សេដ្ឋកិច្ចធ្លាក់ចុះគឺជាក្ដីបារម្ភសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសទៅលើរឿងលុយកាក់ ខណៈដែលចំណូលចូលមកមិនសូវទៀង តែចំណាយវិញច្រើនលើសលប់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ Business Cambodia សូមណែនាំនូវរបស់៤យ៉ាង បើអ្នកមានក្នុងដៃ ទោះបីសេដ្ឋកិច្ចធ្លាក់ចុះ ក៏មិនភ័យខ្លាចដាច់បាយដែរ៖
១. ទ្រព្យឌីជីថល៖ សម័យនេះជាសម័យបច្ចេកវិទ្យា ហើយមនុស្សរាប់លាននាក់សុទ្ធតែនិយមប្រើប្រាស់បណ្ដាញសង្គម។ ហើយវាក៏ដល់ពេលដែលអ្នកគួរតែមានទ្រព្យសម្បត្តិឌីជីថល នៅក្នុងបណ្ដាញសង្គមធំៗមួយចំនួនដូច Facebook, YouTube, TikTok, ឬ Instagram ជាដើម។
ទ្រព្យសម្បត្តិដែលបានលើកឡើងខាងលើ គឺសំដៅទៅដល់ ផេកហ្វេសប៊ុក, ឆានែលយូធូប, និងគណនីTikTok។ ក្រៅពីការកំសាន្ត បណ្ដាញសង្គមទាំងអស់នោះ សុទ្ធតែអាចបង្កើតចំណូលឱ្យអ្នកបាន ចេញពីការផលិតវីដេអូ ឬចែករំលែកពីអ្វីដែលជាជំនាញរបស់អ្នក។
២០២៦ហើយ អ្នកគួរតែចាប់ឱកាសទាញយកប្រយោជន៍ពីកម្មវិធីទាំងអស់នោះឱ្យបាន កុំគិតថាខ្លួនចាស់ឬមិនចេះប្រើប្រាស់ មិនចេះកាត់វីដេអូ ឬមិនចេះថតឱ្យសោះ ព្រោះគ្រប់យ៉ាងចេះពីការរៀនសូត្រទាំងអស់ហ្នឹង។ ដូច្នេះហើយចូរស្វែងរកអ្វីដែលអ្នកកំពុងពូកែ ហើយបង្កើតវីដេអូ ឬសរសេរចែករំលែកនៅលើបបណ្ដាញសង្គមទៅ វានឹងបង្កើតចំណូលឱ្យអ្នកបានមិនខាន។
២. អចលនទ្រព្យជួល៖ ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគមួយដែលអ្នកមានមិនសូវមើលរំលងឡើយ។ ប៉ុន្តែត្រង់ចំណុចនេះគឺចង់ផ្តោតទៅលើអចលនទ្រព្យដែលអាចដាក់ជួលបាន ដូចជាតូបនៅផ្សារ ផ្ទះល្វែង ដីជួល ឬឃ្លាំងជួលជាដើម។ អចលនទ្រព្យជួល គឺជាទ្រព្យដ៏ពិសេសបំផុតក្នុងករណីសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះថាមនុស្សជាច្រើនកំពុងពិបាករកលុយ តែផ្ទុយទៅវិញអ្នកមិនត្រូវការចំណាយកម្លាំងឡើយ ចាំតែយកចំណូលអកម្មពីការជួលរាល់ខែតែប៉ុណ្ណោះ។
៣. ភាគហ៊ុន៖ ក្រៅពីអចលនទ្រព្យ អ្នកជំនាញ និងសេដ្ឋីជាច្រើន ក៏បានណែនាំឱ្យធ្វើការវិនិយោគលើផ្សាហ៊ុន។ បច្ចុប្បន្នផ្សារហ៊ុននៅស្រុកខ្មែរយើងមិនទាន់លេចធ្លោរខ្លាំងប៉ុន្មានទេ ប៉ុន្តែទៅថ្ងៃមុខវានឹងរីកធំឡើយ ដូច្នេះហើយគួរតែចាប់ផ្ដើមរៀនសូត្រពីពេលនេះទៅ។ ជាក់ស្ដែងអ្នកមានៗ សេដ្ឋីអាមេរិកភាគច្រើន សុទ្ធតែជាអ្នកចេះវិនិយោគលើផ្សារហ៊ុន។ ទាន់ស្រុកខ្មែរយើងទើបតែមាន តម្លៃហ៊ុននៅទាប គួរតែរៀនបណ្ដើរៗទុកជាទ្រព្យទៅថ្ងៃមុខ។
៤. មាស៖ ជាទូទៅពេលស្រុកទេសមានវិបត្តិ មនុស្សតែងតែទិញមាសទុកឬវិនិយោគលើមាសព្រោះមាសត្រូវបានគេចាត់ទុកជាលោហធាតុមានតម្លៃនិងជាទ្រព្យសុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងការដោះដូរជាមួយទំនិញផ្សេងៗពេលមានវិបត្តិឬរូបិយប័ណ្ណគេលែងត្រូវការ៕


