រដ្ឋាភិបាលរបស់ប្រទេសចិនបានជំរុញនិងលើកទឹកចិត្តឲ្យយុវជនធ្វើពិធីរៀបអាពាហ៍ពិពាហ៍បែបសាមញ្ញៗនិងសន្សំសំចៃខណៈការចំណាយក្នុងការរៀបចំអាពាហ៍ពិពាហ៍ចំណាយលុយអស់ច្រើនដែលធ្វើឲ្យប្រជាជនពន្យារពេលក្នុងការរៀបការខណៈដែលអត្រាកំណើតមានការថយចុះ។
បើយោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងមនុស្សវ័យក្មេងនៅក្នុងប្រទេសចិនបានចាប់ផ្ដើមគិតគូលើការរៀបអាពាហ៍ពិពាហ៍បែបសាមញ្ញៗ ជាជាងរៀបការធំដុំដែលមានភ្ញៀវរាប់រយនាក់ចូលរួម។ ប្រជាជនចិនបានចាប់ផ្ដើមរៀបចំពិធីរៀបការបែបសាមញ្ញនិងសន្សំសំចៃបន្ទាប់ពីឃើញមានការផ្សពផ្សាយដោយសហព័ន្ធស្រ្តីពីការលើកទឹកចិត្តឲ្យប្រជាជនរៀបការសន្សំសំចៃ។
នៅក្នុងអត្ថបទដោយចុះផ្សាយដោយសហព័ន្ធស្រ្តីចិនបានបង្ហាញថាប្រជាជនចិនបាននឿយណាយចំពោះការចំណាយដ៏ច្រើននៅក្នុងការៀបចំអាពាហ៍ពិពាហ៍ធ្វើលក្ខណៈធំដុំហើយត្រូវការពេលវេលាច្រើនទៀតផង។
ប្រជាជនមួយចំនួនបានចាប់ផ្ដើមធ្វើពិធីរៀបការបែបសាមញ្ញធម្មតាដោយប្ដូរពីការជួលឡានទំនើប អ្នកថតរូបលំដាប់ៗ និងវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវមកជាការរៀបចំបែបតូចតាចជាលក្ខណៈជប់លៀងក្នុងគ្រួសារនិងមិត្តភក្តស្និទ្ធិស្នាលវិញ។
តាមរយៈការសម្ភាសន៍ជាមួយគូស្វាមីមួយគូបានឲ្យដឹងថាពួកគាត់ចំណាយតែខ្ទង់៨០០ដុល្លារប៉ុណ្ណោះក្នុងការរៀបចំបែបសាមញ្ញខណៈការរៀបការបែបធំដុំត្រូវចំណាយអស់រហូតដល់ទៅ២៧,៧០០ដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថាការរៀបការថ្មីៗនៅចិនមានការកើនឡើងចំនួន១២.៤%នៅឆ្នាំ២០២៣ យ៉ាងណាមិញអត្រាកំណើតមានការធ្លាក់ចុះស្របពេលចំនួនប្រជាជនមានការធ្លាក់ចុះផងដែរ៕