ជាការពិត មុខរបរអ្វីក៏ដោយ សុទ្ធតែមានតម្លៃ និងល្អដូចៗគ្នា ឲ្យតែមិនមែនជាការលួចឆក់ប្លន់គេ គឺសុទ្ធតែអាចធ្វើបាន ដោយមិនចាំបាច់ខ្មាស់អៀន ឬខ្លាចគេមើលងាយនោះឡើយ។ ជាមួយគ្នានេះ ប្រសិនបើអ្នក កំពុងមានដើមទុនក្នុងដៃ ទោះបីមិនដល់ ១០០០ $ ក៏អាចចាប់ផ្ដើមមុខរបរតូចតាចធម្មតាៗចំនួន ៥ ខាងក្រោមនេះបាន ហើយថែមទាំងជាមុខរបរងាយស្រួលរកប្រាក់ចំណេញទៀត ទោះបីជាអ្នកមិនចេះអក្សរក៏ដោយ។
១. លក់ភេសជ្ជៈ ឬអាហារសម្រន់ចល័ត
មុខរបរនេះ អ្នកអាចលក់ដូចជា កាហ្វេ តែក្រូចឆ្មា ដូងក្រអូប ឬធ្វើអាហារសម្រន់ងាយៗ ដូចជា ប្រហិតបំពង ឬនំប៉័ងសាច់ ដាក់លក់លើរ៉ឺម៉ក ឬតូបតូចមួយ លក់នៅមុខផ្ទះក៏បាន ឬសុំទីតាំងគេលក់តាមដីឡូត៍ទំនេរៗក្បែរផ្សារ រោងចក្រ ឬសាលារៀនជាដើម។
២. លាងម៉ូតូ ឬរថយន្ត
បើកកន្លែងលាងម៉ូតូ ឬឡាននៅមុខផ្ទះ ឬជួលទីតាំងតូចមួយ។ ការងារនេះប្រើប្រាស់កម្លាំង និងភាពស្អាតបាតបន្តិច។ បើតម្លៃលាងម៉ូតូ ១ គ្រឿង ៥០០០៛ ដូច្នេះបើមួយថ្ងៃ មានម៉ូយចូលមក ១០ ទៅ ២០ នាក់ នោះប្រាក់ចំណេញក៏គួរទទួលយកបាន។
៣. លក់ខោអាវ
មុខរបរនេះ មនុស្សគ្រប់គ្នាតែងតែនិយមគិតដល់ច្រើនជាងគេ។ ប៉ុន្តែបើជាការចាប់ផ្ដើមដំបូង មានដើមតែ ៥០០ដុល្លារ ទៅ ១០០០ដុល្លារ អាចលក់បានហើយ។ ដោយយើងអាចជួលតូបនៅផ្សារ ឬលក់តាមអនឡាញជាដើម។ ប៉ុន្តែត្រូវរកកន្លែងបោះដុំណាមួយ (ដូចជានៅផ្សារអូឡាំពិក) ដែលមានតម្លៃសមរម្យ ទើបអាចយកមកលក់បានផលចំណេញ។
៤. ទិញ-លក់ អេតចាយ
ដើរទិញ ឬប្រមូលដបជ័រ កំប៉ុង កេសក្រដាស និងដែកចាស់ៗ រួចយកទៅលក់បន្តឲ្យដេប៉ូធំ។ មុខរបរមួយនេះ អាចថាគួរឲ្យខ្មាស់គេបន្តិច ប៉ុន្តែបើយើងគិតពីផលប្រយោជន៍គឺថា ទទួលបានផលចំណេញពី " តម្លៃទិញចូល និងលក់ចេញ" តាមគីឡូ។ ឧទាហរណ៍ បើទិញកំប៉ុងស្រាបៀរចូលតម្លៃថោក ហើយយកទៅលក់ឲ្យដេប៉ូធំ អាចចំណេញពី ១០០៛ ទៅ៣០០៛ ក្នុង ១គីឡូ។ តែចំណូលរកបាន ឬមិនបាន អាស្រ័យលើភាពសកម្មក្នុងការដើរទិញ និងទំហំទំនិញដែលប្រមូលបានក្នុងមួយថ្ងៃៗ ផងដែរ។
៥. បោកអ៊ុតសម្លៀកបំពាក់
ទទួលបោកអ៊ុតខោអាវ នេះក៏ជាមុខរបរដែលមិនបាច់ប្រើដើមទុនច្រើនដែរ។ ដោយយើងអាចចំណាយលុយទិញម៉ាស៊ីនបោកខោអាវ តម្លៃសមរម្យណាមួយ រួចដាក់បោកនៅផ្ទះខ្លួនឯងក៏បាន ឬអាចជិះម៉ូតូដើរប្រមូលតាមភូមិ រួចយកមកបោកនៅផ្ទះជាប្រចាំថ្ងៃ។ ប្រសិនបើទទួលបោកអ៊ុត គិតជាគីឡូ (១ គីឡូ ២០០០៛ – ២៥០០៛) នោះច្បាស់ជាឃើញប្រាក់ចំណេញ។
យ៉ាងណាមិញ មុខរបរទាំង ៥ខាងលើ ត្បិតតែថា វាសាមញ្ញៗ និងត្រូវប្រើកម្លាំងខ្លះបន្តិចមែន ប៉ុន្តែប្រសិនបើយើងព្យាយាម និងមិនខ្ជិលច្រអូស ជឿថានឹងអាចរកចំណូលបានច្រើន និងអាចពង្រីកការរកស៊ីបានធំជាងមុន និងឆាប់ធូរធារផងដែរ៕


