វិនិយោគគិនជប៉ុន សហការជាមួយវិនិយោគគិនក្នុងស្រុក បានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូរស្នាក់នៅ និងសណ្ឋាគារលំដាប់ផ្កាយ ដោយមានកម្ពស់ ៦៥ ជាន់ “G.A.T.O TOWER” ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
ជាក់ស្តែង នៅក្នុងកម្មវិធីពិធីសន្និសីទសារព័ត៌មានស្តីពីគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅកម្ពស់ ៦៥ជាន់ G.A.T.O TOWER លោក Nagato Daiko ដែលជាវិនិយោគិនជប៉ុន និងជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU CAPITAL & DEVELOPMENT CO., LTD មានប្រសាសន៍ថា ដោយមើលឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ទើបក្រុមហ៊ុន MIRAKU បានសម្រេចអភិវឌ្ឍន៍គម្រោង “G.A.T.O TOWER” ដែលមានកម្ពស់រហូតដល់ទៅ ៦៥ ជាន់សម្រាប់ជាអគារខុនដូរស្នាក់នៅដោយរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយផងដែរ។
លោក ញឹម រាសី និងលោកស្រី នៅ សុគន្ឋារី ជាដៃគូរវិនិយោគគិនក្នុងស្រុក និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍ MIRAKU បានថ្លែងរួមគ្នាផងដែរថា គម្រោង “G.A.T.O TOWER” នឹងសាងសង់នៅលើផ្លូវ ៣៣៤ កៀកនឹងមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ដោយមានផែនការចាប់ផ្តើមសាងសង់នៅចុងត្រីមាសទី១ នៃឆ្នាំ២០២៦។ ខណៈពេលនេះ ក្រុមហ៊ុនស្ថាបត្យករជប៉ុនដែលល្បីឈ្មោះជាងគេនៅប្រទេសជប៉ុន គឺក្រុមហ៊ុន SHIN TAKAMATSU ARCHITECT & ASSOCIATE កំពុងធ្វើការសិក្សាលំអិត ដើម្បីនាំយកមកនូវការរចនាដែលល្អបំផុតសំរបទៅតាមរបថរស់នៅថ្មីក្នុងប្រទេសកម្ពុជា។ ហើយ G.A.T.O TOWER គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។
គម្រោង G.A.T.O TOWER នឹងក្លាយជាគំរោងមួយដែលប្រកបទៅដោយស្តង់ដារអន្តរជាតិ ដោយមានការចូលរួមពីស្ថាបត្យករជនជាតិជប៉ុន សហការជាមួយស្ថាបត្យករជនជាតិខ្មែរ និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកសំណង់អន្តរជាតិផងដែរដើម្បីធានាបាននូវគុណភាពសំណង់ដែរស្របតាមស្តង់ដាអន្តរជាតិ និងបញ្ចប់ការសាងសង់ទៅតាមកាលកំណត់។
លោក ញឹម រាសី ជាអគ្គនាយកនៃក្រុមហ៊ុន MIRAKU មានប្រសាសន៍ថា G.A.T.O TOWER ត្រូវបានរចនាឡើងដោយរួមបញ្ចូលបរិក្ខារពិសេសៗដូចជា កន្លែងទទួលភ្ញៀវដ៏ស្អាតប្រណិតរួមដោយធម្មជាតិ សួនលើអាកាស កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ស្ទីម និងសូណា Private Lounge ហាងកាហ្វេ និងកន្លែងអង្គុយធ្វើការ។ ក្រៅពីសណ្ឋាគារលំដាប់ផ្តាយ នៅផ្នែកជាន់ខាងលើនៃអគារក៏មានខុនដូរសំរាប់ស្នាក់នៅ ហើយសំរាប់ជាន់ទី៦០ដល់៦៤ គឺត្រូវបានរចនាសំរាប់ជា Penthouse ដែលមានលក្ខណៈឯកជន និងប្រណិតភាពបំផុត។ ជាពិសេស G.A.TO TOWER នឹងមានស្កាយបារ៍ និងអាងហែលទឹកដែលស្ថិតនៅលើជាន់ខ្ពស់បំផុតផងដែរ ដែលអាចមើលឃើញទេសភាពយ៉ាងស្អាតនៃទីក្រុងភ្នំពេញ។
ក្រៅពីបរិក្ខារល្អឥតខ្ចោះទាំងអស់នេះ G.A.T.O TOWER នឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកម្ពុជាឈានមុខគេ WH LIVING & PROPERTIES CO., LTD ដែលជាក្រុមហ៊ុនធ្លាប់ទទួលបានពានរង្វាន់ផ្នែកគ្រប់គ្រង និងជាមួយកិច្ចសហការបន្ថែមរបស់អ្នកជំនាញជប៉ុន ដើម្បីធានាបាននូវស្តង់ដារគ្រប់គ្រងលំដាប់ថ្នាក់អន្តរជាតិ ហើយជាពិសេសផ្តល់នូវអត្រាផលចំណេញខ្ពស់ពីការជួលមកវិញសម្រាប់អ្នកវិនិយោគិនពេលគម្រោងបានបញ្ចប់។
លោកស្រី KAWASAKI MASAKO នាយកផ្នែកទីផ្សារនៃគម្រោង G.A.T.O TOWER ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាកិច្ចចងក្រងអាជីវកម្មដ៏រឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបនៃមិត្តភាពរវាងកម្ពុជានិងជប៉ុនផងដែរ។ ហើយលោកស្រីក៏បានជឿយ៉ាងមុតមាំថា G.A.T.O TOWER នឹងមិនមែនត្រឹមតែផ្តល់ជាកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតជារបៀបរស់នៅថ្មីមួយដែលទំនើប មានចីរភាព និងផ្តោតទៅលើសហគមន៍។ គម្រោងនេះនឹងរួមចំណែកបង្កើតការងារធ្វើឱ្យទេសភាពទីក្រុងកាន់តែប្រសើរនិងក្លាយជាសញ្ញាសម្ពាល់ថ្មីមួយទៀតរបស់ទីក្រុងភ្នំពេញ៕