ខេត្ដកំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានសម្រេចអនុម័តនាពេលថ្មីៗនេះ។ ដោយគម្រោងទាំង ៤ នេះមានទុនវិនិយោគសរុបប្រមាណ ២៤ ៨៥៣ ៩១១ ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួនជាង ១២០០ កន្លែងផងដែរ។
យោងតាមការដកស្រង់ពីរដ្ឋបាលខេត្ដកំពងស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ភា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ក្នុងកិច្ចប្រជុំនេះដែរ សម្រាប់ខេត្ដកំពង់ស្ពឺ គឺមាន គម្រោងវិនិយោគចំនួន ០៤គម្រោង ត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានដូចជា៖
១. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម (ប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុក) របស់ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD.,
២.គម្រោងបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក របស់ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD.,
៣. គម្រោងបង្កើតរោងចក្រផលិតអំពូលគ្រប់ប្រភេទ របស់ក្រុមហ៊ុន ZENITH LIGHTING (CAMBODIA) CO.,LTD.,
៤. គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងឧបករណ៍បរិក្ខាពេទ្យ (ឧបករណ៍សំអាតមាត់ ធ្មេញ) របស់ក្រុមហ៊ុន FLYCAT ELECTRICAL (CAMBODIA) CO.,LTD៕