យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះអគរ សង្កេតឃើញថាម្ចាស់រថយន្តគ្មានពន្ធមានក្នុងប្រទេសកម្ពុជាជ្រកក្រោមផ្លាកលេខផ្សេងៗភាគច្រើន បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយទេ។
ហេតុដូច្នេះហើយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ធ្វើការរំលឹកជាចុងក្រោយថា ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ សូមម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនិងអាករ ប្រញាប់ទៅបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនឱ្យបានមុនដាច់ឆ្នាំ ២០២២។
គួរបញ្ជាក់ផងដែរថា ក្នុងករណី រថយន្តចង្កួតស្តាំណាដែលបង់យឺតយ៉ាវត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ នោះនឹងត្រូវបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬ កំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង