ការប្រើជីវិតបែបកសិករ ពេលខ្លះអាចនឹងហត់នឿយរូបរាងកាយបន្តិចមែន ប៉ុន្តែក៏អាចមានសន្តិភាពផ្លូវចិត្តច្រើន ព្រោះយើងអាចផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ រីឯភោគផលដំណាំទៀតសោត ក៏ធ្វើឱ្យបងប្អូនកសិករមានសេចក្ដីត្រេកអរ រាល់ពេលដល់រដូវច្រូតកាត់ប្រមូលផលម្ដងៗ។
ជាក់ស្ដែងក្នុងនាមជាអ្នកជំនួញផង ហើយក៏ជាកសិករផង បុរសរូបស្រស់វ័យកណ្ដាលដែលចូលចិត្តប្រើជីវិតឯកជនម្នាក់ មិនចូលចិត្តបញ្ចេញអត្តសញ្ញាណជាសាធារណៈ ត្រូវគេស្គាល់ថាជាម្ចាស់ហាងកាហ្វេ Farm Coffee និងជាកូនប្រុសម្ចាស់ចម្ការមួយកន្លែងនៅលើទឹកដីខេត្តបាត់ដំបង លោកបានរៀបរាប់ថា ចាប់តាំងពីពេលដែលបើកភ្នែកធំដឹងក្ដីមក ចម្ការមួយកន្លែងដែលលោកមាននេះ ជាកន្លែងដ៏អស្ចារ្យបំផុត ព្រោះតាំងតែពីក្មេងមកទល់នឹងពេលនេះ លោកមានអនុស្សាវរីយ៍រាប់មិនអស់ជាមួយនឹងចម្ការនេះ ព្រោះវាបានផ្សារភ្ជាប់ជីវិត ជាមួយនឹងធម្មជាតិ ប្រៀបបាននឹងឱសថដែលព្យាបាលអារម្មណ៍ធុញថប់ ហើយក៏ជាកន្លែងដែលសាកថ្មឱ្យជីវិត ជៀសផុតពីសំឡេងអ៊ូអរក្នុងទីក្រុងផងដែរ។
ចម្ការមួយកន្លែងនេះមានអ្វីៗចម្រុះគ្នាជាច្រើនប្រភេទដែលជីវិតត្រូវការរួមមានទាំង៖ ព្រៃភ្នំពណ៌ខៀវខ្ចី ផ្ទៃមេឃខៀវស្រងាត់ ផ្ទៃទឹកដ៏លាតសន្ធឹងថ្លាដូចកញ្ចក់ ហ្វូងសត្វព្រៃ ទន្សោង ជ្រូកព្រៃ ហ្វូងសត្វក្ងោកជាច្រើនក្បាល ហ្វូងស្វា ហ្វូងបក្សាបក្សី ការចិញ្ចឹមគោរាប់រយក្បាល ដំណាំដំឡូង ស្វាយ ដូងប្រេង រីឯរដូវវស្សាមានវាលពោតខៀវស្រងាត់ដាច់កន្ទុយភ្នែក…ដែលគ្រួសារលោកតែងតែខិតខំថែរក្សា តាំងតែពីដើមមករហូតមកទល់នឹងបច្ចុប្បន្ន។
លោកបានបន្ថែមថា ចម្ការមួយនេះ មិនត្រឹមតែមានអត្ថន័យ និងមានអនុស្សាវរីយ៍យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ប៉ុន្តែការចិញ្ចឹមជីវិត និងការស្វែងរកប្រាក់ចំណូល ដើម្បីសិក្សារៀនសូត្រ មួយផ្នែកធំក៏បានមកពីការប្រកបរបរកសិកម្មក្នុងកសិដ្ឋានមួយនេះផងដែរ ទើបធ្វើឱ្យលោកមានចំណេះ ជំនាញ រហូតហ៊ានចេញមកធ្វើជំនួញហាងកាហ្វេដូចពេលបច្ចុប្បន្ន។
ដើម្បីជាការដឹងគុណដល់លោកឪពុកជាទីគោរព ព្រមទាំងមានបំណងចង់ពាំនាំយកក្ដីស្រលាញ់ មនោសញ្ចេតនា និងអនុស្សាវរីយ៍ដែលធ្លាប់ទទួលបានពីកសិដ្ឋានមកឱ្យមហាជនបានស្គាល់ផង លោកក៏សម្រេចចិត្តចេញមកបើកហាងកាហ្វេដ៏ពិសេសមួយនៅបាត់ដំបងឈ្មោះថា Farm Coffee ដែលហាងនេះគឺកើតចេញពីការស្រលាញ់សុទ្ធសាធ ដែលអាចបង្កើតនូវអារម្មណ៍ពិសេសប្លែកដល់អតិថិជនរបស់ខ្លួន ទាំងអស់អាចពាល់អារម្មណ៍ ប្រៀបបាននឹងពេលដែលគាត់ទៅលេងនៅចម្ការរបស់លោកផងផ្ទាល់ផងដែរ។
Farm Coffee មានចំណុចពិសេសធំៗគឺ ពេលព្រឹកនិងពេលថ្ងៃមានលក់កាហ្វេដែលមានរសជាតិឆ្ងាញ់ពិសា ជាមួយបរិយាកាសស្រស់ស្រាយបំផុត។ រីឯពេលយប់វិញ គឺមានលក់ម្ហូបអាហារឆ្ងាញ់ៗ ក្លែមជាមួយសំឡេងតន្ត្រីស្រទន់ពិរោះរណ្ដំចិត្ត ដែលសក្តិសមបំផុតសម្រាប់បងប្អូនដែលមានអារម្មណ៍នឿយហត់ពីការងារ និងចង់រកកន្លែងមួយសម្រាកលម្ហែជាមួយអាហារឆ្ងាញ់ៗ និងតន្ត្រីពិរោះៗរំសាយអារម្មណ៍។
បើតាមប្រសាសន៍របស់ម្ចាស់ Farm Coffee បានឱ្យដឹងថា “អាជីវកម្មកាហ្វេរបស់ខ្ញុំមួយនេះ មិនបានបង្កើតឡើងមកដោយផ្ដោតលើប្រាក់ចំណេញជាធំនោះទេ ប៉ុន្តែវាគឺជាហាងដែលខ្ញុំបង្កើតឡើងមកដោយក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ចង់រំលឹកអនុស្សាវរីយ៍ពីក្មេងៗ ចង់ឱ្យមនុស្សភាគច្រើនបានស្គាល់ពីកសិដ្ឋាន និងចង់បង្ហាញទៅលោកឪពុកខ្ញុំឱ្យលោកបានឃើញថា ខ្ញុំអាចបើកហាងមួយដែលបង្កប់អត្ថន័យជ្រាលជ្រៅផ្សារភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍នៅចម្ការ និងអាចទាក់ទាញមនុស្សជាច្រើនឱ្យមកគាំទ្រចំពោះហាងខ្ញុំ។ ប៉ុន្តែមកទល់នឹងពេលនេះ ខ្ញុំអាចធ្វើបានហើយ ព្រោះ Farm Coffee មានអតិថិជនទទួលស្គាល់ច្រើនហូរហែរ ទាំងរសជាតិកាហ្វេ រសជាតិម្ហូបអាហារពេលយប់ និងបរិយាកាសហាងផងដែរ”។
ជាសារខ្លីចុងក្រោយរបស់លោក គឺចង់ឱ្យយុវជនជំនាន់ក្រោយគឺចេះដឹងគុណ ចេះស្រលាញ់ធម្មជាតិ ហ៊ានចេញរកស៊ីដោយប្រើក្ដីស្រលាញ់ មិនគួរផ្ដោតលើប្រាក់ចំណូលជាធំពេកទេ និងគួរខំប្រឹងបង្កើតនូវអនុស្សាវរីយ៍ល្អៗដែលមានអត្ថន័យសម្រាប់ជីវិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះរាល់អនុស្សាវរីយ៍ល្អៗទាំងនោះ វានឹងធ្វើឱ្យជីវិតកាន់តែមានអត្ថន័យ ជីវិតពោរពេញដោយស្នាមញញឹម មានក្ដីសង្ឃឹម រាល់ពេលនឹកឃើញដល់រឿងរ៉ាវទាំងនោះម្ដងៗ ទោះបីជាពេលវេលាល្អៗទាំងនោះបានរសាត់អណ្ដែតកន្លងផុតទៅយូរយ៉ាងណាក៏ដោយ៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ Farm Coffee