បច្ចុប្បន្ននេះមិនថាស្រ្តីឬបុរសសុទ្ធតែអាចរកចំណូលបានដូចគ្នា ថ្វីបើពេលខ្លះស្រ្តីត្រូវសម្រាកពីការងារក្រោយពីរៀបការមានគ្រួសារមានកូនក៏ដោយ ក៏ពួកគាត់នៅតែអាចឆ្លៀតពេលពីការមើលថែកូនមកបង្កើតមុខរបរមួយសម្រាប់ខ្លួនឯងដើម្បីបង្កើតចំណូលជួយទំនុកបម្រុងគ្រួសារគាត់បានដែរ។ ដូច្នេះនៅថ្ងៃនេះចាបក្រហមនឹងបង្ហាញនូវមុខរបរសាមញ្ញៗចំនួន ៥ ដែលស្រ្តីមេផ្ទះអាចធ្វើបានដើម្បីរកចំណូលបន្ថែម៖
១.ថតវីដេអូ
បច្ចុប្បន្នសង្គមកាន់តែជឿនលឿនមធ្យោបាយនៅក្នុងការរកប្រាក់ក៏កាន់តែងាយស្រួល ជាពិសេសការរកលុយតាមរយៈបណ្តាញសង្គមដូចជា Facebook, Tik Tok និង YouTube ក៏កាន់តែមានភាពងាយស្រួលជាងមុន ហើយសព្វថ្ងៃនេះមានស្រ្តីមេផ្ទះខ្មែរមិនតិចនាក់នោះទេដែលកំពុងរកប្រាក់ចំណូលតាមវិធីនេះ ដោយពួកគាត់ថតជាសកម្មភាពប្រចាំថ្ងៃ សកម្មភាពធ្វើម្ហូប ដាំបន្លែ និងតាមរយៈវីដេអូបែបកំសាន្តជាដើម។ ហេតុនេះសម្រាប់បងប្អូនស្រ្តីដែលជាស្រ្តីមេផ្ទះក៏អាចសាកល្បងមធ្យោបាយរកលុយតាមវិធីនេះបានដូចគ្នា ក្រៅពីការរកលុយតាមរយៈបណ្តាញសង្គម យើងក៏អាចបានប្រាក់ចំណូលមួយផ្នែកពីការផ្សព្វផ្សាយផលិតផលរបស់អ្នករកស៊ី ឬ យើងអាចច្នៃភាពល្បីល្បាញរបស់ខ្លួនឯងក្នុងការបង្កើតអាជីវកម្មបានថែមទៀតផង។
២.ធ្វើអាហារលក់
ឆ្លៀតពេលទំនេរពីការងារផ្ទះនិងមើលថែកូនតូចស្រ្តីមេផ្ទះមួយចំនួនក៏បានយកពេលខ្លះសម្រាប់ធ្វើអាហារលក់ ដោយមួយផ្នែកពួកគាត់ធ្វើជាបាយប្រអប់ នំប៉័ងកៀប លក់ ឬក៏ជាអាហារសម្រន់ផ្សេងៗសម្រាប់អ្នកធ្វើការផងដែរ ព្រោះបច្ចុប្បន្ននេះសង្កេតឃើញថាការធ្វើអាហារស្រាប់ៗហើយដាក់លក់នៅតាមផ្លូវសម្រាប់អ្នកធ្វើការកំពុងក្លាយជារបរដ៏ពេញនិយមមួយ ហេតុនេះស្រ្តីមេផ្ទះពួកគាត់ក៏អាចសាកល្បងធ្វើបាន ឬប្រសិនបើឆ្លៀតពេលធ្វើមិនបានក៏អាចទទួលទិញពីគេយកមកលក់បន្តដោយយកកម្រៃចំណេញបន្តិចបន្តួចក៏បាន។
៣.ផលិតផលធ្វើដោយដៃ
ទំនេរពីការងារផ្ទះមានស្រ្តីមួយភាគធំបានសង្ងំចាក់ប្រភេទផ្ទាំងគំនូរ ឬចាក់ផលិតផលអំបោះច្នៃចេញជាការបូបជាផ្កា ឬជាវត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីលក់ផងដែរ។ ថ្វីបើរបស់ទាំងនោះចំណាយពេលធ្វើយូរបន្តិចក៏ពិតមែន ប៉ុន្តែពេលធ្វើរួចតម្លៃវាក៏លក់បានខ្ពស់គួរសម ដែលអាចឱ្យស្រ្តីទទួលបានប្រាក់កម្រៃសមរម្យដើម្បីសម្រាប់ផ្គត់ផ្គង់ការចំណាយមួយចំនួននៅក្នុងផ្ទះបានផង។ ដូច្នេះស្រ្តីគួរតែពិចារណាសាកល្បងធ្វើហើយផុសលក់នៅលើបណ្តាញសង្គមទោះតិចឬច្រើនក៏វិធីក្នុងការរកប្រាក់កម្រៃបានដែរ មិនយូរមិនឆាប់វាក៏អាចរីកចំទៅមុខបានឱ្យតែមានការតស៊ូ។
៤.ធ្វើនំលក់
មុខរបរធ្វើនំបានកំពុងរកចំណូលឱ្យស្រ្តីម្នាក់ក្នុងមួយខែចន្លោះពី ៨០០ដុល្លារទៅ ១,០០០ដុល្លារ ដោយគ្រាន់តែធ្វើនំលក់នៅផ្ទះធម្មតាៗ ។ ជាក់ស្តែង អ្នកស្រី Madam Azurah ជាស្រ្តីមេផ្ទះមួយរូបដែលកំពុងពឹងផ្អែកចំណូលពីការធ្វើនំលក់ ដើម្បីចិញ្ចឹមកូន ៥នាក់នៅក្នុងបន្ទុក និងសម្រាប់ការចំណាយផ្សេងៗទៀតនៅក្នុងផ្ទះ។ បើតាមការលើកឡើងរបស់អ្នកស្រី Madam Azurah បានឱ្យដឹងថា បើទោះបីជាចំណូលនេះតិចមិនពិតមែនតែចំណូលនេះក៏ក្លាយជាចំណែកមួយផ្នែកជួយកាត់បន្ថយការលំបាកខ្លះដែរ ម្យ៉ាងការងារនេះល្អសម្រាប់ស្រ្តីដែលជាមេផ្ទះអាចរកចំណូលបានសម្រាប់ខ្លួនឯងហើយ សល់ទាំងពេលមើលថែទាំងគ្រួសារថែមទៀត។
៥.បើកសំអាង
ការបើកហាងសាឡនត្រូវបានក្លាយជារបរដល់ពេញនិយមមួយសម្រាប់ស្រ្តីនៅអាស៊ីយើងនេះ ព្រោះវាជួយឱ្យស្រ្តីដែលមានគ្រួសារនៅផ្ទះអាចធ្វើបានងាយស្រួល ទោះជាមានកូនតូចត្រូវមើលថែក៏ដោយ ក៏ពួកគាត់អាចឆ្លៀតពេលធ្វើបានសម្រាប់បង្កើតប្រាក់ចំណូលបន្ទាប់បន្សំផ្គត់ផ្គង់គ្រួសារបាន។ ជាក់ស្តែង សម្រាប់អ្នកស្រី Erica Goh បាននឹងកំពុងពឹងផ្អែកទៅរបរមួយនេះដើម្បីរកចំណូលចិញ្ចឹមកូនក្នុងបន្ទុកនិងសម្រាប់ចាត់ចែងការចំណាយប្រចាំរបស់គាត់ ក្រៅពីទទួលបានកម្រៃពីភ្ញៀវដែលមកបម្រើសេវាកម្មនៅហាង អ្នកស្រី Erica Goh ក៏អាចរកចំណូលបានមួយផ្នែកទៀតពីការបង្រៀនសិស្សផងដែរ ដោយក្នុងមួយវគ្គក្នុងម្នាក់តម្លៃចន្លោះពី ៥០ដុល្លារ ទៅ ៧០ដុល្លារ។
គួរបញ្ជាក់ផងដែរថា នេះជាគំនិតអាជីវកម្មដែលក្រុមការងារចង់ធ្វើការចែករំលែកសម្រាប់ស្រ្តីដែលជាមេផ្ទះអាចធ្វើការពិចារណាធ្វើសម្រាប់បង្កើតជាចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបន្ថែមជាគំនិតខ្លះដើម្បីឱ្យបងៗស្រ្តីមើលឃើញថាទោះបីជានៅផ្ទះក៏ពួកគាត់អាចឆ្លៀតពេលបង្កើតចំណូលបានដោយខ្លួនឯងដែរទោះតិចឬច្រើនក៏ជាកម្លាំងញើសឈាមរបស់គាត់ជាអ្នករក៕