ការទន្ទឹងរង់ចាំបានមកដល់ហើយ ទីបំផុតបណ្តាញសង្គម Telegram បានបើកឱ្យអ្នកប្រើបបណ្តាញសង្គមរបស់ខ្លួននៅជុំវិញពិភពលោកអាចរកលុយបានហើយ ឱ្យតែមានគ្រប់ទៅតាមគោលការណ៍ដែលតេឡេក្រាមកំណត់។
យោងតាមការចេញផ្សាយរបស់ Telegram.org កាលពីពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រោយពីរៀបចំមុខងាររួចរាល់ពេលនេះ អ្នកប្រើប្រាស់ Telegram អាចធ្វើការរកលុយបាន ប៉ុន្តែដើម្បីអាចបើករកលុយបាន លុះត្រាតែ Channel Telegram នោះមានអ្នក Subscribers ចាប់ពី ១ពាន់នាក់ឡើងទៅទើបអាចរកចំណូលបាន ។
ប្រភពដដែលបានបញ្ជាក់ថា មធ្យោបាយនៅក្នុងការរកលុយនេះគឺពឹងផ្អែកទៅលើពាណិជ្ជកម្ម ដែលមានន័យថានៅពេលដែល Channel Telegram របស់យើងមានអ្នកតាមដានចាប់ពី១ពាន់នាក់ឡើង តេឡេក្រាមនឹងធ្វើការផ្សាយពាណិជ្ជកម្មនៅក្នុងនោះហើយចំណូលដែលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មនឹងបានទៅដល់ម្ចាស់ Channel ម្នាក់ពាក់កណ្តាល។
ដោយឡែកសម្រាប់ចំណូលដែលរកបាន Telegram នឹងធ្វើការទូទាត់ទៅម្ចាស់ Channel តាមរយៈ Toncoins ដែលជារូបិយប័ណ្ណគ្រីបតូដែលដំណើរការដោយ TON Blockchain ។ មូលហេតុដែល Telegram មិនប្រើមធ្យោបាយទូទាត់តាមធនាគារដោយហេតុថា ការទូទាត់តាម Toncoins សេវាទូទាត់រហ័សនិងសេវាទូទាត់ទាបជាងសេវាធនាគារ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការបើកឱ្យរកលុយនេះគឺខាង Telegram មិនទាន់មានបញ្ជាក់ពីមធ្យោបាយតភ្ជាប់ណាមួយដើម្បីអាចចូលទៅរកលុយបាននោះទេ Telegram គ្រាន់តែបង្ហាញពីការបើកឱ្យរកលុយប៉ុណ្ណោះ ដោយឡែកសម្រាប់របៀបក្នុងការបើករកលុយយ៉ាងណានោះ Telegram នឹងធ្វើការបញ្ជាក់នៅពេលក្រោយបន្តទៀត៕