ក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រោងដំណើរការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១,៥លាននាក់ចាប់ពីចុងឆ្នាំ២០២៣ មានប្រទេសចំនួន៥ និងស្ថាប័នអន្តរជាតិចំនួន២បានប្រកាសគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលរួមមាន ៖ ប្រទេសស្វីស ឥណ្ឌា ថៃ ជប៉ុន បារាំង ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ក្នុងនោះដែរ ប្រទេសទាំង៥ខាងលើបានសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន។ហើយកាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ក៏ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត ដែលមានទឹកប្រាក់សរុបចំនួន ១០០ លានដុល្លារអាមេរិកផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះនឹងពង្រឹងការបណ្ដុះបណ្ដាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ ដោយក្រសួងការងារក៏កំពុងគិតពិចារណា និងកំពុងតែមានដំណើរការនៃការរៀបចំការបណ្ដុះបណ្ដាលកម្មករនិយោជិតពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន១,៥លាននាក់ចាប់ពីចុងឆ្នាំ២០២៣ តទៅ ដោយធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះ និងជំនាញគ្រប់គ្រាន់ ហើយពួកគាត់ក៏នឹងបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ៕


