រដ្ឋចេញបញ្ជាក់ពីដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ខណៈសំឡេងគ្រឿងចក្រនឹងបន្លឺឡើងពេលធ្វើរឿងនេះរួច
Bunthoeun KoemNOVEMBER 28 20241.1 K views

នាពេលថ្មីៗនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកទី១ នៅកម្ពុជា​ នឹងសម្រេចការសាងសង់តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈចាប់តាំងពីថ្ងៃសម្ពោធបើកការដ្ឋានសាងសង់មក ក្រុមការងារបាននិងកំពុងធ្វើការសិក្សាបន្ថែម និងដោះស្រាយប៉ះពាល់ជូនពលរដ្ឋដែលនៅជុំវិញគម្រោងនេះ។

 

468487203 1005275488297384 4730663250819439820 N

 

ឯកឧត្ដមថា បច្ចុប្បន្ននេះក្រុមការងារកំពុងរង់ចាំទឹកស្រកដើម្បីចុះទៅធ្វើនិយាមការឲ្យបានត្រឹមត្រូវ បន្ទាប់មកទៀតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការតាមក្រោយដើម្បីផ្ដល់សំណងទៅកាន់អ្នកដែលរងផលប៉ះពាល់ពីគម្រោងនេះ។ តាមការសិក្សាបឋមមានផ្ទះ ១៥៨៥ ខ្នងបានរងផលប៉ះពាល់ ប៉ុន្ដែដោយសារមានការពង្រីកបន្ថែមនៅកន្លែងខ្លះ ផលប៉ះពាល់ផ្ទះបានកើនដល់ ២៣០៥ ខ្នង ក៏ប៉ុន្ដែមានតែផ្ទះ ៤០០ ខ្នងទេដែលត្រូវរើចេញ ក្រៅពីហ្នឹងគឺរងផលប៉ះពាល់តិចតួចដូចជាប៉ះពាល់របងអីជាដើម ។ ដោយឡែកចំពោះដើមឈើវិញគឺរងផលប៉ះពាល់សរុបចំនួន ១៤៩ ១៦៣ ដើមផងដែរ។

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា “ប្រព័ន្ធ cdcIPM” កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរតាមការគ្រោងទុក ឬមុនការគ្រោងទុក។...យើងកំពុងរង់ចាំទឹកស្រកចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ បោះហើយនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកធ្វើដំណើរតាមក្រោយទៅពិនិត្យឲ្យបានច្បាស់លាស់លើអ្វីដែលយើងបានធ្វើ»។

 

ឯកឧត្ដមមានប្រសាសន៍បន្ដថា «រយៈពេល ៣ ខែនេះយើងកំពុងធ្វើការលម្អិត។ ខ្ញុំសូមជម្រាបថា ធ្វើរហូត ប៉ុន្ដែមិនទាន់ដល់ពេល។ យើងដោះស្រាយហើយយើងនឹងចាប់ដំណើរការ»។ ឯកឧត្ដមបន្ថែមថា «ឥឡូវទឹកស្រកតិចៗហើយ អ៊ីចឹងយើងចាប់ផ្ដើមនឹងបោះនិយាមការ ហើយដោះស្រាយ​ផលប៉ះពាល់ទើបយើងធ្វើបាន បើដោះស្រាយផលប៉ះពាល់មិនទាន់បានផងធ្វើម៉េចកើត អ៊ីចឹងយើងនឹងរៀបចំធ្វើកិច្ចការនេះ»។

 

8c9653e4 Be30 478b Aaba B35b6dd5a67e

 

ជុំវិញគម្រោងនេះដែរ កាលពីដើមខែតុលា កន្លងទៅក្នុងដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមេរិក ឯកឧត្ដម ស៊ុន ​ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ម្ដងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រសាងសង់ នៅពេលដែលការដោះស្រាយប៉ះពាល់នៅជុំវិញគម្រោងនេះត្រូវបានបញ្ចប់។ ហើយចំពោះការដោះស្រាយផលប៉ះពាល់នេះវិញ អាចមានរយៈពេល ៦ ខែទៅដល់ ១ ឆ្នាំទើបអាចរួចរាល់។

 

សូមជម្រាបថា សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

 

គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ 

 

6de5b5a7 4eb4 4212 B0e9 Ee5435b409ce

F885e551 B329 406b A098 D40ba4226ae0

03a94b9a B6eb 4e05 A8fb D57a58e6c481

0ec56372 0bd6 46b6 B38d 94c4b27fa8b5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia