ស្វែងយល់ពីពន្ធដារ! បើក្រុមហ៊ុនរកស៊ីគេចវេសមិនបង់ពន្ធជូនរដ្ឋ តើម្ចាស់ក្រុមហ៊ុននឹងប្រឈមបញ្ហាឬទោសអ្វីខ្លះ?
Toeuy HongJUNE 22 2026238 views

អ្នករកស៊ីជាច្រើនជួបបញ្ហាពន្ធដារ ជាពិសេសគឺត្រូវពន្ធដារ ពិន័យអស់លុយរាប់ម៉ឺនដុល្លារ ដោយសារតែពួកគាត់ចាប់ផ្ដើមបើក អាជីវកម្មនិងរកស៊ី តែមិនបានខ្វល់ខ្វាយស្វែងយល់ពីការចុះបញ្ជីឲ្យបានត្រឹមត្រូវតាមច្បាប់និងមិនបានស្វែងយល់ពីច្បាប់ពន្ធដារជាដើម។


ទាក់ទងនឹងការបើកក្រុមហ៊ុនឲ្យបានត្រឹមត្រូវនិងផ្នែកពន្ធដារនេះដែរ លោក គង់ គឹមសុផាត ស្ថាបនិក្រុមហ៊ុន Making It Easy ដែលជាក្រុមហ៊ុនផ្ដល់សេវាការចុះបញ្ជីក្រុមហ៊ុននិងការប្រកាសពន្ធ បានផ្ដល់បទសម្ភាសន៍ជាមួយ Business Cambodia ដោយលោកចែករំលែកចំណេះដឹងទាក់ទងនឹងផ្នែកពន្ធដារហើយលោកឆ្លើយសំណួរធំៗចំនួន៦ដូចខាងក្រោមនេះ៖

Kis
 
 ១.
បើក្រុមហ៊ុនរកស៊ីដោយគេចវេសមិនបង់ពន្ធជូនរដ្ឋ តើពួកគាត់នឹងប្រឈមបញ្ហាឬទោសអ្វីខ្លះ?
ការគេចវេសពន្ធ គឺជាកំហុសធ្ងន់ជាង ការយឺតយ៉ាវ ឬកំហុសបច្ចេកទេស។ បើក្រុមហ៊ុនមានចេតនាលាក់ចំណូល បង្កើតវិក្កយបត្រមិនពិត មិនប្រកាសចំណូលពិត ឬមិនបង់ពន្ធតាមច្បាប់ ក្រុមហ៊ុនអាចប្រឈមនឹងការពិន័យ ការប្រាក់បន្ថែម ការត្រួតពិនិត្យពន្ធ ការទាមទារបំណុលពន្ធត្រឡប់ក្រោយ (ការកំណត់ពន្ធឡើងវិញ) និងហានិភ័យផ្នែកច្បាប់ផ្សេងៗ។
តាមការអនុវត្តទូទៅក្នុងវិស័យពន្ធ ការដាក់លិខិតប្រកាសយឺត ឬបង់ពន្ធមិនគ្រប់ អាចនាំឲ្យមានពិន័យ និងការប្រាក់។


ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា សម្រាប់ម្ចាស់អាជីវកម្ម កុំរង់ចាំដល់ថ្ងៃមានបញ្ហា។ បើកន្លងមកមានកំហុស គួរឲ្យអ្នកជំនាញពិនិត្យឯកសារ កែតម្រូវ និងរៀបចំការអនុលោមភាពឲ្យបានឆាប់។ ការកែតម្រូវមុនពេលមានការត្រួតពិនិត្យ ឬសវនកម្មពន្ធ គឺល្អជាងការរង់ចាំឲ្យបញ្ហាកាន់តែធំ រហូតដល់មានការកំណត់ពន្ធឡើងវិញ។


សង្ខេបខ្លី៖
ការមិនយល់ពីពន្ធដារ អាចនាំឲ្យមានកំហុសដោយអចេតនា ប៉ុន្តែការគេចវេសពន្ធដារដោយចេតនា គឺជាបញ្ហាធ្ងន់ធ្ងរ ដែលអាចនាំឲ្យមានការពិន័យ ការប្រាក់បន្ថែម និងការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។សម្រាប់ខ្ញុំ អាជីវកម្មល្អមិនមែនគេចពន្ធទេ ប៉ុន្តែគឺរៀបចំពន្ធឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមច្បាប់។

Kim8
 
២. ចង់បើកក្រុមហ៊ុនឬអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់ តើម្ចាស់ក្រុមហ៊ុនត្រូវធ្វើដូចម្ដេច?
បើចង់បើកអាជីវកម្មឲ្យបានត្រឹមត្រូវ ម្ចាស់អាជីវកម្មគួរចាប់ផ្តើមពី ៣ ចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
ទី១. គឺត្រូវកំណត់ឲ្យច្បាស់ថា អាជីវកម្មរបស់ខ្លួនជាប្រភេទអ្វី។ ឧទាហរណ៍ ជាអាជីវកម្ម តូចបែបគ្រួសារ សហគ្រាសឯកបុគ្គល ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬប្រភេទអាជីវកម្មផ្សេងទៀត។ ការជ្រើសរើសរចនាសម្ព័ន្ធត្រឹមត្រូវសំខាន់ណាស់ ព្រោះវាពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកច្បាប់ ពន្ធដារ គណនេយ្យ និងការរីកចម្រើនទៅថ្ងៃក្រោយ។


ទី២. គឺត្រូវចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធតាមប្រភេទអាជីវកម្ម។ ក្រោយចុះបញ្ជីពាណិជ្ជកម្មហើយ ក្រុមហ៊ុនត្រូវបន្តចុះបញ្ជីពន្ធដារ ដូចជា ប៉ាតង់ និង VAT ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ការចុះបញ្ជី និងការបំពេញកាតព្វកិច្ចពន្ធ គឺជាផ្នែកសំខាន់នៃការដំណើរការអាជីវកម្មស្របច្បាប់។ គេហទំព័រអគ្គនាយកដ្ឋានពន្ធដារក៏បង្ហាញអំពីការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំផងដែរ។


ទី៣. គឺម្ចាស់អាជីវកម្មត្រូវមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងតាំងពីដើម ដូចជា កិច្ចសន្យា វិក្កយបត្រ គណនីធនាគារ ការកត់ត្រាចំណូលចំណាយ បញ្ជីប្រាក់បៀវត្ស បុគ្គលិក និងឯកសារពន្ធ។ អាជីវកម្មដែលរៀបចំត្រឹមត្រូវតាំងពីដើម នឹងងាយស្រួលពេលពង្រីក ស្វែងរកដៃគូ យកហិរញ្ញប្បទាន ឬធ្វើការជាមួយអតិថិជនធំៗ។


សង្ខេបខ្លី៖
ការបើកក្រុមហ៊ុនមិនមែនគ្រាន់តែចុះបញ្ជីឈ្មោះទេ។ ម្ចាស់អាជីវកម្មត្រូវរៀបចំរចនាសម្ព័ន្ធឲ្យត្រឹមត្រូវ ចុះបញ្ជីជាមួយស្ថាប័នពាក់ព័ន្ធ ចុះបញ្ជីពន្ធដារ និងមានប្រព័ន្ធគណនេយ្យ-ពន្ធតាំងពីថ្ងៃដំបូង។ នេះជាមូលដ្ឋាននៃអាជីវកម្មដែលអាចរីកចម្រើនបានយូរអង្វែង

Kim7
 
 ៣.
ប្រកបអាជីវកម្មដោយមិនចុះបញ្ជីឲ្យបានត្រឹមត្រូវ តើនឹងប្រឈមនឹងបញ្ហាអ្វីខ្លះ?
ការរកស៊ីដោយមិនចុះបញ្ជីត្រឹមត្រូវ អាចមើលទៅងាយនៅដំណាក់កាលដំបូង ប៉ុន្តែវាមានហានិភ័យច្រើន ហើយម្ចាស់អាជីវកម្មអាចនឹងជួបបញ្ហាដូចខាងក្រោមនេះ៖


បញ្ហាទី១. គឺបញ្ហាផ្នែកច្បាប់។ អាជីវកម្មដែលមិនបានចុះបញ្ជី អាចប្រឈមនឹងការពិន័យ ការត្រួតពិនិត្យ ឬការបញ្ជាឲ្យបញ្ឈប់សកម្មភាព ប្រសិនបើអាជីវកម្មនោះស្ថិតក្នុងលក្ខខណ្ឌ និងវិស័យដែលត្រូវមាន ការអនុញ្ញាតពីរដ្ឋ។
បញ្ហាទី២. គឺបញ្ហាជំនឿទុកចិត្ត។ នៅពេលអតិថិជន ដៃគូ ធនាគារ ឬក្រុមហ៊ុនធំៗចង់ធ្វើការជាមួយយើង ពួកគេតែងតែសួររកឯកសារក្រុមហ៊ុន វិក្កយបត្រពន្ធ កិច្ចសន្យា និងព័ត៌មានគណនីធនាគារក្រុមហ៊ុន។ បើអាជីវកម្មមិនច្បាស់លាស់ វាអាចបាត់បង់ឱកាសធំៗ។


បញ្ហាទី៣. គឺបញ្ហាការពារខ្លួន។ បើមានវិវាទជាមួយដៃគូ អតិថិជន បុគ្គលិក ឬអ្នកផ្គត់ផ្គង់ អាជីវកម្មដែលមិនមានឯកសារត្រឹមត្រូវ នឹងពិបាកការពារសិទ្ធិរបស់ខ្លួន។


សង្ខេបខ្លី៖
ការមិនចុះបញ្ជីអាជីវកម្ម អាចសន្សំបានតិចនៅថ្ងៃនេះ ប៉ុន្តែអាចខាតធំថ្ងៃក្រោយ។ វាធ្វើឲ្យបាត់បង់ជំនឿទុកចិត្ត បាត់ឱកាសធ្វើការជាមួយអតិថិជនធំៗ មិនអាចបើកគណនីក្រុមហ៊ុន ពិបាកសុំហិរញ្ញប្បទាន និងអាចប្រឈមនឹងការពិន័យផ្នែកច្បាប់។

Kim4
 
៤. តើម្ចាស់អាជីវកម្មនឹងជួបបញ្ហាប្រឈមអ្វីខ្លះ នៅពេលពួកគាត់មិនបានស្វែងយល់ពីពន្ធដារ?
បញ្ហាធំបំផុតគឺ ម្ចាស់អាជីវកម្មអាចមិនដឹងថាខ្លួនមានកាតព្វកិច្ចអ្វីខ្លះ។ ពន្ធមិនមែនមានតែពន្ធលើប្រាក់ចំណេញទេ។ អាជីវកម្មអាចពាក់ព័ន្ធនឹងពន្ធប៉ាតង់ VAT ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម និងការដាក់លិខិតប្រកាសពន្ធប្រចាំខែ ឬប្រចាំឆ្នាំ។ GDT មានប្រព័ន្ធ និងកាលកំណត់សម្រាប់ការដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ/ឆ្នាំ ដែលអាជីវកម្មត្រូវតាមដានឲ្យបានទៀងទាត់។
 

បញ្ហាបន្ទាប់ គឺការគិតថ្លៃសេវា និងតម្លៃលក់ខុស។ ម្ចាស់អាជីវកម្មមួយចំនួនលក់ទំនិញ ឬសេវា ដោយមិនបានគិតបញ្ចូលចំណាយពន្ធ និងចំណាយអនុលោមភាពផ្សេងៗ។ ចុងក្រោយ ក្រុមហ៊ុនមើលទៅមានចំណូល ប៉ុន្តែប្រាក់ចំណេញពិតប្រាកដតិច ឬក្លាយជាខាត។


បញ្ហាទីបី គឺពេលពន្ធត្រួតពិនិត្យ ឯកសារមិនគ្រប់។ បើមិនរក្សាវិក្កយបត្រ កិច្ចសន្យា បញ្ជីធនាគារ និងបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ ក្រុមហ៊ុននឹងពិបាកបង្ហាញភស្តុតាង និងពិបាកដោះស្រាយជាមួយអាជ្ញាធរ។


សង្ខេបខ្លី៖
ម្ចាស់អាជីវកម្មមិនចាំបាច់ក្លាយជាអ្នកជំនាញពន្ធទេ ប៉ុន្តែត្រូវយល់ចំណុចមូលដ្ឋាន។ ពន្ធប៉ះពាល់ដល់តម្លៃលក់ ប្រាក់ចំណេញ លំហូរសាច់ប្រាក់ ការពិន័យ និងសុខភាពរយៈពេលវែងរបស់ក្រុមហ៊ុន។ បើមិនយល់ពន្ធ អាជីវកម្មអាចរកលុយបាន ប៉ុន្តែមិនប្រាកដថាចំណេញពិតទេ។

Kim

៥. បើក្រុមហ៊ុនក្ស័យធន ម្ចាស់ក្រុមហ៊ុន ប្រកាសពីការក្ស័យធន តែមានជំពាក់បំណុលពន្ធ តើបំណុលពន្ធត្រូវបានលើកលែងទេ?
ជាទូទៅ បំណុលពន្ធមិនមែនបាត់ទៅដោយសារម្ចាស់ក្រុមហ៊ុនប្រកាសថាក្រុមហ៊ុនក្ស័យធន ឬបិទអាជីវកម្មនោះទេ។ ក្រុមហ៊ុននៅតែត្រូវដោះស្រាយកាតព្វកិច្ចពន្ធដែលនៅសល់ជាមួយអាជ្ញាធរពន្ធ មុនពេលបិទ ឬរំលាយក្រុមហ៊ុនឲ្យបានពេញលេញ។
ក្នុងដំណើរការរំលាយក្រុមហ៊ុននៅកម្ពុជា ការទទួលបាន tax clearance ឬការបញ្ជាក់ថាកាតព្វកិច្ចពន្ធត្រូវបានដោះស្រាយ គឺជាចំណុចសំខាន់មួយ មុនពេលបន្តបិទឈ្មោះនៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុនដែលបានបំពេញកាតព្វកិច្ចពន្ធ និងទទួលបាន tax clearance ទើបអាចបន្តដំណើរការរំលាយ និងលុបឈ្មោះបាន។

Kim2
៦. បើរកស៊ីមិនទៅមុខ ចង់បិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ តើម្ចាស់ក្រុមហ៊ុនត្រូវធ្វើដូចម្ដេច?
បើអាជីវកម្មមិនដំណើរការ ឬម្ចាស់ក្រុមហ៊ុនចង់បិទក្រុមហ៊ុន កុំទុកក្រុមហ៊ុនចោល។ នេះជាកំហុសដែលម្ចាស់អាជីវកម្មជាច្រើនធ្វើ។ បើមិនបិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ ក្រុមហ៊ុននៅតែអាចមានកាតព្វកិច្ចពន្ធដារ ដូចជា ការដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងបញ្ហាផ្សេងៗតាមក្រោយ។


ជំហានដំបូង គឺត្រូវពិនិត្យស្ថានភាពក្រុមហ៊ុនជាមុនសិន។ តើមានបំណុលពន្ធទេ? មានបំណុលអតិថិជន អ្នកផ្គត់ផ្គង់ បុគ្គលិក ឬធនាគារទេ? តើឯកសារគណនេយ្យ​ និងពន្ធដារ បានដាក់គ្រប់ខែឬនៅ ត្រឹមត្រូវទេ?


ជំហានទីពីរ គឺត្រូវរៀបចំឯកសាររំលាយក្រុមហ៊ុន ដូចជា សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬដៃគូ របាយការណ៍រំលាយ បញ្ជីទ្រព្យសម្បត្តិ បំណុល និងឯកសារពន្ធផ្សេងៗទៀត។ ដំណើរការរំលាយអាចត្រូវការពេលវេលា ព្រោះពាក់ព័ន្ធនឹងការពិនិត្យឯកសារ និងការដោះស្រាយកាតព្វកិច្ចពន្ធ។ ដំណើរការរំលាយក្រុមហ៊ុនអាចចំណាយពេលប្រហែល ៦ ទៅ ១២ ខែ អាស្រ័យលើភាពស្មុគស្មាញ និងការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់អាជីវកម្មផ្ទាល់។


ជំហានទីបី គឺត្រូវដោះស្រាយជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបិទកាតព្វកិច្ចពន្ធ ឬស្នើសុំ tax clearance បន្ទាប់មកបន្តដំណើរការរំលាយ/លុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។


សង្ខេបខ្លី៖
បើអាជីវកម្មមិនទៅមុខ កុំទុកក្រុមហ៊ុនចោល។ ត្រូវបិទឲ្យបានត្រឹមត្រូវ ដោយពិនិត្យបំណុល ពិនិត្យពន្ធ រៀបចំបញ្ជីគណនេយ្យ ដោះស្រាយកាតព្វកិច្ចជាមួយពន្ធដារ និងបន្តលុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។ ការបិទត្រឹមត្រូវ ជួយការពារម្ចាស់ក្រុមហ៊ុនពីបញ្ហាថ្ងៃក្រោយ។

Kim3
សារសំខាន់សម្រាប់អ្នកអាន
ខ្ញុំចង់ផ្ញើសារទៅម្ចាស់អាជីវកម្មខ្មែរ ថាការចុះបញ្ជីអាជីវកម្ម ការធ្វើបញ្ជីគណនេយ្យ និងការបង់ពន្ធអោយបានត្រឹមត្រូវ មិនមែនគ្រាន់តែជាបន្ទុកប៉ុណ្ណោះទេ។ វាជាមូលដ្ឋានគ្រឹះនៃអាជីវកម្មដែលមានសុវត្ថិភាព មានជំនឿទុកចិត្ត និងអាចរីកចម្រើនបានយូរ។ បើចង់ធ្វើអាជីវកម្មឲ្យធំ ត្រូវចាប់ផ្តើមពីការធ្វើឲ្យត្រឹមត្រូវជាមុនសិន។


អំពី Making It Easy
Making It Easy
គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយគ្រប់គ្រងអាជីវកម្មបែប End-to-End នៅកម្ពុជា សម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន SME ក្រុមហ៊ុនបរទេស និងថ្នាក់ដឹកនាំ C-Level


ក្រុមហ៊ុន ជួយគាំទ្រចាប់ពីការចូលទីផ្សារ ការចុះបញ្ជីក្រុមហ៊ុន គណនេយ្យ ពន្ធដារ អនុលោមភាព HR អចលនទ្រព្យសម្រាប់អាជីវកម្ម ការពង្រីកអាជីវកម្ម រហូតដល់ការបិទ ឬរំលាយក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។
គោលបំណងរបស់ Making It Easy គឺជួយឲ្យម្ចាស់អាជីវកម្ម អាចដំណើរការអាជីវកម្ម បានត្រឹមត្រូវ ស្របច្បាប់ កាត់បន្ថយហានិភ័យ ចំណេញថវិកាលើការផាកពិន័យផ្សេងៗ និងផ្តោត លើការរីកចម្រើនរយៈពេលវែង។
Website: www.makingiteasycambodia.com
និង www.makingiteasy.com.kh
Facebook: Making It Easy Cambodia
Telegram: https://t.me/MakingItEasy_smart

WhatsApp: https://wa.me/qr/OUJYQ47XA6WPP1

Tel: +855 70 914 201 / +855 85 914 201

Sba

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia