ជីវិតមនុស្សយើងគឺប្រែប្រួលទៅតាមពេលវេលា ពេលមិនទាន់រៀបការជីវិតរស់នៅម្នាក់ឯងគឺបែបផ្សេង តែក្រោយពេលរៀបការអ្នកត្រូវមានបន្ទុកជាច្រើនដែលត្រូវរាប់រង។ គ្រួសារខ្លះរៀបការរួចជីវិតកាន់តែមានបាន រស់នៅធូធារលុយចាយវាយមិនអស់ តែគ្រួសារខ្លះការរួចបែរជាប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយមិនដឹងខ្លួន។ មូលហេតុមិនមែនព្រោះរកបានតិចពេកទេ ប៉ុន្តែព្រោះគ្មានផែនការ និងគ្មានការយល់ចិត្តគ្នារវាងប្ដីប្រពន្ធក្នុងការគ្រប់គ្រងលុយ។ ហើយនេះគឺជារឿងចម្បង ៥ ដែលប្ដីប្រពន្ធគួរតែធ្វើរួមគ្នា៖
១. ត្រូវមានគោលដៅហិរញវត្ថុរួមគ្នា៖ គ្រួសារមួយបើចង់ឱ្យជីវិតធូរធារ ត្រូវចាប់ផ្ដើមពីការអង្គុយនិយាយគ្នាឱ្យច្បាស់អំពីគោលដៅអនាគាត។ គោលដៅនេះមិនមែនកំណត់ត្រឹមមួយថ្ងៃ មួយខែ ឬមួយឆ្នាំ តែត្រូវគិតចាប់ពី ៥ ទៅ ១០ ឆ្នាំក្រោយថា ជីវិតគ្រួសារអ្នកទាំងពីរចង់បានអ្វី ចង់បានផ្ទះ មានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ពេលមាបញ្ហា ឬក៏ចង់ឱ្យកូនរស់នៅមានជីវិតសុខសប្បាយ ទទួលបានការអប់រំគ្រប់គ្រាន់ នៅក្នុងសាលាល្អៗរៀនជាមួយគ្រូល្អៗ។ ពេលប្ដីប្រពន្ធមានគោលដៅដូចគ្នា អ្នកទាំងពីរនឹងចេះពីរបៀបក្នុងការសន្សំហើយមិនចាយលុយតាមអារម្មណ៍ទៀតនោះទេ ហើយជីវិតគូក៏មិនងាយនឹងរង្គោះរង្គើរដែរ។
២. បង្កើតចំណូលថែម កុំពឹងតែលើប្រាក់ខែ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា ប្រាក់ខែតែមួយច្រកអាចបាត់បង់នៅពេលណាក៏បាន។ ដូច្នេះបើសិនជាអ្នកទាំងពីរមានគោលដៅរួមគ្នាច្បាស់លាស់ហើយ ត្រូវគាំទ្រគ្នាឱ្យរកចំណូលបន្ថែម តាមសមត្ថភាព និងជំនាញដែលខ្លួនមាន។ ចំណូលបន្ថែមអ្នកអាចចាប់ផ្ដើមជាមួយអាជីវកម្មតូចៗដូចជា លក់អនឡាញ ឬធ្វើការជា Freelance ក៏បានវាមិនធ្វើឱ្យប៉ះពាល់ដល់ការងារចម្បងហើយបន្ថែមចំណូលពីលើទៀត។
៣. ត្រូវចេះគ្រប់គ្រងលើការចំណាយ៖ បើអ្នករកចំណូលបានច្រើនហើយចាយច្រើនដូចគ្នានោះច្បាស់ជាមិនសល់អ្វីឡើយ បញ្ហាធំរបស់គ្រួសារជាច្រើន គឺចាយលុយមិនចេះគិត ចាយតាមគេ ចាយតាមបណ្ដាញសង្គម ហើយចុងក្រោយជាប់បំណុល គ្មានច្រកចេញ។ គ្រួសារដែលចង់ធូរធារ ត្រូវរៀនរស់នៅតាមសមត្ថភាពរបស់ខ្លួន មិនប្រកួតប្រជែងជាមួយអ្នកដទៃ និងមិនយកមុខមាត់ជាងអនាគត។ លុយគួរត្រូវបានប្រើសម្រាប់រឿងចាំបាច់ជាមុនសិន មុននឹងគិតដល់រឿងបង្អួតបង្ហាញតាមបណ្ដាញសង្គម។
៤. ចេះសន្សំលុយ និងចេះវិនិយោគ៖ នេះជាគន្លឹះសំខាន់បំផុតក្នុងការបង្កើតទ្រព្យសម្បត្តិ គ្រួសារដែលមានគំនិតគិតវែងឆ្ងាយ តែងតែសន្សំជាប្រចាំមិនថាចំណូលរកបានតិចឬច្រើនក៏ដោយ។ ប្រាក់សន្សំនេះ អាចជួយអ្នកពេលមានជំងឺ ពេលបាត់ការងារ ឬពេលមានវិបត្តិផ្សេងៗ។ លើសពីនេះ ប្ដីប្រពន្ធគួររៀនអំពីការវិនិយោគ ដើម្បីឱ្យលុយធ្វើការឱ្យខ្លួន មិនមែនខ្លួនធ្វើការដើម្បីលុយតែមួយមុខទេ។ ការវិនិយោគត្រូវធ្វើដោយការពិភាក្សាគ្នា និងយល់ព្រមពីគ្នាទាំងសងខាង មិនត្រូវធ្វើដោយលួចលាក់ លាក់បាំងពីគ្នាឡើយ។
៥. ត្រូវបង្កើនសមត្ថភាពខ្លួនឯងជានិច្ច៖ ក្រៅពីលុយ សមត្ថភាពក៏ជាទ្រព្យដ៏មានតម្លៃ។ ប្ដីប្រពន្ធដែលចង់មានអនាគតល្អ ត្រូវរៀន និងអភិវឌ្ឍខ្លួនជានិច្ច។ ពិភពលោកមានការផ្លាស់ប្តូរលឿនណាស់ ជំនាញដែលមានតម្លៃថ្ងៃនេះមិនប្រាកដថាវាមានតម្លៃនៅថ្ងៃអនាគតទេ ចឹងហើយអ្នកត្រូវរៀនអ្វីថ្មីៗកុំឱ្យខាន។ អ្នកអាចរៀនបន្ថែមអំពីហិរញ្ញវត្ថុ អាជីវកម្ម និងបច្ចេកវិទ្យា នេះគឺជាការវិនិយោគលើខ្លួនឯងដែលមានផលចំណេញខ្ពស់បំផុត។
គួរបញ្ជាក់ថា ប្ដីខំ ប្រពន្ធប្រឹង មិនមែនមានន័យថាខំរកតែលុយទេ តែមានន័យថា ត្រូវខំគិតរួមគ្នា ខំទ្រាំរួមគ្នា និងខំសន្សំរួមគ្នា។ គ្រួសារដែលមានលុយច្រើនមិនប្រាកដថាជាគ្រួសារតែមានសុភមង្គល ប៉ុន្តែគ្រួសារដែលចេះយល់ចិត្តគ្នា ចេះដឹងពីរបៀបគ្រប់គ្រងលុយនោះទើបគួរឱ្យសរសើរ។ ពេលប្ដីប្រពន្ធមានគោលដៅដូចគ្នា មានផែនការដូចគ្នា និងដើរទៅមុខជាមួយគ្នា ទ្រព្យសម្បត្តិនឹងកើនឡើងតាមពេលវេលា ហើយជីវិតគ្រួសារនឹងកាន់តែមានសុភមង្គល ហើយរឹងមាំ៕


