ពីផ្ទះល្វែងដែលទិញហើយរស់នៅធម្មតា ប្រែក្លាយទៅជាផ្ទះអាជីវកម្មមួយដែលអាចរកចំណូលបានម្តង ៣ប្រភពផ្សេងគ្នា ដោយនៅខាងមុខផ្ទះធ្វើជាកន្លែងលក់កាហ្វេ ចំណែកជាន់ទី១ ជាកន្លែងលក់នំខេក និងជាន់ទី២ វិញ ជាកន្លែងរៀបចំតុបតែងផ្កា ដែលគំនិតបង្កើតលុយ១នេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្រ្តីខ្មែរ១រូប គឺអ្នកនាងសុខ ចាន់ធូ ដែលបច្ចុប្បន្នជាម្ចាស់អាជីកម្ម Rose Cake and Coffee ។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកនាង សុខ ចាន់ធូ បានឱ្យដឹងថា កាលពីមុនផ្ទះល្វែងរបស់អ្នកនាងគ្រាន់តែដាក់ជួលឱ្យគេធម្មតាប៉ុណ្ណោះ ដោយអ្នកនាងបានប្រកបរបរធ្វើជាជាងអ៊ុតសក់នៅផ្សារអូឬស្សី។ ក្រោយពីធ្វើជាជាងសាឡនបានមួយរយៈធំ គ្រួសារចេះតែជម្រុញឱ្យទៅរៀនធ្វើនំខេក ដូច្នេះហើយទើបអ្នកនាងសម្រេចបោះបង់កន្លែងអ៊ុតសក់ចោល ដើម្បីទៅរៀនធ្វើនំខេកជាមួយគ្រូជនជាតិសិង្ហបុរីនៅប្រទេសថៃ។
អ្នកនាង ចាន់ធូ បានបន្តទៀតថា រៀនធ្វើនំខេកនៅប្រទេសថៃបានរយៈពេលជិត២ខែ អ្នកនាងក៏បានត្រឡប់មកខ្មែរវិញ ទៀតសោតផងដែរ ពេលមកខ្មែរវិញផ្ទះល្វែងដែលជួលឱ្យគេក៏ផុតកុងត្រាដូច្នេះអ្នកនាងចាប់ផ្តើមរៀបចំផ្ទះល្វែងឡើងវិញក៏ដូចជាតុបតែងដេគ័រហាងដើម្បីលក់នំខេកក្នុងអំឡុងឆ្នាំ ២០១៦ ។ នៅពេលដែលបើកដំបូង ស្រ្តីខ្មែររូបនេះបានបង្ហើបថាគឺលក់ដាច់ខ្លាំងណាស់សូម្បីតែអំឡុងពេលផ្ទុះជំងឺកូវីដ១៩ក៏លក់ដាច់ដែរ ពីព្រោះខំខេករបស់អ្នកនាងមានរសជាតិឆ្ងាញ់ ជាពិសេសគឺហាងនំខេករបស់អ្នកនាងមានរសជាតិប្រចាំហាងតែម្តងពោលគឺរសជាតិខ្នុរ ដែលប្រភេទខ្នុរនេះគឺយកមកពីប្រទេសក្រៅ ដែលមានរសជាតិឆ្ងាញ់ប្លែក ហើយមាននៅតែហាងរបស់អ្នកនាងម្នាក់គត់ ម្យ៉ាងទៀតនោះអំឡុងពេលបិទខ្ទប់អ្នកនាងក៏មានអ្នកដឹកដ៏ពូកែដែលប៉ិនប្រសប់ក្នុងការនិយាយសម្រួលជាមួយភ្ញៀវផងដែរ។
ម្ចាស់អាជីវកម្ម Rose Cake and Coffee បានបន្ថែមថា បន្ទាប់ពីបើកហាងខំនេកបានមួយរយៈ អ្នកនាងចាប់ផ្តើមដាក់គោលដៅដើម្បីរកចំណូលបន្ថែមទៀត ដូច្នេះអ្នកនាងចាប់ផ្តើមគិតថាតើមានមុខរបរអ្វីដែលមានភាពស្រដៀងគ្នាជាមួយខំខេក ដូចនេះអ្នកនាងនឹកឃើញថាគឺជាផ្កា ប្រសិនជាមានហាងផ្កា១កន្លែងទៀតប្រាកដជាល្អ ព្រោះបើភ្ញៀវមកទិញនំខេកហើយចង់ទិញផ្កាទៅជាមួយគ្នាគឺហាងអ្នកនាងមានទាំង២ ដូច្នេះអាចផ្តល់ភាពងាយស្រួលទៅដល់ភ្ញៀវបានមួយកម្រិតដែរ។
ហេតុនេះហើយ ទើបធ្វើឱ្យអ្នកនាង ចាន់ធូ បានទៅរៀនខាងតុបតែងផ្កាបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ ក្រោយពីចេះយ៉ាងស្ទាត់ហើយអ្នកនាងក៏ចាប់ផ្តើមដេគ័រជាន់ទី២ ធ្វើជាកន្លែងរៀបចំផ្កា ដោយមានតុបតែងជាផ្កាពោត ផ្កាក្រដាស ផ្កាស្រស់ តាមតម្រូវការអតិថិជនកម្មង់តាមចិត្តហើយបើអតិថិជនចង់កម្មង់ឱ្យរៀបចំផ្កាលាយជាមួយលុយក៏មានដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃអាជីវកម្មក៏ចេះតែរីកចម្រើនទៅមុខ ហើយគំនិតនៃការច្នៃប្រឌិតក៏ចេះតែកើនឡើង ម្ចាស់អាជីវកម្ម Rose Cake and Coffee ក៏ចាប់ផ្តើមច្នៃនៅខាងមុខផ្ទះល្វែងបន្ថែមទៀតធ្វើជាកន្លែងលក់កាហ្វេ រហូតធ្វើឱ្យស្រ្តីខ្មែររូបនេះអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែផងដែរ។
គូសបញ្ជាក់ថា ចំពោះបងប្អូនដែលចង់កម្មង់នំខេក ឬបាច់ផ្កាផ្សេងៗ ក៏ដូចជាចង់កម្មង់នំខេកផ្សេងៗសម្រាប់ថ្ងៃមង្គលការអាចឆាតទៅកាន់ផេក Rose Cake and Coffee ឬទាក់ទងទៅកាន់លេខទូរស័ព្ទ០៩៦ ៣៨៨ ៨៨៩៩ ដែលមានទីតាំងនៅម្តុំសារ TK Avenue ដែលបើកលក់ចាប់ពីម៉ោង ៨ព្រឹក ដល់ ១០យប់៕
អត្ថបទ៖ ធី ស្រីល័ក្ខ


