យុវជនខ្មែរ ខ្លាំងមិនធម្មតា! ប្រេីលុយត្រឹម ៣០$ រកស៊ីតាមអនឡាញ រហូតអាចបេីកហាងលក់ដ្រូនដ៏ល្បីមួយ នៅកម្ពុជា
Pen Sodalen•AUGUST 16 2026•387 views

គ្មានអ្នកណានឹកស្មានដល់ថា បុគ្គលិក Graphic Design ធម្មតាម្នាក់ដែលធ្លាប់តែអៀនប្រៀន ខ្លាចគេ និងមិនសូវចេះនិយាយម្នាក់ អាចប្រែក្លាយខ្លួនជាម្ចាស់ហាងលក់ដ្រូន SRRC ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់នោះឡើយ! នៅពីក្រោយភាពជោគជ័យរបស់ លោក សំស៊ីរ៉ាត់ គឺផ្តើមចេញពី ភាពស្មោះត្រង់ ការងារច្បាស់លាស់ និងភាពម៉ត់ចត់ទៅលើការងារ រហូតឈានទៅពង្រឹងភាពក្លាហាន និងរៀនសូត្រពីរបៀបគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង។

បច្ចុប្បន្ននេះ SRRC បានក្លាយជាហាងដ៏ល្បីឈ្មោះមួយដែលមានអតិថិជន និងយុវវ័យគាំទ្រយ៉ាងច្រើនលើសលប់ ដោយមានអ្នកតាមដានលើ Facebook ជាង ៧ ម៉ឺននាក់ និង TikTok ជិត ១៧ ម៉ឺននាក់។

តាមរយៈបទសម្ភាសន៍ជាមួយ Business Cambodia លោក សំស៊ីរ៉ាត់ បានរៀបរាប់យ៉ាងលម្អិតពីដំណើរជីវិតតស៊ូ និងការឆ្លងកាត់ឧបសគ្គជាច្រើន។ ថ្ងៃនេះ Business Cambodia នឹងចែករំលែកមេរៀនជោគជ័យសំខាន់ៗចំនួន ៣ របស់លោក មកចែករំលែកដល់អ្នកដែលចង់ចេញចាប់ផ្តើមអាជីវកម្មទាំងអស់គ្នា៖

 

១. លាឈប់ពីការងារមកចាប់ផ្តើមរកស៊ីចំណាយដើមទុនត្រឹម ៣០ ដុល្លារ

បន្ទាប់ពីទទួលបានបទពិសោធន៍ល្មមសមគួរហើយនោះ លោក សំស៊ីរ៉ាត់ ក៏បានសម្រេចចិត្តសាកល្បងបើកមុខរបរ ផ្ទាល់ខ្លួនដោយចាប់ផ្តើមពីដើមទុនត្រឹមតែ ៣០ ដុល្លារប៉ុណ្ណោះ។ នៅដំណាក់កាលដំបូង លោកបានប្រើប្រាស់Facebook ផ្ទាល់ខ្លួន ដើម្បីផុសលក់កាស Bluetooth ក្នុងចំនួនតិចតួចតែប៉ុណ្ណោះទៅតាមថវិកាដែលលោកមាន។ ទោះបីជាខែដំបូងមើលទៅមិនសូវមានសង្ឃឹម ប៉ុន្តែដោយសារតែការខិតខំ និងព្យាយាមផុសជារៀងរាល់ថ្ងៃ ផលិតផលរបស់លោកក៏ចាប់ផ្តើមមានគេទិញជាបន្តបន្ទាប់ រួចលោកក៏សម្រេចធ្វើការលាឈប់ពីការងារជា Graphic design មកចាប់យកការរកស៊ីតែម្តង។

មិនរង់ចាំយូរ បន្ទាប់ពីការលក់កាសដំណើរការល្អហើយ   លោកក៏បានបន្តយកដើមទុនទៅពង្រីកដើម្បីនាំចូលរបស់ លេងក្មេងៗ ដូចជា  ឡានបញ្ជា  នាឡិការវៃឆ្លាត  និងម៉ាស៊ីនហ្គេមជាច្រើនប្រភេទទៀតដើម្បីយកមកលក់បន្ថែមទៀត។  ដោយសារមានការគាំទ្រកាន់តែច្រើនឡើងៗ លោកក៏បានបន្ថែមនូវដ្រូនជាច្រើនម៉ូឌែលដើម្បីតម្រូវតាមបំណងអតិថិជន រហូតអាចពង្រីកខ្លួនជាហាង SRRC និងឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារលក់ដ្រូនដ៏ល្បី និង មានសន្ទុះគាំទ្រនៅកម្ពុជា។

 

 

Car

 

 

Drone

 

២. ជម្នះការប្រកួតប្រជែង ដោយផ្តោតលើគុណភាព សេវាកម្ម

នៅលើទីផ្សារដែលមានដៃគូប្រកួតប្រជែងលក់ដ្រូនដូចគ្នា ក៏ប៉ុន្តែ លោក សំស៊ីរ៉ាត់ មិនបានដកថយឡើយ ប៉ុន្តែលោកបាន ជ្រើសរើសផ្លូវតស៊ូ ដោយពង្រឹងលើគុណភាព ផ្តល់សេវាកម្មល្អ និងបង្កើនទំនុកចិត្តពិតប្រាកដដល់អតិថិជន។ ហាងរបស់លោកមិនត្រឹមតែលក់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសេវាកម្មជួសជុលលើគ្រឿងអេឡិចត្រូនិកដូចជា ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតយ៉ាងស្ទាត់ជំនាញថែមទៀតផង។

ទស្សនវិស័យ និងគន្លឹះសំខាន់ដែលលោកតែងតែប្រកាន់ខ្ជាប់ ហើយជាពាក្យមួយឃ្លាដែលគួរអោយចាប់អារម្មណ៍នោះគឺ៖ «អ្នកដែលទិញខ្ញុំម្តងហើយ ត្រូវតែមកទិញវិញម្តងទៀតជាមួយទំនុកចិត្ត»។ ស្មារតីទទួលខុសត្រូវជាគ្រឹះដ៏រឹងមាំដែលធ្វើ ឱ្យអតិថិជនចាស់នៅតែបន្តគាំទ្រ ហើយអតិថិជនថ្មីក៏កាន់តែជឿជាក់លើហាង SRRC ច្រើនឡើងៗដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោកបានផ្តល់មតិយោបល់ដល់អ្នកដែលចង់ចេញមករកស៊ីថា គួរតែធ្វើការផង និងសាកល្បងលក់ដូរ ពីតូចតាចបណ្តើរៗផង ដើម្បីឱ្យមានប្រាក់ខែជាទុនបម្រុង និងបានរៀនសូត្រពីរបៀបគ្រប់គ្រងការងារ និង របៀបរកស៊ី។ ការដែលចាប់ផ្តើមពីតូច ធ្វើឱ្យអាជីវកម្មរបស់យើងមានគ្រឹះរឹងមាំ និងមិនងាយដួលឡើយ  ព្រោះយើងបានជួបបញ្ហា និង បទពីសោធន៍ច្រើនហើយ។ ជាក់ស្តែង នៅពេលជួបវិបត្តិ សេដ្ឋកិច្ចឆ្នាំ ២០២៤-២០២៥ អំឡុងពេលជម្លោះខ្មែរ និង សៀម លោកបានបាក់ទឹកចិត្តយ៉ាងខ្លាំង  ស្ទើរកើតជំងឺ depression ដោយសារលក់មិនដាច់ សឹងទប់ខ្លួនមិនជាប់នឹងវិបត្តិហិរញ្ញវត្ថុ  ព្រោះតែគ្រប់គ្នាទុកលុយមិនហ៊ានចំណាយលើរបស់ដែលមិនចាំបាច់ក្នុងគ្រាលំបាកឡើយ  ទោះបាក់ទឹកចិត្តយ៉ាងណា ក៏លោកមិនដែលភ្លេចថាខ្លួនចាប់ផ្តើមរហូតដល់មានហាងSRRCនេះ ត្រឹមលុយ៣០$ សោះ ហេតុអីបានជាត្រូវបាក់ទឹកចិត្ត នេះហើយជាមូលហេតុដែលធ្វើអោយអាជីវកម្មលោករឹងមាំដូចបច្ចុប្បន្ន។

 

Ey Van

 

៣. ការបង្កើតឱកាស និងការជំរុញយុវជនក្នុងវិស័យបច្ចេកវិទ្យា

បន្ថែមពីលើការលក់ដូរ មួយរយៈពេលមុន លោក សំស៊ីរ៉ាត់ បានដឹកនាំក្រុមប្អូនៗយុវជនចូលរួមប្រកួតក្នុងកម្មវិធី BATTLEBOT រហូតទទួលបានជ័យលាភីលេខ ១ ពីរដូវកាលជាប់ៗគ្នា។

លោកក៏បានបញ្ជាក់ប្រាប់ Business Cambodia ថា៖ «យុវជនកម្ពុជាយើងពិតជាមានសមត្ថភាព និងខួរក្បាលឆ្លាតវៃខ្លាំងណាស់ ពួកគាត់គ្រាន់តែខ្វះការជំរុញ លើកទឹកចិត្ត និងការផ្តល់ឱកាសតែប៉ុណ្ណោះ»។ ដោយសារតែឃើញពីសក្តានុពលនេះហើយ ទើបលោកបានសហការជាមួយក្រុមហ៊ុន និងដៃគូនានា ដើម្បីបង្កើតកម្មវិធី RC Airplane and Drone Competition 2026 ឡើង  ដោយលើកទី១ ធ្វើឡើងនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ និងលើកទី២ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនបានបញ្ចេញ​សមត្ថភាព និងចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលអាចជួយដល់សង្គមជាតិ និងប្រព័ន្ធការពារជាតិទៅថ្ងៃអនាគត។

 

សរុបមកដំណើរជីវិតរបស់លោក សំស៊ីរ៉ាត់ ម្ចាស់ហាង SRRC ប្រៀបដូចជាសាក្សីរស់ដែលបង្ហាញថា ការចាប់ផ្តើមពីដើមទុនតិចតួច ឬចំណុចខ្សោយពីអតីតកាល មិនមែនជាឧបសគ្គរារាំងផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យនោះឡើយ គឺភាពស្មោះត្រង់ និង ការតស៊ូមិនបោះបង់ ព្រមទាំងការបង្កើនទំនុកចិត្តពិតប្រាកដដល់អតិថិជនទៅវិញទេ  ដែលអាចអោយលោកបានប្រែក្លាយ ខ្លួនពីបុគ្គលិក Graphic Design ធម្មតាម្នាក់ មកជាម្ចាស់អាជីវកម្មដ្រូន និងឧបករណ៍អេឡិចត្រូនិកដ៏រឹងមាំ និង មានប្រជាប្រិយភាពមួយនៅលើទីផ្សារកម្ពុជាដូចពេលបច្ចុប្បន្ននេះ។

Sirath

Sirath 3

 

 

Sirath 2

 

Sirath1

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia