នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះ អគ្គនាយករដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរំលឹកពីការប្រកាសពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៤។ តាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យនៅឡើយ។
ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមក ប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋាន ពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់ អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលាយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាពន្ធដារ ខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ វឌ្ឍនៈ ឬធនាគារ កម្ពុជា សាធារណៈ ភីអិលស៊ី ឬធនាគារ ស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឬធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬធនាគារ វីង (ខេមបូឌា) ម.ក ឬតាមអនឡាញ តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ "GDT Taxpayer App” ដែលអាចទាញយក មកប្រើប្រាស់ពី App Store ឬ Play Store បាន។
ជាមួយគ្នានេះ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕