ជាការពិត ម្ចាស់ចំការភាគច្រើន ឲ្យតែដល់រដូវកាលប្រមូលផលដំណាំដែលមានក្នុងចំការ តែងតែពិបាកចិត្ត នៅពេលដែលឃើញផ្លែឈើ និងដំណាំទាំងនោះទុំច្រើន ហើយទីផ្សារលក់ចេញមិនសូវដាច់ ដូច្នេះ ទោះជាចង់ឬមិនចង់ ក៏ត្រូវបង្ខំចិត្តបោះចោលរាប់សិបគីឡូក្នុងមួយឆ្នាំៗ។ ប៉ុន្តែ បើងាកមកចាប់អារម្មណ៍ ជាមួយស្រ្តីខ្មែរម្នាក់ បែរជាមានគំនិត បង្កើត និងកែច្នៃ និងយកផ្លែឈើដែលទុំដើមនៅក្នុងចំការរបស់ខ្លួន យកមកធ្វើជាការ៉េម និងបើកហាងលក់ ក្នុងទីក្រុងភ្នំពេញ អាចទាក់ទាញចិត្ត ភ្ញៀវទាំងក្នុងស្រុក និងភ្ញៀវបរទេស ឲ្យមកទិញនិង ភ្លក្សរសជាតិពេញៗហាង និងលក់ដាច់ខ្លាំង។ ដោយក្នុងនោះ លោកស្រី ផែ ឡាមីន ម្ចាស់អាជីវកម្មហាងការ៉េម Gelato Farm បានធ្វើកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ដោយរៀបរាប់ អំពីដើមចម និងដំណើរការនៃការចាប់ផ្ដើម រហូតមកដល់ពេលបច្ចុប្បន្ន។
១.គំនិតផ្ដួចផ្ដើម និងប្រភពដើមនៃអាជីវកម្ម
លោកស្រីយល់ឃើញថា ដោយសារមានបញ្ហាប្រឈមនៃកសិផលក្នុងស្រុក ដូចជា ផ្លែប័រ មកពីខេត្ត រតនៈគិរី ស្វាយកែវរមៀត មកពីខេត្ត កំពង់ធំ ចេក ដូង និងទុរេន នៅពេលប្រមូលផលបានច្រើន តែលក់មិនទាន់ គឺងាយប្រឈមនឹងការខូចចោល។ ដូច្នេះ លោកស្រី ផែ ឡាមីន បានសិក្សាស្រាវជ្រាវ និងទៅរៀនបច្ចេកទេសធ្វើការ៉េមបែប Gelato ដោយផ្ទាល់ពីគ្រូជំនាញជនជាតិអ៊ីតាលី ដើម្បីយកផ្លែឈើស្រស់ៗរបស់ខ្មែរពីចំការនោះ មកកែច្នៃបង្កើតជាផលិតផលមានស្តង់ដារ និងមានតម្លៃសមរម្យ។
២.លក្ខណៈពិសេសនៃ Gelato និងរសជាតិប្រចាំហាង
លោកស្រីបានប្រាប់ក្រុមការងារ Business Cambodia អំពីភាពខុសគ្នារវាង Ice Cream ទូទៅ និង Gelato។ អាចនិយាយបានថា Gelato ផ្ដោតលើភាព Daily Fresh (ធ្វើថ្មីៗរៀងរាល់ថ្ងៃ) ដោយប្រើផ្លែឈើស្រស់ៗ និងមិនប្រើសារធាតុរក្សាទុកយូរឡើយ។ មួយវិញទៀត កម្រិតស្ករទាប ដោយហាងរបស់គាត់ ជ្រើសរើសប្រើកម្រិតជាតិស្ករបែបធម្មជាតិ ដែលមានស្រាប់នៅក្នុងផ្លែឈើ ដែលធ្វើឲ្យការ៉េមមានរសជាតិឆ្ងាញ់បែបធម្មជាតិ និងមិនផ្អែមខ្លាំងដូចផលិតផលដទៃឡើយ។ សម្រាប់រសជាតិផ្លែឈើដែលលក់ដាច់ភាគច្រើននៅហាង មានដូចជា ផាសិនទឹកឃ្មុំ (ទទួលបានការពេញនិយមខ្លាំងទាំងភ្ញៀវខ្មែរ និងបរទេស)។ រសជាតិស្វាយ (ភ្ញៀវបរទេសចូលចិត្តខ្លាំង និងទទួលស្គាល់រសជាតិ)។ ទុរេន (ថ្វីបើបរទេសខ្លះខ្លាចក្លិនទុរេនស្រស់ ប៉ុន្តែនៅពេលកែច្នៃជា Gelato ពួកគាត់បែរជាចូលចិត្តញ៉ាំយ៉ាងខ្លាំង)។ ក្រៅពីនេះ ហាងក៏មានរសជាតិផ្សេងៗទៀត ដូចជា ប័រ ចេកណាំវ៉ាការ៉ាមែល ដូង ក្រូចឆ្មា មលប៊េរី (Mulberry) និងស្រ្តូប៊េរី ដាំនៅភ្នំបូកគោ។

៣.អតិថិជនគោលដៅ និងការគាំទ្រ
ភ្ញៀវដែលមកញ៉ាំប្រមាណ ៧០% ជាជនជាតិបរទេស (អឺរ៉ុប អាមេរិក អ៊ីតាលី បារាំង ជប៉ុន កូរ៉េ វៀតណាម ជាដើម)។ ហើយមូលហេតុដែលទទួលបានការគាំទ្រខ្លាំង ពីព្រោះវា ជាការបង្កើតផលិតផលស្រស់ៗ ស្តង់ដារអ៊ីតាលី ដោយប្រើប្រាស់ផ្លែឈើក្នុងស្រុកពីចំការផ្ទាល់តែម្ដង។
៤.ទស្សនវិស័យ និងគោលបំណងអាជីវកម្ម
លោកស្រី ផែ ឡាមីន បានប្រាប់ពីទស្សនវិស័យរបស់គាត់មួយ គឺដើម្បីជួយសហគមន៍កសិករ ដោយការទិញ និងកែច្នៃផ្លែឈើក្នុងស្រុក ជួយបង្កើតទីផ្សារបន្ថែមដល់កសិករខ្មែរ និងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ មួយវិញទៀត ក៏ជួយដល់ការពង្រីកសេវាកម្មផងដែរ។ ក្រៅពីការលក់នៅហាង និង Home Delivery ហាងក៏មានសេវាកម្ម Catering សម្រាប់កម្មវិធីផ្សេងៗដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ខួបកំណើត និងតាមបណ្តាសាលារៀន។
គួរបន្ថែមទៀតថា ទីតាំងសាខា Geleto បច្ចុប្បន្ន មានរហូតដល់ពីរទីតាំង ដូចជា សាខាកោះនរា ជាកន្លែងផលិត និងមានហាងលក់ (បើកម៉ោង ៩:០០ ព្រឹក ដល់ ៩:០០យប់) និងសាខាវិមានឯករាជ្យ ផ្លូវ ២៩ ជិត Bassac Lane (បើកម៉ោង ៨:០០ ព្រឹក ដល់ ១០:០០ យប់)។ សម្រាប់ព័ត៌មានបន្ថែម និងបើសិនបងប្អូនត្រូវការចង់ទិញ បងប្អូនអាចទៅកាន់ទីតាំងផ្ទាល់ ឬ ទាក់ទងទៅកាន់ហ្វេសប៊ុកផេក Gelato Farm និងលេខទូរស័ព្ទ012 952 708៕


