ដើម្បីសម្រួលការធ្វើដំណើរការ ដឹកជញ្ជូនទំនិញ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានធ្វើការសាងសង់ និងកែលម្អរកំណាត់ផ្លូវជាតិសំខាន់ៗជាច្រើន។ ក្នុងនោះដែរមានផ្លូវជាតិចំនួន 5 បាននិងកំពុងសម្រុកការសាងសង់ ដើម្បីឲ្យរួចរាល់តាមកាលកំណត់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្ដបន្ទាប់នាពេលខាងមុខ។
គិតមកដល់ពេលនេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ សម្រេចបានលទ្ធផលជាងពាក់កណ្ដាលហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។
សូមជម្រាបថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១០គីឡូម៉ែត្រ ចែកចេញជា ៦ កំណាត់។ ដោយគម្រោងនេះត្រូវបានអនុវត្តការសាងសង់ក្រោមកម្មវិធីហិរញ្ញប្បទានធនាគារពិភពលោក(WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិកដោយនិងអនុវត្តចំនួន០៨ឆ្នាំ(២០១៨-២០២៦)។
២. ផ្លូវជាតិលេខ ៥
គម្រោងផ្លូវជាតិលេខ៥កំណាត់ចុងក្រោយ (សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤ គីឡូម៉ែត្រត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ។ តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូណ គម្រោងនេះនឹងចំណាយថវិកាប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ដខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ដោយការសាងសង់ផ្លូវនេះត្រូវបានចែកចេញជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះពង្រីកពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ។ ដោយក្នុងនោះគ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារ ដែលជាកម្ចីឥណទាន សម្បទានពីរដ្ឋាភិ បាលជប៉ុន តាមរយៈទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
៣. ផ្លូវជាតិលេខ ៧
គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ពីស្គន់ទៅក្រុងកំពង់ចាម គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់រួចរាល់ ១០០ ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២៧ខាងមុខ។ តាមការបញ្ជាក់ពី លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បានឲ្យដឹងថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុនCRBC បានកិនកៅស៊ូជាបណ្តើរៗហើយ។
សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងចាយរយៈពេលសាងសង់៤០ខែ។ ដោយគម្រោងនេះ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។
៤. ផ្លូវជាតិលេខ១០
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកដល់ពេលនេះការអនុវត្តគម្រោងសម្រេចបាន ៩៦,១៦% ហើយ ហើយគ្រោងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានទទឹង ៩ម៉ែត្រ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ។ ដោយការសាងសង់គម្រោងនេះចំណាយរយៈពេល ៦៦ ខែ។
៥. ផ្លូវជាតិលេខ ៤៨
គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បានចំនួន ៨៣,១២% ហើយ។ ខណៈបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។
សូមជម្រាបថា ផ្លូវជាតិលេខ ៤៨ នេះមានប្រវែងសរុប ១៤៨,០៣ គីឡូម៉ែត្រ (PK០០០+០០០ - PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២៕