បណ្តាញសង្គម Facebook គឺជាវេទិកាដែលមានអ្នកប្រើប្រាស់ច្រើនបំផុតនៅកម្ពុជា។ យ៉ាងណាមិញបណ្តេញសង្គមនេះក៏តែងតែដូរគោលការណ៍ឬក៏ Update របៀបប្រើប្រាស់ផ្សេងៗ ធ្វើឱ្យការផុសខ្លះរបស់អ្នកផលិតមាតិកាខុស ពីអ្វីដែលហ្វ៊េសប៊ុកចង់បាន។
ក្នុងនោះបើតាម Facebook for Creators បានបញ្ជាក់ថាមានរបៀបផុសចំនួន៥ ដែលធ្វើឱ្យមាតិកាមានអ្នកមើលច្រើន។
១. ផុសវីដេអូ Reel៖ សម្រាប់ការបង្កើតវីដេអូហ្វ៊េសបុកបានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកាបង្កើតវីដេអូ Reel ដែលមានរយៈពេលក្រោម១នាទីជាជាងវីដេអូដែលមានរយៈពេលវែង ដែលធ្វើឱ្យអ្នកមើល មិននៅតាមដានមាតិកាឬមើលបានចប់ចុងចប់ដើម។
២. ផុសឱ្យជាប់លាប់៖ ហ្វ៊េសបុកបានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បង្កើតមាតិកាដែលថ្មីនិងជារបស់ខ្លួនឯង ផុសឱ្យបានជាប្រចាំជាប់លាប់ ដើម្បីទាក់ទាញឱ្យមានអ្នកតាមដានថ្មីៗ និងធ្វើឱ្យគេត្រឡប់មកមើលមាតិការបស់អ្នកម្តងហើយម្តងទៀត។
៣. ផុសដាក់កាលវិភាគទុកមុន៖ ការដាក់កាលវិភាគមុនផុស គឺពិតជាសំខាន់មែនទែន ដែលហ្វ៊េសបុកលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ធ្វើ ដើម្បីអនុញ្ញាតឱ្យមាតិការបស់អ្នក ផុសត្រូវម៉ោងនិងពេលវេលា ហើយហ្វ៊េសប៊ុកមានពេលវាយតម្លៃមាតិការបស់អ្នក ដើម្បីរុញមាតិកានោះទៅកាន់អតិថិជនប្រភេទណាមួយ កំពុងស្វែងរកនិង ត្រូវការមើលមាតិកាអ្នក។
៤. សន្ទនាជាមតិយោបល់៖ បង្កើតកិច្ចសន្ទនា សួរសំណួរទូលំទូលាយ ដែលអាចឱ្យអ្នកមើលមាតិការបស់អ្នកបានបញ្ចេញមតិយោបល់ តាមរយៈ Caption, Comment, Mention និង DM ឬបង្កើតគ្រុបសហគមន៍ ក្នុងការសន្ទនាលើប្រធានបទអ្វីមួយ។
៥. វាស់ស្ទុង់និងកែតម្រូវមាតិកា៖ ជាអ្នកប្រើប្រាស់ហ្វ៊េសប៊ុកបានលើកទឹកចិត្តខ្លាំងឱ្យអ្នកផលិតមាតិកាស្វែងយល់និងគ្រប់គ្រងវាស់ស្ទង់ ថាមាតិការបស់អ្នកអាចផ្ទុះឡើងក្នុងកម្រិតណា ហើយត្រូវតែឧស្សាហ៍តាមដាននិងវាយតម្លៃថាមាតិការបស់អ្នកគួរតែកែប្រែនិងផ្លាស់ប្តូរចំណុចណាខ្លះ ដើម្បីទាក់ទាញអ្នកតាមដានថ្មីៗនិងច្រើនប្រភេទឱ្យមកទស្សនា៕
អត្ថបទដោយ៖ ពីង ជូអេង