គ្រាប់ស្វាយចន្ទីខ្មែរអាចនឹងមានទីផ្សារខ្ពស់ជាងមុនខណៈមានក្រុមហ៊ុនធំមួយរបស់អ៊ីស្រាអែលដែលមានឈ្មោះថា Floresta ជាក្រុមហ៊ុនមេរបស់ CashewNotes បាននឹងកំពុងតែចាប់ផ្ដើមធ្វើការបម្រូលទិញចន្ទីឆៅ ចំនួន១០០តោន ក្នុងតម្លៃ ៦០០០រៀល ខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្នដល់ទៅ២០% ពីកសិករខ្មែរ។
យោងតាមការផុសនៅផេកផ្លូវការ CashewNotes បានឱ្យដឹងថា យុទ្ធនាការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីប្រជាកសិករកម្ពុជានេះនឹងត្រូវធ្វើឡើងដំបូង នៅឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានចងក្រងជាសហគមន៍ទំនើប ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការចរចាតម្លៃជាមួយនឹងកសិករ ហើយគ្រោងនឹងធ្វើការប្រមូលទិញក្រោយបុណ្យចូលឆ្នាំខ្មែររួច ដែលជាពេលដែលកសិករប្រមូលទិន្នផលចន្ទីរួចរាល់។
យ៉ាងណាមិញចំពោះការប្រមូលទិញគ្រាប់ស្វាយចន្ទីនេះ គ្រាន់ជាការនាំចេញសាកល្បងប៉ុណ្ណោះ ក្រោយគម្រោងនេះជោគជ័យក្រុមហ៊ុននឹងធ្វើការប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករខ្មែរឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយដល់កសិករដាំគ្រាប់ស្វាយចន្ទីអាចទទួលបានទីផ្សារកាន់ល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា រាល់គ្រាប់់ស្វាយចន្ទីដែលក្រុមហ៊ុន Floresta ប្រមូលទិញពីប្រជាកសិករនេះគឺដើម្បីយកទៅកែច្នៃ និងផលិតជាផលិតផលចន្ទីយីហោព្រីមៀមរបស់ខ្មែរឈ្មោះ «CashewNess» ហើយដាក់លក់នៅផ្សារទំនើប AEON ក្នុងដំណាក់កាលដំបូង ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ទាប់ពីចប់គម្រោងសាកល្បងនៅឆ្នាំក្រោយ ក្រោមយីហោចន្ទីប្រណិតខ្មែរក្នុងតម្លៃ ១០ដុល្លារក្នុងមួយគីឡូ។ ហើយរាល់ថវិកាដែលលក់បានក្រុមហ៊ុននឹងបង្វិលយកមកទិញគ្រាប់ស្វាយចន្ទីពីកសិករវិញ៕


