គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង នឹងលេចឡើងនៅក្នុងខេត្ដក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ដមណ្ឌលគិរី។ ខណៈកាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣ លើគម្រោងខាងលើ។

ដោយតាមការចុះផ្សាយដោយ(ក.វ.ឦសាន) ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ២ នៅខេត្តរតនគិរី និង ៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និង មធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និង រីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និង កាហ្វេ ។
បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារ ក៏ទទួលបានការស្នើសុំសម្របសម្រួលនីតិវិធី និង គាំទ្រការអនុវត្តគម្រោងវិនិយោគផងដែរ ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន, ការសម្របសម្រួលសាងសង់ផ្លូវ ជាដើម ដែលជាកម្មវត្ថុនៃកម្មវិធីពិសេសភូមិភាគឦសាន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ច ព្រមទាំងជំរុញការវិនិយោគ នៅដំណាក់កាលអនុវត្ត ឱ្យបានរលូន និង ឆាប់រហ័ស សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ពិសេស នៅតំបន់ភូមិភាគឦសាន ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន ។

គួរបញ្ជាក់ជូនផងដែរថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ហើយកាលពីឆ្នាំ ២០២៥ កន្លងទៅ, ក.វ.ឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ដែលមាន ៦ គម្រោងនៅខេត្តក្រចេះ, ៤ គម្រោង នៅខេត្តមណ្ឌលគិរី, និង ៣ គម្រោង ខេត្តរតនគិរី ជាមួយនឹងទុនវិនិយោគសរុប ៦៦៨,៧ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មីប្រមាណ ១២ ៧៧៧ កន្លែង ។ គម្រោងទាំង ១៣ នេះនឹងចាប់ផ្តើមអនវុត្តនៅដើមឆ្នាំ ២០២៦ នេះ ដែលគ្របដណ្តប់លើវិស័យមួយចំនួន ដូចជា ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, គ្រឹះស្ថានថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានជាអាទិ៍ គម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាដើម ។
ជាស្ថិតិសរុប ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅខែ មេសា ឆ្នាំ ២០២៥ មកទល់ខែ មករា ឆ្នាំ ២០២៦ នេះ, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានពិនិត្យវាយតម្លៃ និង សម្របសម្រួលនីតិវិធីជូនគម្រោងវិនិយោគចំនួន ៣៥ ក្រោមទុនវិនិយោគសរុបប្រមាណ ១,០៦៣ ប៊ីលានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារបានចំនួនជិត ១៧.០០០ កន្លែង ៕




