ប្រាក់ខែខ្ទង់៣៥០$! សហគ្រិនចាស់វស្សា៥រូបថា ត្រូវប្រញាប់ធ្វើរឿងធំៗ៥នេះជាបន្ទាន់
Kan DaraFEBRUARY 15 20232.6 K views

«ធ្វើការយូរហើយ គ្មានសល់អី ដុះតែក្បាលពោះ» នេះគឺជាសម្តីដ៏ពេញនិយមមួយដែលយើងតែងឭចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ សម្រាប់បុគ្គលិកប្រាក់ខែខ្ទង់ ២៥០-៣៥០ដុល្លារ/ខែ កាន់តែមានស្ថានភាពតានតឹង បើទោះបីខំក្បិតក្បៀតទប់នឹងការចំណាយយ៉ាងណា ក៏ខែខ្លះចាយអស់ៗគ្មានសល់ អាចនឹងឈានដល់ខ្ចីលុយគេចាយដោះកូយចុងខែទៀតក៏មាន។

ប្រសិនបើអ្នកកំពុងស្ថិតក្នុងខ្ទង់ចំណូលខាងលើ សហគ្រិនចាស់វស្សា៥រូប ប្រាប់ឲ្យប្រញាប់ធ្វើរឿងធំៗទាំង៥ ខាងក្រោមនេះជាបន្ទាន់៖

/. រៀនជំនាញថ្មី

ប្រាក់ខែខ្ទង់៣៥០ដុល្លារ/មួយខែ ចង់បានចំណូលថែម រឿងទីមួយដែលត្រូវធ្វើគឺយកលុយទៅរៀនបន្ថែម។ ត្រូវចាំថា ចំណូលដែលអ្នករកបានគឺអាស្រ័យលើសមត្ថភាព ចំណេះជំនាញដែលអ្នកមាន។ ឧបមាថា បុគ្គលិកពីរនាក់ចូលធ្វើការដំណាលគ្នា ប៉ុន្តែបុគ្គលិកដែលចេះភាសាអង់គ្លេស ឬចិន ហើយចេះប្រើកុំព្យូទ័រផ្សេងៗ មានឱកាសទទួលបានប្រាក់ខែខ្ពស់ជាង បុគ្គលិកដែលមិនចេះភាសាទីពីរ។

ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ។

11

២/. រៀបក្រឡាចងចំណងឲ្យចំណេញ

របៀបធ្វើទំនាក់ទំនងសង្គមវាពិតជាសំខាន់ណាស់ ពីព្រោះសង្គមនឹងផ្ដល់ឱកាសខ្ពស់ដល់មនុស្សដែលមានទំនាក់ទនងល្អជាមួយអ្នកដទៃ។ ចំណេះដឹងជាច្រើនទៀតក៏បានកើតឡើងតាមរយៈការចែករំលែកគ្នាទៅវិញទៅមកនេះដែរ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា៖ «មនុស្សដែលយើងចង់មានទំនាក់ទំនងល្អជាមួយគឺជាមនុស្សដែលអាចផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន មិនមែនមនុស្សដែលគិតតែរឿង ដើរលេង ផឹកស៊ីអត់ប្រយោជន៍ទេ ពីព្រោះជួនការពួកគេអាចទាញយើងទៅបាន បើយើងស្មារតីនៅខ្សោយ»

22

៣/. ប្រាក់ខែ២៥០$ ធ្វើការឲ្យដូច២៥០០$

ធ្វើការឲ្យខ្លាំង ប្រឹងធ្វើឲ្យលើស ធ្វើឲ្យអស់ពីលទ្ធភាពនិងសមត្ថភាព កុំខ្លាចក្រុមហ៊ុនចំណេញ។ បើប្រាក់ខែត្រឹម២៥០$ ត្រូវធ្វើឲ្យលើស២៥០$ ធ្វើច្រើនចេះច្រើន ចេះច្រើនចំណូលច្រើន តួនាទីក៏ឡើង ប្រាក់ខែក៏ខ្ពស់។ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ពេលដែល​ខ្ញុំធ្វើការឱ្យគេប្រាក់ខែ២៥០ដុល្លារ ប៉ុន្តែខ្ញុំធ្វើការដូចប្រាក់ខែ២៥០០ដុល្លារ ដោយសារតែ២៥០ដុល្លារ ជាអ្វីដែលខ្ញុំកំពុង​ធ្វើ ប៉ុន្តែមិនមែនអ្វីដែលខ្ញុំចង់បាន ហើយពាក្យថា CEO នេះមិនដែលមាននៅក្នុងក្តីប្រាថ្នាខ្ញុំនោះដែរ ខ្ញុំគ្រាន់តែមានក្តីប្រាថ្នាត្រឹមមានឡានសម្រាប់គ្រួសារនិងមានមុខរបរត្រឹមត្រូវមួយ ហើយក៏មិនចង់ក្លាយជាអ្នកមានមហាសាលអ្វីនោះដែរ»

ាាា

៤/. ដកសន្សំយ៉ាងតិច១៥%

ត្រូវដកសន្សំឲ្យបានយ៉ាងតិច១៥%ក្នុងមួយខែ ដើម្បីទុកវិនិយោគភាគហ៊ុន ដី ឬទិញផលិតផលយកមកលក់បន្តជាដើម។ បន្ថែមពីនេះ អ្នកអាចយកលុយទៅដាក់ធនាគារដែលមានកាលកំណត់ ដើម្បីកុំឲ្យលុយរបស់អ្នកនៅទំនេរផងដែរ។ ជាក់ស្តែង មហាសេដ្ឋីចិន លី កាស៊ីង បានផ្តល់ដំបូន្មានឲ្យដកលុយសម្រាប់កញ្ចប់សន្សំរហូតដល់ទៅ ២៥% ឯណោះនៃចំណូលសរុប ព្រោះវាគឺជាគ្រាប់ពូជអនាគតរបស់អ្នក។

66

៥/. ចៀសវាងការទិញសម្ភារនិយម

បើអាចចូរចៀសវាងការទិញសម្ភារនិយមដូចជា ឡើងស៊េរីទូរស័ព្ទញឹក ម៉ូតូតម្លៃថ្លៃ និងរបស់ប្រើប្រាស់ជាច្រើនផ្សេងទៀតដែលធ្វើឲ្យខ្លួនធ្លាក់ក្នុងរណ្តៅបំណុល គ្មានឱកាសសល់លុយវិនិយោគដូចគេ។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងយ៉ាងដូច្នេះថា៖ «អំឡុងពេលអតិផរណាកើនឡើងបែបនេះ អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើសម្ភារនិយមឡើយព្រោះរបស់ទាំងអស់នោះអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត»

Zz

យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣៥០ដុល្លារ ឡើងដល់ ៣៥០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យស័ក្តិសមនឹងទទួលបានវា ដូចមានពាក្យមួយឃ្លាលើកឡើងថា៖ «ចំណូលរបស់អ្នកមិនអាចលើសពីកម្រិតសមត្ថភាពរបស់អ្នកឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia