ទិញផ្ទះចំណាយលុយច្រើនណាស់! បើមិនចង់ទិញខុសត្រូវច្បាស់ ៥ ចំណុចនេះ
Bunthoeun KoemOCTOBER 31 2025102 views

ការទិញផ្ទះមួយខ្នងៗគឺត្រូវចំណាយថវិកាមិនតិចនោះទេ ប៉ុន្ដែប្រសិនបើអ្នកទិញហើយបែជាផ្ទះនោះមានបញ្ហាផ្សេងៗដូចជា ផ្នែកច្បាប់ ផ្នែកសំណង់ ការសាងសង់យឺតយ៉ាវនោះ ឬម្ចាស់គម្រោងក្ស័យធននោះ ប្រាកដណាស់អ្នកខាត់បង់ប្រាក់កាក់ និងពេលវេលាជាក់ជាមិនខាន។ អ៊ីចឹងហើយដើម្បីទិញផ្ទះមករស់នៅ ឬទុកវិនិយោគឲ្យបានត្រឹមត្រូវ គប្បីអ្នកទិញត្រូវសិក្សាឲ្យបានច្បាស់នូវចំណុចសំខាន់ៗ ៥ ខាងក្រោមនេះសិន៖

 

១. គោលបំណង

 

រឿងដំបូងដែលអ្នកត្រូវគិតគឺគោលបំណងនៃការទិញផ្ទះ ថាតើត្រូវទិញដើម្បីអ្វី? ទុកសម្រាប់រស់នៅ, ប្រកបអាជីវកម្ម ឬទិញទុកជួល-លក់ យកប្រាក់ចំណេញ។ ព្រោះនៅពេលអ្នកដឹងថាខ្លួនទិញផ្ទះមកដើម្បីអ្វី នឹងធ្វើឲ្យងាយស្រួលនៅក្នុងការសម្រេចចិត្ដជ្រើសរស់ទីតាំងដែលត្រូវទិញបានត្រឹមត្រូវ។ ដោយសារទីតាំងជាសសៃឈាមដ៏សំខាន់នៅក្នុងការរស់នៅ និងការកើនឡើងនៃតម្លៃអចលនវត្ថុនីមួយៗ។

 

២. ទីតាំង

 

ទីតាំងគឺពិតជាសំខាន់ដែលអ្នកត្រូវសិក្សាឲ្យច្បាស់មុននឹងសម្រេចចិត្ដទិញអចលនវត្ថុអ្វីមួយ។ តួយ៉ាងប្រសិនបើអ្នកទិញផ្ទះសម្រាប់រស់នៅ គឺអាចមើលទីតាំងដូចជា៖ នៅជិតកន្លែងធ្វើការ ផ្សារ សាលារៀន  ឬសេវាកម្មផ្សេងៗ។ ក្រៅពីនោះក៏ត្រូវសិក្សាពីតំបន់នោះថា ការរស់នៅមានសុវត្ថិភាពឬអត់? ព្រោះថាការទិញផ្ទះសម្រាប់រស់នៅគឺផ្ដោតសំខាន់លើផាសុកភាព និងសន្តិសុខសុវត្ថិភាព។

 

ប៉ុន្ដែបើទិញទុកសម្រាប់ប្រកបអាជីវកម្មវិញ អ្នកអាចសម្លឹងមើលទីតាំងណាដែលមានចរាចរណ៍ច្រើន, មានភាពទាក់ទាញ ដើម្បីងាយស្រួលដល់អតិថិជន ឬបុគ្គលិក មករកទីតាំងរបស់អ្នក។ ដោយឡែកបើសិនជាទិញដើម្បីទុកយកចំណេញពីការជួល ឬលក់ អ្នកគួរទិញនៅទីតាំងកំពុងអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍រួចហើយ។ ព្រោះការទិញផ្ទះនៅតំបន់ទាំងនេះនឹងធ្វើឲ្យតម្លៃផ្ទះមានការកើនឡើងខ្លាំង ដែលអាចឲ្យយើងអាចទាញប្រាក់ណេញបានច្រើន។

 

៣. គុណភាពសំណង់

 

ការមើលទៅលើគុណភាពសំខាន់ ក៏ជារឿងចាំបាច់ដែលអ្នកទិញត្រូវមើលផងដែរ មិនថាតែទិញទុកសម្រាបរស់នៅ ប្រកបអាជីវកម្ម ឬទិញទុកជួល-លក់ដើម្បីបានប្រាក់ចំណេញនោះទេ។ ព្រោះបើសិនជាអ្នកទិញផ្ទះហើយ បែជារស់នៅមិនទាន់បានប៉ុន្មានឆ្នាំផង ដែលជាប្រេះបាក់បែក នោះអ្នកនឹងត្រូវចំណាយប្រាក់នៅក្នុងជួលជុសអស់ច្រើន។ ហើយប្រសិនបើទុកដាក់ជួលវិញក៏អាចនឹងពុំបានតម្លៃខ្ពស់នោះទេ។

 

ដូច្នេះមុនទិញអ្នកត្រូវមើលទៅគុណភាពសំខាន់របស់អ្នកអភិវឌ្ឍន៍ ថាកន្លងមកអ្នកដែលទិញផ្ទះពីគម្រោងនោះមានបញ្ចប់បែបហ្នឹងឬអត់។ ហើយបច្ចុប្បន្នការជ្រើសរើសផ្ទះដែលមានគុណភាពគឺមិនពិបាកទេដោយសារតែ មានអភិវឌ្ឍន៍ច្រើនណាស់។

 

៤. ម្ចាស់គម្រោង

 

រៀងសំខាន់ចុងក្រោយដែលអ្នកត្រូវសិក្សានោះគឺម្ចាស់គម្រោងដែលអ្នកត្រូវទិញផ្ទះនេះថា ជាក្រុមហ៊ុនដែលមានច្បាស់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរឬទេ? ជាក្រុមហ៊ុនដែលសាងសង់ផ្ទះបានទាន់ពេលវេលាជូនដែរឬទេពីមុនមក? ព្រោះថាមួយរយៈចុងក្រោយនេះ បញ្ហាធំដែលអ្នកទិញជួបគឺទិញហើយម្ចាស់គម្រោងសាងសង់ជូនមិនទាន់ពេលវេលា។ អ៊ីចឹងប្រសិនជាអ្នកចង់ទិញហើយមិនជួបរឿងបែបនេះ គួរទិញផ្ទះសង់រួចរាល់ស្រាប់ ឬទិញផ្ទះនៅក្នុងគម្រោងដែលជឿកទុកចិត្ដបានដូចជា បុរី ប៉េង ហួត បុរី ភ្នំពេញថ្មី ឬបុរី ជីប ម៉ុង លែនជាដើម។

 

៥. ហិរញ្ញវត្ថុ

 

ចំពោះហិរញ្ញវត្ថុសម្រាប់អ្នកដែលមានប្រាក់កាកច្រើនដើម្បីទិញដាច់តែម្ដងមិនជាបញ្ហាទេ ប៉ុន្ដែសម្រាប់អ្នកដែលមិនមានប្រាក់គ្រប់ដើម្បីទិញដាច់ ហើយចង់របង់រំសល់នោះ ក៏ត្រូវសិក្សាឲ្យបានច្បាស់ទៅលើប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ព្រោះថាការទិញផ្ទះដោយការបង់រំសល់ មែនន័យថាអ្នកកំពុងតែជាប់បំណុលជាមួយម្ចាស់គម្រោង ឬធនាគារហើយ។

 

ដូច្នេះបើចង់ទិញផ្ទះដោយការរំលស់៖ ទី១. អ្នកត្រូវមានប្រាក់កក់យ៉ាងតិច ៣០ ភាគរយនៃតម្លៃផ្ទះសិន។ ការធ្វើបែបនេះនឹងជួយសម្រាលបន្ទុកទៅលើការចំណាយការប្រាក់ ហើយការរំលស់នេះទៀតសោធអ្នកគួរបង់ជាមួយធនាគារ ព្រោះមានការប្រាក់ទាបជាងនឹងការបង់រំលស់ជាមួយម្ចាស់គម្រោង។ ទី២. កុំបង់រំលស់ប្រចាំខែលើសពី ៣០ ភាគរយនៃចំណូលសរុបប្រចាំខែរបស់អ្នក ឬគ្រួសារ។ ការកំណត់បែបនេះ ដើម្បីធានាថាអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយចាំបាច់ប្រចាំថ្ងៃផ្សេងទៀត និងសម្រាប់សន្សំទុក។ ទី៣. តម្លៃផ្ទះមិនគួរលើសពី ៣ ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារ។ ការកំណត់តម្លៃផ្ទះដែលសមស្របនឹងលទ្ធភាពចំណូល ជួយអ្នកចៀសវាងសម្ពាធហិរញ្ញវត្ថុ។ ទី៤. គួរមានប្រាក់បម្រុងទុករយៈពេល ៦ ខែឡើងទៅ ព្រោះការធ្វើបែបនេះគឺដើម្បីបង្ការនៅពេលចំណូលរបស់អ្នក ឬគ្រួសារ ត្រូវធ្លាក់ចុះឬបាត់បង់៕

 

482023191 1203794301343171 4270248294338416777 N

482136944 1203794048009863 2516351755726494092 N

389

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia