ដងស្ទឹងព្រែកត្នោត នឹងប្រែមុខមាត់ថ្មី ខណៈឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺបានប្រកាសអំពីផែនការដាំដើមត្នោតនៅសងខាងដងស្ទឹងមួយនេះ ដែលមានប្រវែងប្រមាណ ៤០ គីឡូម៉ែត្រ ដើម្បីលើកសោភ័ណ្ណភាពខេត្ដ។
ថ្លែងនៅក្នុងពិធីរុក្ខទិវាកាលពីពេលថ្មីៗឯកឧត្ដមបានបញ្ជាក់ថា «ឥឡូវនេះក៏បានពិភាក្សាគ្នាដើម្បីជាមួយឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ដ ក៏ដូចគ្នាជាមួយនឹងមន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ យើងត្រូវតែដាំដើមត្នោតសងខាងស្ទឹងព្រែកត្នោតរបស់យើងនេះ។ នេះគឺជាយុទ្ធនាការណ៍ដែលយើងត្រូវតែធ្វើ ហើយការដាំដើមត្នោតនេះមិនត្រឹមតែធ្វើនៅស្ទឹងព្រែកត្នោតនេះទេ យើងនឹងដាំទៅដល់តំបន់ណាដែលជាគោលដៅទេសចរណ៍ធម្មជាតិ ទឹកធ្លាក់អីក៏ត្រូវតែរៀបចំដែរ»។
ឯកឧត្ដមបញ្ជាក់បន្ថែមថា យុទ្ធនាការណ៍ដាំដើមត្នោតនេះ មិនមែនដាំតែត្នោតសុទ្ធនោះទេ តែក៏មានដំាដើមឈើ និងប្រភេទផ្កាផ្សេងៗទៀតផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សូមជម្រាបថា ស្ទឹងព្រែកត្នោតនេះ គឺមានប្រវែងសរុបជិត ៤០ គីឡូម៉ែត្រដែលស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺ។ ហើយកាលពីពេលកន្លងទៅ រដ្ឋបាលខេត្ដក៏បានប្រកាសពីគម្រោងរៀបចំស្ថាបនាសួនច្បារ និងផ្លូវធ្វើដំណើរប្រវែង ៩ គីឡូម៉ែត្រអមសងខាងស្ទឹងព្រែកតោ្នតផងដែរដោយចាប់ផ្ដើមពីគល់ស្ពានធ្នួសលួង រហូតមកដល់ស្ពានអំពែភ្នំ ស្ថិតក្នុងភូមិសាស្ដ្រក្រុងច្បារមន ដើម្បីទុកឲ្យប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណ៕