ចប់ទី១២ហើយៗមានបងប្អូន ជាច្រើននឹងត្រូវឡើងមករៀនបន្តនៅទីក្រុងភ្នំពេញ អ្នកខ្លះមកទាំងចិត្តចង់ពោរពេញដោយក្តីសង្ឃឹមថានឹងបានរត់តាមក្តីស្រមៃ តែអ្នកខ្លះប្រហែលជាមិនចង់ចាកចេញពីផ្ទះដ៏កក់ក្តៅ ចេញពីពុកម៉ែនោះទេ។ ប៉ុន្តែយ៉ាងណាមិញនេះគឺជារបត់ជីវិត ត្រូវបើកចិត្តទទួលយក និងប្រឹងប្រែងបន្តដំណើរទៅមុខ ស្វែងរកភាពជោគជ័យតូចៗឱ្យជីវិតជារៀងរាល់ថ្ងៃ។
ដូច្នេះថ្ងៃនេះចាបក្រហមសូមនាំយកនូវចំណុចចំនួន៣ ជូនដល់ប្រិយមិត្ត ដែលត្រូវឡើងមករៀននៅភ្នំពេញ ត្រូវដឹងឱ្យបានមុននិងបានយកទៅពិចារណា ជៀសវាងវង្វេងវង្វាន់គោលដៅ រៀនយូរៗទៅសល់តែឆ្នាំ ខាតលុយអ្នកផ្ទះ៖
១. ការរើសជំនាញ
មានក្តីស្រមៃមួយ មានគំនិតមួយ មានគោលដៅមួយ មិនទាន់គ្រប់គ្រាន់និងពេញលេញដូចការចាប់ផ្តើមធ្វើប្រកបដោយការប្រឹងប្រែងនោះទេ។
ការរើសជំនាញក៏ដូចគ្នាដែរ កុំរើសជំនាញតាមគ្នីគ្នា ត្រូវរើសជំនាញឱ្យចំទេពកោសល្យខ្លួនឯង តាមអ្វីដែលខ្លួនស្រឡាញ់ ហើយបើរើសជំនាញដែលគេមិនពេញនិយម គេនិយាយថាគ្មានទីផ្សារក៏ដោយក៏កុំរុញរា សំខាន់យើងច្បាស់ជាមួយខ្លួនឯង ជឿជាក់លើការសម្រេចចិត្តរបស់ខ្លូនឯង ប្រឹងប្រែងឱ្យខ្លាំង ព្រោះថាជំនាញមួយរៀន៤ឆ្នាំ មិនប្រាកដថាវាអាចកំណត់វាសនាពេញមួយជីវិតរបស់យើងនោះទេ ព្រោះជីវិតជាការរៀនហើយរៀនទៀត។
រៀនជំនាញអ្វីយើងអាចបំប្លែងវាទៅជាចំណូល ជាការងារបានដែរ ឱ្យតែយើងចេះច្បាស់ដូចច្បាប់ លោកតាក្រមង៉ុយ បានចែងថា «បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»។
មួយវិញទៀតទោះជារៀនជំនាញអ្វីក៏ដោយ ត្រូវរៀនភាសាយ៉ាងហោចណាស់ឱ្យបាន១ភាសា។ក្នុងនោះដូចប្រសាសន៍ អ្នកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំមួយនៅស្រុកខែ្មរបានឱ្យដឹងថា “ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន”។ ប្រសិនបើចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអាទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ។
២. ការសេពគប់
ការធ្វើទំនាក់ទំនង ឬការសេពគប់នឹងផ្ដល់ឱកាសខ្ពស់ដល់មនុស្សដែលចេះបង្កើតទំនាក់ទនងល្អជាមួយអ្នកដទៃ ហើយចំណេះដឹងជាច្រើនក៏បានកើតឡើងតាមរយៈការចែករំលែកគ្នាទៅវិញទៅមកនេះដែរ។ ប៉ុន្តែការធ្វើទំនាក់ទំនងនេះក៏អាចជះឥទ្ធិពលមិនល្អមកដល់យើងដែរ ខាតពេលវេលា ខាតបង់ប្រាក់កាក់ បើយើងរើសមនុស្សមករាប់អានខុស។
យ៉ាងណាមិញលោក Mark Zuckerberg ដែលជាមេធំ Facebook ក៏បានលើកឡើងដែរថាមិនមែនត្រឹមតែលោកឈប់រៀនហើយ ធ្វើ Facebook លោកអាចក្លាយជាសេដ្ឋីទេ តែវាបានពឹងផ្អែកទៅលើទំនាក់ទំនង និងមនុស្សដែលលោកបានសេពគប់ នៅមហាវិទ្យាល័យ។
មេធំរូបនេះបានបន្តថា “រឿងវាសំខាន់ត្រង់ថាតើនរណាដែលអ្នកបានចំណាយពេលវេលាជាមួយ ហើយអ្នកអាចនឹងក្លាយជានរណាម្នាក់បានអាស្រ័យលើមនុស្សដែលអ្នកសេពគប់ ខ្ញុំសង្កេតឃើញថាយុវជន មួយចំនួនធំមិនបានគិតដល់រឿងទំនាក់ទំនងនេះទេ ពួកគេគិតតែផ្តោតលើគោលដៅផ្ទាល់ខ្លួន និងមិនបាន ផ្តោតលើទំនាក់ទំនងដែលមានគុណភាពបំផុតនោះទេ”។
បន្ថែមពីនោះ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ធ្លាប់លើកឡើងអំពីប្រធានបទទំនាក់ទំនងយ៉ាងដូច្នេះដែរថា “មនុស្សដែលយើងចង់មានទំនាក់ទំនងល្អជាមួយគួរតែជាមនុស្សដែលអាចផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន មិនមែនមនុស្សដែលគិតតែរឿង ដើរលេង ផឹកស៊ីអត់ប្រយោជន៍ទេ ពីព្រោះជួនកាលពួកគេអាចទាញយើងទៅបាន បើយើងស្មារតីនៅខ្សោយ”។
៣. ការចំណាយ
ឡើងមករៀនភ្នំពេញដំបូង ការចាយវាយត្រូវប្រយ័ត្នប្រយែងបន្តិច ឃុំគ្រងអារម្មណ៍ខ្លួនឯងបន្តិច ព្រោះយើងនឹងបានឃើញរូបភាពកូនអ្នកក្រុងគេធូរធារ ដូច្នេះកុំហក់ចាយតាមគេ ដូចពាក្យចាស់លោកថា “ឃើញដំរី ជុះកុំជុះតាមដំរី” ។
នៅវ័យសិក្សាយើងប្រហែលមិនអាចរកចំណូលបានច្រើននោះទេ ព្រោះត្រូវផ្តោតរៀន រកបានក៏បានមួយទប់ៗចំណាយការសិក្សា និងការរស់នៅដែរ ដូច្នេះហើយបងប្អូនត្រូវចំណាយឱ្យត្រូវបទ ចំណាយឱ្យចំគោលដៅ កាត់បន្ថយការទិញសម្ភារៈនិយម ឡើងស៊េរីទូរស័ព្ទឬម៉ូតូ ការជួបជុំខាងក្រៅដែលចំណាយធំ កុំញាក់ញាប់ពេក។
មួយវិញទៀត ម្ហូបអាហារគួរធ្វើទទួលទានខ្លួនឯងឱ្យមានគ្រប់គ្រាន់ដើម្បីសុខភាពល្អ មានទម្លាប់រស់នៅស្អាតបាត ចេះសន្សំសំចៃ និងលៃច្នៃរៀបចំខ្លួនឯងឱ្យបានសមរម្យជាដើម។
ជាក់ស្តែងដូចជាបទពិសោធន៍លោក Alex Trias ជាមេធាវី ជនជាតិអាមេរិកមួយរូប ធ្លាប់បានយល់ខុសនៅក្នុងជីវិតយុវវ័យរបស់ខ្លួនថា ការដែលរស់នៅគឺដើម្បីរកលុយមកបំពេញគ្រប់ចំណង់ក្នុងជីវិតរបស់លោកគឺជារឿងត្រឹមត្រូវ តែការពិតទៅការមានតម្រូវការឱ្យតិច រស់នៅមិនលោភលន់តាមចំណង់ពេក ទើបជាការកម្សាន្តនឹងជីវិតក្នុងពេលបច្ចុប្បន្ន ហើយត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង។
ដូចពាក្យស្លោករបស់ លោក Jim Rohn ជាអ្នកនិពន្ធ ដ៏ល្បីឈ្មោះរបស់អាមេរិកបានឱ្យដឹងថា “បើយើងមិនពេញចិត្តនូវអ្វីដែលយើងកំពុងមានទេ យើងក៏មិនអាចតាមស្វែងរកអ្វីដែលយើងចង់បាន សម្រាប់អនាគតដែលយើងត្រូវការដែរ”៕
អត្ថបទដោយ៖ ពីង ជូអេង