រោងចក្រផលិតគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានសរុប ១១ ទីតាំងហើយ
Bunthoeun KoemJULY 3 202610 views

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចូលរួម សម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ដែលបានធ្វើឲ្យវិស័យយានយន្ត នៅកម្ពុជាកាន់តែរីកចម្រើន ហើយធ្វើឲ្យផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជាបានកើនដល់ចំនួន១១ទីតាំង។

 

យោងតាមក្រសួងឧស្សាហកម្ម បានឲ្យដឹងថានៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្តុំ និងដំឡើងរថយន្តបានប្រមាណ ៣៧ ៩០០ គ្រឿងក្នុងមួយឆ្នាំ។

 

Photo 2026 07 03 11 30 33

 

គិតរហូតមកដល់បច្ចុប្បន្ន បរិមាណរថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប ១៧៣ ៤៧៣ គ្រឿង ហើយរថយន្តទាំងនេះបាននិងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។ បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត ដែលកំពុងដំណើរការសង្វាក់ផលិតកម្មនៅកម្ពុជា រួមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រថយន្ត I SUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើង រថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។ បន្ថែមពីនោះក៏មានរោងចក្ររថយន្ត GAC និងរោងចក្ររថយន្ត Chevrolet នៅខេត្តកំពង់ឆ្នាំងផងដែរ។

 

សូមបញ្ជាក់ថាការរីកចម្រើននៃផលិតកម្មគ្រឿងបង្គុំ និងដំឡើងរថយន្តនៅកម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម ដោយជួយបង្កើតការងារជំនាញ បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការចំណាយលើការនាំចូល ដែលធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានរថយន្តយកទៅប្រើប្រាស់ក្នុងតម្លៃកាន់តែសមរម្យ។

Photo 2026 07 03 11 30 37

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia