រង់ចាំតែថ្ងៃបើកការដ្ឋាន! ខណៈគម្រោងធំៗ ៤ នេះត្រៀម និងបញ្ចប់ការសិក្សាទីតាំងសាងសង់ហើយ
Bunthoeun KoemMARCH 26 20246.3 K views

ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងទាក់ទាញអ្នកវិនិយោគ រាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនជាងច្រើនទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ខណៈគម្រោងខ្លះបានកំពុងសាងសង់ ឯគម្រោងខ្លះទៀតត្រូវបានសិក្សារួចរាល់ និងត្រៀមបើកការដ្ឋានក្នុងពេលខាងមុខផងដែរ។ ហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងធំៗ ៤ ដែលត្រូវបានសិក្សា និងរង់ចាំការបើកការដ្ឋានតែប៉ុណ្ណោះដែលនោះរួមមាន៖

១. ផ្លូវល្បឿនលឿនទី៣

គម្រោងផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បាននិងកំពុងសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៤ នេះហើយ មុនឈានដល់ការបើកការដ្ឋាននាពេលខាងមុខ។

តាមការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ នេះមានប្រវែង ៤២០ គីឡូម៉ែត្រ និងឆ្លងកាត់រាជធានី-ខេត្ដចំនួន ៦ រួមមាន៖រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូមែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។

50501234 Ad2f 4b1a Aa25 3d670b5d5d7a

២. ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

កាលពីពេលកន្លងទៅក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក៏បានធ្វើការសិក្សាគម្រោងលើកកម្រិតផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត្រផងដែរ។ តាមរយៈការសិក្សាបឋម គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ។

Image 2023 01 24 11 25 09

៣. ព្រែកជីកហ្វូណនតេជោ

គិតមកដល់ពេលនេះ គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានសិក្សារចប់សព្វគ្រប់ហើយ។ ដោយផ្លូវទឹកប្រវត្ដិសាស្រ្ដតភ្ជាប់ពីទន្លេទៅសមុទ្រនេះមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកំពត ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល តាកែវ កំពត និងខេត្ដកែប។

តាមការសិក្សាគម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១.៧ ពាន់លានដុល្លារសម្រាប់ការសាងសង់ ខណៈគម្រោងនេះទទួលបានការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន CRBC។ ក្នុងនោះដែរតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះអាចនឹងបើកដំណើរការសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។

438

៤. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

គម្រោងស្ពានឆ្លងកាត់ទន្លេដ៏សំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះត្រូវបាន សិក្សារួចរាល់ផងដែរ។ ដោយស្ពាននេះនឹងសាងសង់ចេញពី មុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន ២ ខ្សែ។

តាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា គម្រោងស្ពានថ្មីនេះរំពឹងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ ខណៈថវិកាចំណាយលើកការសាងសង់មានជិត ២៥០ លានដុល្លារ៕

892b69b5 D596 402b B090 Ac197dc4f665

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia