អស្ចារ្យណាស់! កូនខ្មែរ១ រូប ត្រៀមនាំម្នាស់ទឹកឃ្មុំខ្មែរ ចេញទៅប្រទេសចិនឆាប់ៗនេះហើយ
ធី ស្រីល័ក្ខJUNE 16 2023338 views

ពិតជារឿងដ៏គួរឱ្យរំភើបខ្លាំងមែនទែន ដែលកូនខ្មែរមួយរូបគឺលោក សាយ ពន្លឺចិត្តករុណា បានតស៊ូជាមួយរបរដាំម្នាស់ដល់ទៅ១០ឆ្នាំ បើទោះបីជាធ្លាប់ដួលប៉ុន្មានដងក៏លោកមិនចុះចាញ់ មិនខ្ចីអស់សង្ឃឹមរហូតធ្វើឱ្យលោកអាចសម្រេចក្តីស្រមៃបាន ដោយអាចចុះ MOU ជាមួយក្រុមហ៊ុនចិនដើម្បីនាំចេញម្នាស់ទៅប្រទេសចិនឆាប់ៗនេះផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកសាយ ពន្លឺចិត្តករុណា ដែលជាម្ចាស់ចម្ការម្នាស់ Sweet Royal Cambodia Pineapple បានឱ្យដឹងថា ទម្រាំតែលោកអាចសហការជាមួយក្រុមហ៊ុនចិនដើម្បីនាំចេញម្នាស់ទៅក្រៅបែបនេះ គឺលោកបានតស៊ូជាមួយដំណាំម្នាស់នេះខ្លាំងណាស់ពោលគឺនៅពេលរៀនចប់ផ្នែកកសិកម្មភ្លាមលោកក៏បានត្រឡប់ទៅស្រុកនៅឯខេត្តស្ទឹងត្រែងដើម្បីបានទៅដាំម្នាស់។ហើយនៅពេលនោះក្នុងអំឡុងឆ្នាំ២០០៨ ពេលដែលចាប់ផ្តើមដាំម្នាស់ដំបូងៗពិតជាលំបាកខ្លាំងណាស់ព្រោះពេលនោះលោកបានដាំហើយមិនសូវមានទីផ្សារ ហើយរឿងមួយទៀតនោះគឺខ្វះទុនតែម្តង។

លោកពន្លឺចិត្តករុណា បានបន្តទៀតថា បើត្រឡប់ទៅ១០ឆ្នាំមុន ទោះបីជាដាំដំបូងៗពុំមានទីផ្សារ ដាំហើយគ្មានអ្នកទិញក៏លោកមិនបោះបង់នៅមុខរបរមួយនេះដែរ ព្រោះលោកច្បាស់ជាមួយដំណាំម្នាស់នេះណាស់ ម្យ៉ាងសូម្បីតែបច្ចេកទេសដាំម្នាស់ក៏លោកចេះច្បាស់ដែរ ពោលអ្វីជាបញ្ហាធំនោះគឺខ្វះទុនដើម្បីពង្រីកតែប៉ុណ្ណោះ។ ក្រោយពីគេបានឃើញលោកដាំម្នាស់បានផលល្អ ក៏មានធនាគារធំ១នៅស្រុកខ្មែរឱ្យទុនលោកមកពង្រីកម្នាស់បន្ថែម ដូច្នេះលោកក៏បានយកទុនទាំងនោះដើម្បីមកកែច្នៃពីការដាំម្នាស់យកផ្លែ តែ១មុខ មកច្នៃជាទឹកម្នាស់វិញម្តងដល់យូរៗទៅលោកក៏តែងទទួលបានអតិថិជនច្រើនរហូតមកដល់សព្វថ្ងៃនេះឱ្យតែប្រមូលផលម្នាស់ទោះបីជាមានប៉ុន្មានក៏លក់អស់ដែរ។

3

ម្ចាស់ចម្ការម្នាស់នៅខេត្តស្ទឹងត្រែងបានបន្ថែមទៀតថា មែនទែនទៅកាលដាំដំបូងត្រឹមតែ ៥ពាន់ដើមប៉ុណ្ណោះលើផ្ទៃដី៥០ម៉ែត្រ ៤ជ្រុង តែពេលនេះលោកអាចពង្រីកបានរហូតដល់ទៅ២០ម៉ឺនដើមលើផ្ទៃដី ១០ហិចតាឯណោះ ហើយក្នុង១ឆ្នាំៗលោកអាចប្រមូលផលម្នាស់បានរាប់ម៉ឺនផ្លែដើម្បីលក់នៅលើទីផ្សារក៏ដូចជាច្នៃផ្លែម្នាស់ចេញជាទឹកម្នាស់ផងដែរ។

លោកពន្លឺចិត្តករុណា បានលើកឡើងទៀតថា បើនិយាយអំពីផ្លែម្នាស់វិញជនជាតិជប៉ុន នឹងជនចិត្តចិនចូលចិត្តខ្លាំងណាស់ព្រោះផ្លែម្នាស់មានអត្ថប្រយោជន៍ច្រើនជួយទៅដល់សុខភាពហើយវាក៏មានផ្ទុកនៅវីតាមីន C ដូចគ្នាពោលនៅពេលដែលយើងតឹងសរសៃកអី ជិតផ្លែម្នាស់តែ១ចំណិតហូបទៅគឺនឹងបានធូរស្បើយហើយ។

លោកសាយ ពន្លឺចិត្តករុណា ដែលជាម្ចាស់ចម្ការម្នាស់ Sweet Royal Cambodia Pineapple បានបញ្ជាក់ថា បន្ទាប់ពីតស៊ូដាំដំណាំម្នាស់នេះជាង១០ឆ្នាំ ក៏ដូចជាមានបច្ចេកទេសដាំត្រឹមត្រូវនឹងមានការច្នៃពីផ្លែម្នាស់ធម្មតាទៅជាស្រាម្នាស់នឹងមានការជួយជ្រោមជ្រែងពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ទីបំផុតនាពេលនេះក៏មានក្រុមហ៊ុនចិនមួយគឺក្រុមហ៊ុន Hainan Chaoqishiting Agricultural Technology Development Co.,ltd បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាស្តីពីការសហការចេញផលិតផលម្នាស់(ស្រាម្នាស់ទឹកឃ្មុំ ទឹកម្នាស់ទឹកឃ្មុំ ផ្លែម្នាស់ទឹកឃ្មុំ)ទៅកាន់ប្រទេសចិនឆាប់នេះហើយ។

1៨

លើសពីនេះទៅទៀត នៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុនចិនក៏បានសន្យាដែលថា គេនឹងធ្វើបទបង្ហាញទៅកាន់ក្រុមហ៊ុនចិនផ្សេងទៀត ឱ្យគេបានស្គាល់ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីឱ្យក្រុមហ៊ុនចិនផ្សេងទៀតអាចយល់នឹងមានឱកាសនាំចេញបន្ថែមទៀតផងដែរ៕

5

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia