នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន Prestige Consulting បានសហការរៀបចំ "វគ្គប្រកួតផ្តាច់ព្រ័ត្រ និង ពិធីប្រគល់រង្វាន់” នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ២ នៅសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង GCIP Cambodia ។ ជាមួយនឹងវត្តមានចូលរួមរបស់សមាជិកគណៈកម្មការរួមមាន ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំនៅរដ្ឋធានីវីយែន (Vienna) សាធារណរដ្ឋអូទ្រីស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបដែលអញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ក្រុមហ៊ុនផ្តល់សេវាកម្ម, សាកលវិទ្យាល័យ, វិនិយោគិន, ក្រុមហ៊ុនឯកជន និង មណ្ឌលបណ្ដុះធុរកិច្ចថ្មី សរុបចំនួនប្រមាណ ១០០ នាក់ចូលរួមដោយផ្ទាល់ និង មានអ្នកទស្សនាច្រើនជាង ៣,០០០ នាក់តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក និង ឆានែលតេឡេក្រាមរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។
កម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ២ មានគោលបំណងជំរុញសក្ដានុពលសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាស្អាត (cleantech) ដែលជួយដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction) និង ផ្ដល់ការគាំទ្រដល់ធុរកិច្ចថ្មី (Startups) និង សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាត នៅកម្ពុជា ក្នុងរយៈពេល ៧ ខែ ចាប់ផ្ដើមពីខែ កក្កដា ឆ្នាំ ២០២៤ រហូតដល់ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ។
ក្នុងចំណោម ៨៤ បេក្ខភាពដែលបានដាក់ពាក្យស្នើសុំ មានតែធុរកិច្ចថ្មី និង សហគ្រាសធនតូច និង មធ្យម (SMEs) ចំនួន ៨ ក្រុម ជាមួយនឹងក្រុមជ័យលាភីចំនួន ៣ មកពីកម្មវិធីបុរេពន្លឿនអាជីវកម្ម GCIP Cambodia កាលពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៤ ប៉ុណ្ណោះ ត្រូវបានសម្រាំងជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ២ ដើម្បីទទួលបានការគាំទ្រដូចជា៖ ទទួលបានការអភិវឌ្ឍគំនិតអាជីវកម្ម, វគ្គបណ្ដុះបណ្ដាលអាជីវកម្មដោយផ្ទាល់ និង អនឡាញ, ការពិគ្រោះយោបល់មួយទល់មួយដោយផ្ទាល់ជាមួយអ្នកជំនាញ និង ថវិកាគាំទ្រ Pre-seed រហូតដល់ទៅ ២ ០០០ ដុល្លារអាមេរិកក្នុងមួយក្រុមសម្រាប់គាំទ្រដល់ការអភិវឌ្ឍផលិតផល, បច្ចេកវិទ្យា និង ភាពជោគជ័យនៃទីផ្សារ។
បន្ទាប់ពីការវាយតម្លៃរបស់គណៈកម្មការក្នុងវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៥ មានតែ ៧ ក្រុមប៉ុណ្ណោះ ដែលអាចបន្តចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ និង ពិធីប្រគល់រង្វាន់នាថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ។ វគ្គប្រកួតផ្តាច់ព្រ័ត្រ និង ពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំឡើងជាមួយនឹងរបៀបវាវរៈធំៗចំនួន ២៖
១. វគ្គប្រកួតផ្តាច់ព្រ័ត្រ ដែលអនុញ្ញាតឱ្យបេក្ខភាពផ្ដាច់ព្រ័ត្រទាំង ៧ ក្រុម ធ្វើបទបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ (Pitch Presentation) ជូនគណៈកម្មការវាយតម្លៃចំនួន ៥ រូប ដើម្បីកំណត់រកក្រុមដែលមានសក្កានុពលខ្លាំងទាំង ៣ ក្រុម និង
២. ពិធីប្រគល់រង្វាន់ ដែលរៀបចំឡើងដើម្បីប្រកាស និង អបអរសាទរដល់ម្ចាស់ជ័យលាភីទាំង ៣ក្រុម ព្រមទាំងបេក្ខភាពផ្តាច់ព្រ័ត្រទាំងអស់នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ២ ជាមួយវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើនរូប។
ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យមដែលជាម្ចាស់ជ័យលាភីទាំង ៣ ក្រុម នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ២ ដែលទទួលបានប្រាក់រង្វាន់ Grant Prize សរុបចំនួន ៥០,០០០ ដុល្លារអាមេរិក រួមមាន៖
- ជ័យលាភីទី ១ ៖ RUY REACH ទទួលបាន ២៥,០០០ ដុល្លារអាមេរិក
- ជ័យលាភីទី ២ ៖ KASEGRO ទទួលបាន ១៥,០០០ ដុល្លារអាមេរិក
- ជ័យលាភីទី ៣ ៖ AGRO AGAPE ទទួលបាន ១០,០០០ ដុល្លារអាមេរិក
សូមជម្រាបផងដែរថា កម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី២ ត្រូវបានដឹកនាំ និង រៀបចំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង សហការរៀបចំដោយ ក្រុមហ៊ុន Prestige Consulting ដោយមានការគាំទ្រថវិកាពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំនៅរដ្ឋធានីវីយែន (Vienna) និង មូលនិធិបរិស្ថានសកល (Global Environment Facility - GEF)។ បន្ថែមពីនេះទៀតក៏មានការគាំទ្រពីអង្គភាពអនុវត្តគម្រោងសកល Network for Global Innovation, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ផងដែរ៕