ធនាគារលំដាប់កំពូល FTB វិនិយោគលុយ១១២លាន$ សង់អគារកម្ពស់ជិត១០០ម៉ែត្រ ក្បែរអគារកាណាឌីយ៉ា
SOKLY SOMARCH 13 2023919 views

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)​ កំពុងដំណើរការ ការសាងសង់ទីស្នាក់កាលកណ្ដាលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា (FTB Tower) មានតម្លៃប្រមាណជាង ១១២លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយនៅគេហទំព័រផ្លូវការរបស់ធនាគារ FTB។

ប្រភពដដែលបានឱ្យដឹងថា គម្រោងការសាងសង់នេះគឺកើតឡើងពីការ សហការគ្នារវាងធនាគារ FTB ជាមួយនឹងក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសមិន ឯ.ក (MSNH Investment)។ FTB Tower ត្រូវបានគេចាត់ទុកជាការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។

អគារពាណិជ្ជកម្មមួយនេះ មានផ្ទៃសរុប ៧៧.៥៩៣ម៉ែត្រការ៉េ និងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយមានជាន់ក្រោមដីចំនួន​៤ជាន់ សម្រាប់ធ្វើជាចំណតរថយន្ត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចតទៀតផង។

អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ ព្រមទាំងនៅក្បែរអគារកាណាឌីយ៉ាផងដែរ។

គួរបញ្ជាក់ផងដែរថា ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

សូមជម្រាបផងដែរថា អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia