មានលុ.យ៤៥០$ រត់មកភ្នំពេញ! ម្ចាស់ DRSB EXPRESS ប្រឹងធ្វើរឿងធំ២ៗនេះ អាចបើកមុខជំនួញល្បីពេញស្រុកខ្មែរ
Kan DaraAPRIL 20 2025399 views

ជាអតីតសិស្សរៀនធ្លាក់បាក់ឌុប២ឆ្នាំជាប់គ្នា លោក គឺម សម្បត្តិ មិនចុះចាញ់វាសនា បានធ្វើដំណើរមកភ្នំពេញបន្តការសិក្សានៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ​ (ថ្នាក់បរិញ្ញាបត្ររង) ជាមួយនឹងលុយ ៤៥០$ ដែលឪពុកម្តាយផ្ញើរពីស្រុកសម្រាប់បង់ថ្លៃសាលា និងការចំណាយផ្សេងៗក្នុងឆ្នាំ ២០១៤។ បន្ទាប់ពីចូលរៀនសាកលវិទ្យាល័យបានរយៈពេល៣ខែ ដោយគ្មានលុយសម្រាប់ផ្គត់ផ្គង់ការសិក្សានិងការរស់នៅតទៅទៀត លោកបានស្វែងរកការងារធ្វើ ដោយបានធ្វើការក្នុងក្រុមហ៊ុនបរទេសមួយទិញទំនិញឆ្លងកាត់ប្រទេស ឬនាំចូលទំនិញពីចិនមកកម្ពុជា ហើយនេះក៏ជាទំព័រជីវិតថ្មីប្រឡូកក្នុងវិថីការងាររបស់លោកផងដែរ។

 

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក គឹម សម្បត្តិ ដែលជាស្ថាបនិកក្រុមហ៊ុន DRSB EXPRESS co.,LTD បានជីកកកាយដើមចមដែលលោកបានខំធ្វើការស្ទើរស្លាប់ពុំស្គាល់យប់ថ្ងៃ គ្មានថ្ងៃសម្រាករហូតវវិឌ្ឍន៍ខ្លួនពីអ្នកជិះម៉ូតូដើរកត់លេខផ្ទះក្លាយជាម្ចាស់ក្រុមហ៊ុនតម្លៃរាប់ម៉ឺនដុល្លារ៖

 

/. ស្មារតីប្រឹងប្រែង និងបន្តអភិវឌ្ឍខ្លួនឥតឈប់៖ បើទោះបីជាកាលនោះមានវ័យត្រឹម១៩ឆ្នាំក៏ពិតមែន ប៉ុន្តែយុវជនមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះហាក់មានគំនិតចាស់ទុំនិងភាពអំណត់តស៊ូជាខ្លាំង។ សកម្មភាពដែលគួរឲ្យកត់សម្គាល់ លោកតែងទៅធ្វើការពីព្រលឹមនិងត្រឡប់មកវិញពីប្រលប់ ធ្វើការគ្មានស្គាល់ថ្ងៃសៅរ៍-អាទិត្យ និងមិនដែលត្អូញត្អែរសោះឡើយ។ ដោយសារតែការខិតខំប្រឹងប្រែងនិងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងតួនាទីជាអ្នកទីផ្សារដើរកត់លេខផ្ទះខាងក្រៅប្រមាណជា៣ខែ លោកត្រូវបានគេផ្តល់តំណែងថ្មីធ្វើជាអ្នកទីផ្សារនៅក្នុងការិយាល័យវិញម្តង ស្របពេលដែលលោកកំពុងតែកាន់តំណែងថ្មីនេះ លោកក៏បានបង្រៀនមនុស្សខ្ទង់ពាន់នាក់ឲ្យចេះពីរបៀបបញ្ជាទិញទំនិញតាមវេបសាយ ឫតាមប្រពន្ធ័អេឡិចត្រូនិចនៅក្នុងតម្លៃដើមពីរោងចក្រនៅប្រទេសចិន។ 

 

/. យកបទពិសោធន៍ចេញរកស៊ីខ្លួនឯង៖ ធ្វើការឲ្យគេកាន់តែយូរ មើលឃើញគោលដៅរបស់ខ្លួនកាន់តែជិតឡើងៗ ល្មមដែលអាចឈោងចាប់ក្តីស្រមៃរបស់ខ្លួនបាន លោកបានសម្រេចិត្តឈប់ធ្វើការ ពោលគឺធ្វើការឲ្យគេតែមួយឆ្នាំប៉ុណ្ណោះ ។  នៅក្នុងកំឡុងពេលដែលឈប់ធ្វើការលោកក៏អាចសន្សំលុយបានមួយចំនួនសម្រាប់ផ្ញើឲ្យអ្នកផ្ទះ ក៏ដូចជាទុកធ្វើជាដើមទុនរកស៊ី នាពេលនោះដោយសារតែមានជំនាញបញ្ជាទិញទំនិញក្រៅប្រទេសយ៉ាងស្ទាត់ជំនាញ លោកបានចាប់ផ្តើមលក់ទំនិញអនឡាញដោយខ្លួនឯង ហើយផលិតផលដែលចេញលក់ដំបូងបំផុតនោះគឺ នាឡិកាដៃ ដែលពេលនោះលក់ដាច់ខ្លាំងមែនទែន ថែមទាំងវាជាឈ្នាន់មួយដែលធ្វើឲ្យលោកអាចពង្រីកអាជីវកម្មពីមួយកម្រិតទៅមួយក្រិតទៀត។ រហូតធ្វើឲ្យលោកអាចបង្កើតក្រុមហ៊ុនធំក្នុងដៃ ដែលមានឈ្មោះថា DRSB EXPRESS co.,LTD. ជួយបញ្ជាទិញទំនិញឆ្លងទ្វីប(ចិន) និងជាក្រុមហ៊ុនដឹកជញ្ជូនទំនិញរហ័សទាន់ចិត្តនៅក្នុងទីក្រុងភ្នំពេញ។

 

យ៉ាងណាមិញ លើលោកនេះគ្មានអ្វីដែលបានមកដោយហ្រ្វីនោះទេ ចង់បានអ្វីមួយត្រូវហ៊ានលះបង់អ្វីមួយត្រឡប់ទៅវិញ។​ ចង់បានភាពជោគជ័យត្រូវហ៊ានវិនិយោគពេលវេលា និងភាពអំណត់តស៊ូដាក់ចិត្តដាក់កាយធ្វើ ១០០% ទើបឃើញលទ្ធផល។ ឆ្លងតាមរយៈបទពិសោធន៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់រហូតឈានដល់វ័យ ២៧ឆ្នាំ លោក គឹម សម្បត្តិ បានចែករំលែកនូវរឿងធំមួយសម្រាប់យុវជនកម្ពុជានោះគឺ ក្រៅពីស្មារតីប្រឹងប្រែង ត្រូវចេះប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ រៀនកសាងក្រេឌីតតាមរយៈការប្រើប្រាស់សេវាកម្ចីឥណទានឲ្យល្អ នោះនៅពេលដែលយើងចង់ចេញរកស៊ីឯករាជ្យដោយខ្លួនឯង ប៉ុន្តែខ្វះដើមទុនតិចតួចយើងអាចសម្លឹងមើលការប្រើកម្ចីពីធនាគារបាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia