គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គម្រោងនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ តើមកដល់ពេលនេះ គម្រោងផ្លូវទឹកដ៏ធំនេះដំណើរការដល់ដំណាក់កាលណាហើយ?
បើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ ពេលនេះគម្រោងព្រែកជីកហ្វូណនតេជោស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះបើតាមការបញ្ជាក់ពី ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស កាលពីពេលកន្លងទៅបានបង្ហើបឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការសាងសង់ទ្រង់ទ្រាយធំ និងមានគ្រឿងចក្រធំៗចូលសាងសង់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ រដូវប្រាំងខាងមុខនេះ។ ខណៈការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបបានបញ្ចប់១០០ភាគរយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។
គួរជម្រាបផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបែងចែកការសាងសង់ជា ២ ផ្នែក។ ដោយក្នុងនោះផ្នែកទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។ ខណៈគម្រោងនេះដែរនឹងត្រូវចំណាយថវិកាចំនួន ១៧០០ លានដុល្លារសម្រាប់ការសាងសង់ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ៕