តម្លៃជាង ៦០ លានដុល្លារ នេះជាចំណុចពិសេសៗនៃអគារពន្ធដារថ្មីដែលទើបនឹងបើកដំណើរការ
Bunthoeun KoemJUNE 3 2026155 views

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានតម្លៃសរុបជាង ៦០ លានដុល្លារ មានទីតាំងស្ថិតនៅតំបន់ជ្រោយង្វាយ។ ហើយថ្ងៃនេះ យើងនឹងនាំប្រិយមិត្តមកស្វែងយល់អំពីចំណុចពិសេសៗនៃអគារដ៏ទំនើបនេះ។

 

703915281 1285587657071976 936735738254812055 N

 

តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ អគារថ្មីនេះត្រូវបានសាងសង់នៅលើផ្ទៃដី ២៥ ៧៥៥ ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាចំនួន ១៥៩ ៦៣៤ ម៉ែត្រការ៉េ មានកម្ពស់ ៣០ ជាន់ ដែលរៀបចំជាការិយាល័យ អមដោយអគារទាបកម្ពស់ ៤ ជាន់ ដែលរៀបចំជាមជ្ឈមណ្ឌលសន្និសីទ និងផ្សារទំនើប។ អ្វីដែលពិសេស អគារនេះបានក្លាយជាអគាររដ្ឋបាលសាធារណៈដ៏ធំជាងគេមួយនៅកម្ពុជា។

 

ក្រៅពីមានផ្ទៃក្រឡាធំ និងកម្ពស់ខ្ពស់ អគាររដ្ឋបាលសាធារណៈមួយនេះក៏បានបំពាក់នូវប្រព័ន្ធគ្រប់គ្រងយ៉ាងទំនើប ដោយមានសរសរគ្រឹះសរុប ៦០៨ ដើម (គ្រឹះសសរទាបមានចំនួន ៤៦០ ដើម និងគ្រឹះសសរខ្ពស់មានចំនួន ១៤៨ ដើម)។ គ្រឿងបង្គុំនៃសំណង់ប្រើប្រាស់សរសៃដែកដែលមានគុណភាពខ្ពស់ ជាមួយនិងបេតុងដែលត្រូវបានកំណត់លក្ខខណ្ឌបច្ចេកទេស និងត្រួតពិនិត្យច្បាស់លាស់ ដែលអាចទប់ទល់នឹងអគ្គិភ័យបានរយៈពេលពីរម៉ោង។ បន្ថែមពីនេះ ក៏មានបំពាក់នូវចម្លាក់បុរាណខ្មែរជាច្រើនប្រភេទ និងមានសារមន្ទីរជាតិពន្ធដារ ដែលជាមជ្ឈមណ្ឌលបជ្រាបចំណេះដឹង បង្ហាញនិងពន្យល់ឯកសារ តឹកតាងប្រវត្តិសាស្ត្រនានាពាក់ព័ន្ធនឹងពន្ធ ដើម្បីបម្រើដល់កិច្ចការអប់រំ។

 

703924606 1285584877072254 2089320558012480107 N

 

សំណង់នេះមានបំពាក់ប្រព័ន្ធពង្រឹងសេវាទូរសព្ទ I.B.S, ប្រព័ន្ធបណ្តាញអ៊ីនធឺណិត Wi-Fi System, ប្រព័ន្ធគ្រប់គ្រងនិងចែកចាយថាមពលអគ្គិសនីផ្គត់ផ្គង់ទៅក្នុងអគារ ជាមួយនឹងប្រព័ន្ធម៉ាស៊ីនភ្លើងបម្រុងដែលមានអានុភាពសរុប ១៣,៥ មេហ្គាវ៉ាត់អំពែ (MVA), ប្រព័ន្ធពង្រឹងប្រសិទ្ធភាពនៃរំហូរខ្យល់ចេញ-ចូលទៅក្នុងអគារ, ប្រព័ន្ធថែទាំអគារ BMU, ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងអគារ, ប្រព័ន្ធគ្រប់គ្រងអគារ Building Management System (BMS), ប្រព័ន្ធបង្ហូរកាកសំណល់និងសំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ Sewage Treatment Plant ចេញពីក្នុងអគារប្រកបដោយស្តង់ដារខ្ពស់ ដែលអាចសម្អាតទឹកកខ្វក់ បន្សាបជាតិពុលឲ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន អាចឲ្យត្រីរស់នៅបាន មុននឹងបញ្ចេញទៅប្រព័ន្ធលូសាធារណៈ។

 

ទន្ទឹមនឹងនេះ គម្រោងអគារពន្ធដារថ្មីនេះ ត្រូវបានរចនា និងសាងសង់ឡើងស្របតាមច្បាប់សាងសង់នៃប្រទេសកម្ពុជា ស្តង់ដារជាតិស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងបទដ្ឋានស្តង់ដារអន្តរជាតិរួមមាន៖ ស្តង់ដារបច្ចេកទេសនៃចក្រភពអង់គ្លេស BS Standard, ស្តង់ដារបច្គេកទេសនៃសហភាពអឺរ៉ុប Eurocodes, ស្តង់ដាររបស់សមាគមការពារគ្រោះអគ្គិភ័យជាតិនៃសហរដ្ឋអាមេរិក (NFPA) និងអនុលោមតាមស្តង់ដារកម្រិតខ្ពស់ ដោយបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យចំនួន ១០ ៧៥៥ លើកឯណោះ។

 

សូមជម្រាបថា អគារអគ្គនាយកដ្ឋានពន្ធដារថ្មីនេះ ត្រូវបានគូសប្លង់ និងសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក CMED Construction Co., Ltd. និងត្រូវពិនិត្យបន្ថែមដោយក្រុមហ៊ុន Archetype (Cambodia) Ltd. ហើយបានបញ្ចប់ការសាងសង់ដោយជោគជ័យនៅក្នុងឆ្នាំ២០២៥៕

 

703796078 1285585633738845 5799791751376096851 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia