ពិតជារឿងដ៏គួរឱ្យស្តាយខ្លាំងមែនទែន ដោយត្រឹមតែ១ខែ មហាសេដ្ឋីលេខ១ឥណ្ឌាគឺ លោក Gautam Adani ដែលជាម្ចាស់ក្រុមហ៊ុន Adani Group បានរបូតលុតអស់ជាង ១រយពាន់ដុល្លារ ក្រោយពីក្រុមហ៊ុនអាមេរិកបានរកឃើញកំហុសធំៗ ២ របស់ក្រុមហ៊ុនឥណ្ឌាមួយនេះ។
យោងតាមការចេញផ្សាយដោយវេបសាយ Yahoo បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទកន្លងទៅនេះតម្លៃភាគហ៊ុននៃក្រុមហ៊ុន Adani Group បានធ្លាក់ចុះមិនធ្លាប់មាន បន្ទាប់ពីក្រុមហ៊ុនធំ១របស់អាមេរិក Hindenburg បានរកឃើញថាក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការឆបោកទីផ្សារហ៊ុន និងលាងលុយកខ្វក់ផងដែរ។
ប្រភពដដែលបន្តទៀតថា ក្រោយពីក្រុមហ៊ុនទទួលការចោលប្រកាន់បែបនេះ ធ្វើឱ្យម្ចាស់ក្រុមហ៊ុន Adani Group បានខាតបង់ប្រាក់សរុបអស់ ១៤៦ពាន់លានដុល្លារ ភ្លាមៗនោះមហាសេដ្ឋីលេខ១ ឥណ្ឌា ក៏បានចេញមុខបកស្រាយភ្លាមៗ តែទោះបីជាលោកបកស្រាយបែបណាក៏ដោយតែតម្លៃភាគហ៊ុននៃរបស់ក្រុមហ៊ុនរបស់លោកនៅតែខាតបង់ដដែល។
សូមបញ្ជាក់ថា បន្ទាប់ពីរងការចោទប្រកាន់បែបនេះហើយ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Gautam Adani បានធ្លាក់ចុះជាង 73% មកនៅត្រឹម 33.៤ ពាន់លានដុល្លារអាមេរិកបើគិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈពេលដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣៩ នៅលើ Forbes និង Bloomberg Billionaires Index ។
សូមរំលឹកផងដែរថា មហាសេដ្ឋីជនជាតិឥណ្ឌារូបនេះធ្លាប់កើតក្នុងគ្រួសារដែលមានឪពុកជាអ្នកកាត់ដេរសម្លៀកបំពាក់តូចតាចដើម្បីទ្រទ្រង់គ្រួសារដ៏ក្រីក្រមួយដែលបងប្អូន៧នាក់ក្នុងទីក្រុង Gujarat នៃប្រទេសឥណ្ឌា។
ជាងនេះផងដែរលោកបានបោះបង់ការសិក្សានៅឆ្នាំទី២ ដែលជាមុខជំនាញពាណិជ្ជកម្ម និងបានទៅរកការងារធ្វើនៅក្រុងមុំបៃក្នុងឆ្នាំ១៩៧៨ ជាអ្នកតម្រៀបពេជ្រឱ្យក្រុមហ៊ុន Mahendra Brothers ។ លោកធ្លាប់បានលើកឡើងថា “យុទ្ធសាស្ត្រវិនិយោគរបស់ខ្ញុំផ្តោតលើវិស័យដែលជាអាទិភាពសម្រាប់ជាតិឥណ្ឌា មិនផ្លាស់ប្តូរនោះទេ”៕
អត្ថបទ៖ ធី ស្រីល័ក្ខ