចក្រដំឡើងរថយន្ដម៉ាកល្បីរបស់កូរ៉េនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដែលមានទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្រនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ហើយរោងចក្រនេះអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ ជាប្រភេទ SUV ជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗនៅឆ្នាំ ២០១៧ ។
១០. ក្រុមហ៊ុន International VCV Industry៖ កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនមួយនេះទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ រោងចក្រនេះមានបោះទុនជាទឹកប្រាក់ប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង មានទីតាំងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕