បើកការដ្ឋានមែន តែធ្វើរឿងសំខាន់នេះរួចសិន ទើបគម្រោងព្រែកជីកហ្វូណនតេជោចាប់ផ្ដើមសាងសង់
Bunthoeun KoemOCTOBER 4 20241.6 K views

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រសាងសង់នៅពេលការដោះស្រាយផលប៉ះពាល់ដី ស្រែ ចំការ របស់ប្រជាពលរដ្ឋត្រូវបានបញ្ចប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ។

 

461511247 122216636678029244 3322135491010931323 N

 

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមេរិក ឯកឧត្ដមបានមានប្រសាសន៍ថា «យើងបើកការដ្ឋានមែនជាដំណើរការនៃការអនុវត្ដគម្រោងព្រែកជីក ប៉ុន្ដែយើងមិនធ្វើអ្វីទាំងអស់លុះត្រាតែយើងដោះស្រាយផលប៉ះពាល់សិន»។ ឯកឧត្ដមបន្ដថា សម្រាប់ការដោះស្រាយផលប៉ះពាល់នេះ រាជរដ្ឋាភិបាលនឹងធ្វើការបង់ថ្លៃឲ្យសមរម្យទៅតាមតម្លៃទីផ្សារផងដែរ។

 

«សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមមេត្ដាកុំព្រួយបារម្ភ រាជរដ្ឋាភិបាលយើងមិនយកដីដោយមិនបង់ប្រាក់ជូនគាត់ សងគាត់ទៅតាមទីផ្សារ និងនិតិវិធីពិតប្រាកដ។ មិនយកថ្ងៃហ្នឹងស្អែកធ្វើទេ ឲ្យគាត់រើចេញ ខ្ញុំថាយ៉ាងតិចពី ៦ ខែទៅ ១ ឆ្នាំទើបយើងដោះស្រាយបាន ទើបយើងចាប់ផ្ដើម»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ស៊ុន ចាន់ថុល

 

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

 

គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕ 

 

 

9ea53768 96cb 4cb2 80d2 C0b495c292e1

2d7ee991 E60b 42cf A052 1c590d2d3b9f

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia