គិតមកដល់ពេលនេះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាសរុបចំនូន ២១ លានដុល្លារហើយ ពីសប្បុរសដែលបានសប្បុរសជនដែលបានចូលរួម ខណៈមូលនិធិនេះនឹងត្រូវបិទបញ្ចប់នៅចុងខែតុលា ខាងមុខ។ នេះបើយោងតាមការការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងសារពិសេសនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះសម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ជាថ្មីម្ដងទៀតខ្ញុំសូមថែ្លងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាកថវិកាដោយស្ម័គ្រចិត្ដដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលមកដល់ពេលនេះមានប្រមាណ ៧០ ម៉ឺននាក់ បានស្ម័គ្គចិត្ដចូលរួម ហើយគិតជាថវិកាប្រមាណ ២១ លានដុល្លារអាមេរិក»។
សម្ដេចមានប្រសាសន៍បន្ដថា វិភាគទានស្ម័គ្រចិត្ដដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចបានបញ្ជាក់បន្ថែមថា ការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្ដើមឡើងទាំងពីឆ្នាំ ១៩៩៤ រវាងព្រំដែនយើងជាមួយនឹងប្រទេសជិតខាងទាំងបី ហើយរហូតមកដល់បច្ចុប្បន្នយើងសម្រេច ១៣០០ គីឡូម៉ែត្រ ដែលនៅសេសសល់ប្រមាណ ១៣០០ គីឡូម៉ែត្រទៀតដែលត្រូវធ្វើបន្ដ។
ដោយសង្កេតឃើញថា ចលនាបរិច្ចាកនៅក្នុងមូលនិធិខាងលើនៅតែមានជាហូរហែ ក្រុមមូលនិធិនឹងបន្ដទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ ហើយនៅពេលបិទបញ្ចប់ក្រុមការងារមូលនិធិ នឹងជម្រាបជូនដំណឹងអំពីទិន្នន័យចុងក្រោយ រួមជាមួយផែនការច្បាស់លាស់នៅក្នុងការប្រើប្រាស់មូលនិធិនេះ ដោយឈរលើគោលការណ៍ទម្លាភាព និងគណនេយ្យភាព។
សូមជម្រាបផងដែរថា សម្រាប់សប្បុរសជន ដែលចង់ចូលរួចថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន អាចចូលរួមបានតាមរយៈលេខគណនីធនាគារទាំង៦ នៅខាងក្រោម៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD) ៕