ប៉ាម៉ាក់ប្រយ័ត្ន! សកម្មភាព ៤ យ៉ាងដែលអាចប៉ះពាល់ខួរក្បាលកុមារយ៉ាងធ្ងន់ធ្ងរពីការមើលទូរស័ព្ទ
Pen SodalenAUGUST 27 2026420 views

នៅក្នុងសង្គមសម័យទំនើបនេះ ការហុចទូរស័ព្ទ ឬថេប្លេតឱ្យកូនមើល ដើម្បីឱ្យពួកគាត់អង្គុយស្ងៀម បាត់យំ ឬពេលញ៉ាំបាយ បានក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអភិវឌ្ឍន៍កុមារ និងប្រព័ន្ធប្រសាទបានព្រមានថា ទម្លាប់ងាយស្រួលមួយពេលនេះហើយ ដែលអាចបង្កើតជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល ប៉ះពាល់ដល់ផ្លូវចិត្ត និងសមត្ថភាពរៀនសូត្ររបស់កូនទៅថ្ងៃអនាគត។ ខាងក្រោមនេះជាសកម្មភាពពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ ៤ ចំណុចដែលប៉ាម៉ាក់តែងតែធ្វើ ប៉ុន្តែវាជាឃាតករបំផ្លាញខួរក្បាលកូនទៅវិញទេ។

 

១. ការឱ្យកូនមើលទូរស័ព្ទមុនពេលគេង

 

ប៉ាម៉ាក់ជាច្រើនតែងតែបើករឿង ឬវីដេអូឱ្យកូនមើលនៅលើគ្រែ ដើម្បីឱ្យកូនងងុយគេង  ប៉ុន្តែនេះជាវិធីដែលអាចបំផ្លាញដំណេករបស់កូនយ៉ាងធ្ងន់ធ្ងរ។ ពន្លឺដែលបញ្ចេញពីអេក្រង់ទូរស័ព្ទ វាអាចទប់ស្កាត់ការផលិតសារធាតុមេឡាតូនីន ដែលជាសារធាតុធម្មជាតិក្នុងខ្លួនសម្រាប់ជួយឱ្យគេងលក់។ នៅពេលកូនខ្វះដំណេកជ្រៅ ខួរក្បាលនឹងមិនអាចរៀបចំ និងរក្សាទុកព័ត៌មានដែលបានរៀនក្នុងមួយថ្ងៃនោះឡើយ ថែមទាំងធ្វើឱ្យកូនភ្ញាក់មកទាំងល្វើយ ឆាប់ខឹង និងប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូនលូតលាស់រាងកាយរបស់ពួកគេទៀតផង។

 

(ប្រភពយោង៖ ការសិក្សាពី National Institutes of Health - NIH បង្ហាញថាពន្លឺពណ៌ខៀវពីរលកអេក្រង់រំខានដល់ដំណេក និងការអភិវឌ្ឍស្រទាប់ខួរក្បាល Cortex របស់កុមារ)

 

២. ការឱ្យមើលវីដេអូខ្លីៗដែលផ្លាស់ប្តូរលឿនពេក

 

វីដេអូខ្លីៗលើបណ្តាញសង្គម  ត្រូវបានគេធ្វើឡើងដោយមានរូបភាពលឿនៗ ប្លែកៗ សំឡេងខ្លាំងៗ និងមានពណ៌ឆើតឆាយ ដើម្បីទាក់ទាញភ្នែករបស់ក្មេង។ វីដេអូបែបនេះធ្វើឱ្យខួរក្បាលកុមារបញ្ចេញសារធាតុដូផាមីនច្រើនជ្រុលក្នុងពេលខ្លី ដែលធ្វើឱ្យខួរក្បាលទម្លាប់ទទួលតែការជម្រុញបែបលឿនៗ។ នៅពេលកូនត្រូវត្រឡប់មកធ្វើសកម្មភាពធម្មតា ដូចជាការអានសៀវភៅ ឬការអង្គុយរៀនក្នុងថ្នាក់ ខួរក្បាលរបស់កូននឹងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំង រហូតក្លាយជាក្មេងខ្វះការអត់ធ្មត់ ឆាប់ខឹង និងមិនអាចផ្ដោតអារម្មណ៍លើអ្វីបានយូរឡើយ។

 

(ប្រភពយោង៖ ទស្សនាវដ្តីវេជ្ជសាស្ត្រ JAMA Pediatrics [2019] រកឃើញថាការមើលអេក្រង់លឿនៗច្រើន ធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធខួរក្បាល White Matter ដែលទទួលខុសត្រូវលើភាសា និងការផ្ដោតអារម្មណ៍)

 

៣. ការប្រើទូរស័ព្ទក្លាយជាថ្នាំសម្រួលអារម្មណ៍ពេលកូនយំ ឬខឹង

 

រាល់ពេលដែលកូនយំទារអ្វីមួយ ឬខឹងមួរម៉ៅ ប៉ាម៉ាក់ភាគច្រើនតែងតែហុចទូរស័ព្ទឱ្យកូនមើលភ្លាម ដើម្បីឱ្យកូនបាត់យំ។

វ័យកុមារគឺជាវ័យដែលខួរក្បាលត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងអារម្មណ៍ដោយខ្លួនឯង ដូច្នេះការហុចទូរស័ព្ទឱ្យកូន គឺស្មើនឹងការកាត់ផ្តាច់ដំណើរការរៀនសូត្ររបស់ពួកគេតែម្តង   ដោយមូលហេតុនេះហើយ ទើបកូនមិនចេះសម្រួលអារម្មណ៍ពេលខឹងដោយខ្លួនឯងឡើយ   ហើយយូរៗទៅ ខួរក្បាលកូននឹងញៀនអេក្រង់ និងទាមទារទូរស័ព្ទរាល់ពេលមានអារម្មណ៍មិនល្អ ប្រសិនបើមិនបាន នោះកូននឹងបញ្ចេញកំហឹងកាន់តែខ្លាំង។

 

(ប្រភពយោង៖ សមាគមគ្រូពេទ្យកុមារអាមេរិក - AAP បញ្ជាក់ថាការប្រើអេក្រង់បន្លប់អារម្មណ៍ ធ្វើឱ្យកុមារបាត់បង់សមត្ថភាពអភិវឌ្ឍន៍ការគ្រប់គ្រងអារម្មណ៍ [Emotional Self-Regulation])

 

៤. ការឱ្យមើលទូរស័ព្ទពេលញ៉ាំបាយ

 

ការបើកទូរស័ព្ទឱ្យកូនមើលនៅលើតុអាហារ ដើម្បីឱ្យកូនអង្គុយស្ងៀម ឬញ៉ាំបាយបានច្រើន ដោយមិនបាច់ហត់បញ្ចុក ជាទម្លាប់ដែលប្រកបដោយគ្រោះថ្នាក់ ព្រោះថាក្មេងមួយចំនួនមើលទូរស័ព្ទដល់ថ្នាក់ភ្លេចញុំាបាយតែម្តង  វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារ ហើយវាក៏ធ្វើឱ្យបាត់បង់ឱកាសក្នុងការនិយាយឆ្លើយឆ្លង និងការបង្កើតទំនាក់ទំនងល្អក្នុងគ្រួសារអំឡុងពេលញ៉ាំបាយផងដែរ។

 

(ប្រភពយោង៖ អង្គការសុខភាពពិភពលោក - WHO ណែនាំឱ្យលុបបំបាត់ការមើលអេក្រង់ពេលញ៉ាំអាហារ ដើម្បីជំរុញការប្រាស្រ័យទាក់ទងក្នុងគ្រួសារ និងទម្លាប់ហូបចុកដែលមានសុខភាពល្អ)

 

 

ការផ្តាច់ទូរស័ព្ទភ្លាមៗអាចជារឿងលំបាក ប៉ុន្តែប៉ាម៉ាក់អាចចាប់ផ្តើមផ្លាស់ប្តូរបានតាមវិធីសាស្ត្រងាយៗ។ សម្រាប់កុមារអាយុក្រោម ២ ឆ្នាំ មិនគួរឱ្យមើលទូរស័ព្ទទាល់តែសោះ ហើយកុមារអាយុ ២ ដល់ ៥ ឆ្នាំ គួរឱ្យមើលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ាម៉ាក់គួរបង្កើតទម្លាប់ហាមប្រើទូរស័ព្ទនៅលើតុអាហារ និងក្នុងបន្ទប់គេងជាដាច់ខាត ព្រមទាំងបិទទូរស័ព្ទ ១ ម៉ោងមុនពេលចូលគេងដោយជំនួសមកវិញនូវការអានសៀវភៅរឿង ឬការនិយាយលេងជាមួយ។ លើសពីនេះ ត្រូវផ្តល់សកម្មភាពផ្សេងៗដូចជាការគូររូប ការលេងប្លុកតម្រៀប ឬការនាំកូនទៅរត់លេងនៅខាងក្រៅផ្ទះ ហើយអ្វីដែលសំខាន់បំផុតគឺប៉ាម៉ាក់ត្រូវធ្វើជាគំរូដោយកាត់បន្ថយការកាន់ទូរស័ព្ទនៅចំពោះមុខកូនផ្ទាល់តែម្តង។

 

(ប្រភពយោង៖ ផ្អែកលើការណែនាំរួមគ្នារវាង WHO និង AAP សម្រាប់ការគ្រប់គ្រងពេលវេលាមើលអេក្រង់របស់កុមារ)



 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia