ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ចូលរួមជំរុញការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា
Daneth MechJULY 31 2024

FWD Group Holdings Limited (“FWD Group” ឬ​ក្រុម​ហ៊ុន​ “FWD”) នៅថ្ងៃនេះបានប្រកាសពីកិច្ចសហការជាមួយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារ​គមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជួយ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។​

គំនិតផ្តួចផ្តើមនេះនឹងផ្តល់ការបណ្តុះបណ្តាលទៅដល់អ្នកដែលបំពេញការ​ងារ​ផ្នែក​សារព័ត៌មានច្រើន​ជាង 100​ នាក់ ព្រម​ទាំង​ការ​ប្រកាស​បើក​​​ការប្រកួតផលិត​មាតិកា​ ក្នុង​គោល​បំណង​​លើកកម្ពស់ការយល់ដឹងពី​ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបាន​កាន់តែទូលំទូលាយក្នុង​សហគមន៍​។​ កិច្ចសហ​ការនេះត្រូវ​បានប្រកាសនៅថ្ងៃនេះក្នុង​ជំនួបធុរកិច្ច​អាហារថ្ងៃត្រង់របស់សហគមន៍ធុរកិច្ច​ក្នុងស្រុកនៅរាជធានីភ្នំពេញ។​

ជំនួបនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជាដឹកនាំដោយ The Hon Mr John KC Lee, GBM, SBS, PDSM, PMSM នាយកប្រតិបត្តិ​ នៃតំបន់រដ្ឋបាលពិសេសហុងកុង​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែល​រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council)។ ប្រធាន​​ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Pacific Century Group ​លោក Richard Li Tzar Kai​ ក៏​ជា​សមាជិក​ចូល​រួម​ក្នុង​គណៈ​ប្រតិភូ​ធុរកិច្ច​នេះ​ដែរ​។

លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយណាស់​ក្នុងកិច្ចសហការ​ជាមួយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសាគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជួយ​លើក​កម្ពស់​ចំណេះ​ដឹង​ក្នុង​ការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងនៅក្នុងសហគមន៍កម្ពុជា​។»

លោកបានបន្ថែមទៀតថា៖ «តាម​រយៈ​កិច្ចសហការជាមួយនឹងស្ថាប័ន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ខ្ពស់​ដូច​ជា​ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសាគមនាគមន៍​​ ​ យើងខ្ញុំមានជំនឿចិត្តថាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងប្រើប្រាស់ជំនាញ ជាមួយនឹងភាពច្នៃប្រឌិតដើម្បីនាំយកនូវគោលគំនិតនៃចំណេះដឹងហិរញ្ញវត្ថុសម្រាប់​ការ​ប្រើ​ប្រាស់​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។​»​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានចាប់ផ្តើមអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ក្នុងឆ្នាំ 2021 ជាមួយ​ប្រតិបត្តិការ​អាជីវកម្ម​បែបឌីជីថល​ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ក្រដាស និងបច្ចេកវិទ្យា​ខ្ពស់​។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា​ក្នុងឆ្នាំ 2023» ពី​ International Finance Awards។

ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសាគមនាគមន៍​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ 2001 និងជាគ្រឹះស្ថាន​បណ្តុះបណ្តាលផ្នែកទំនាក់ទំនង សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដំបូងគេក្នុងប្រទេសកម្ពុជា។

អំពី FWD Group

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 13 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD បានបង្កើតឡើងក្នុងឆ្នាំ 2013 និងផ្តោតទៅលើចក្ខុ​វិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។ ក្រុមហ៊ុនតែង​យកអតិថិជនជាគោល ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និងផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការនាំយកនូវផលិតផលដែលមានភាពច្នៃប្រឌិត ងាយស្រួលយល់ និង​បទពិសោធន៍​សេវាធានារ៉ាប់​រងដែលមានភាពសាមញ្ញជូន​ដល់​អតិថិជន​។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia